អ្នក​ជិត​ខាង​ចាក់ធុងបាសឮៗរំខាន​ពេល​យប់​ កុំ​ទ្រាំ​អី​អាច​ដោះ​ស្រាយ​បែប​នេះ​

  • 2019-10-30 01:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​​ពេល​ជួបជុំ​គ្នា​បាន​បើក​ភ្លេងឬ​ច្រៀង​តាម​ឧបករណ៍​បំពង​សំឡេង​ក្នុង​កម្រិត​ឮៗ​បង្កការ​រំខាន​ដក់​អ្នក​ជិត​ខាង​នៅ​ពេល​រាត្រី។ ករណី​នេះ​ប្រ​ជា​ពល​រដ្ឋ​ខ្លះ​​បាន​ជូន​ដំណឹង​ដល់​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ និង​ខ្លះ​ទៀត​ទំនងជា​ទ្រាំស្ដាប់​​ទម្រាំ​អ្នក​ជិត​ខាង​បិទ​ដោយ​ខ្លួន​ង។

(រូបភាព៖ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ)​

ទោះ​យ៉ាង​ណា​ស្ន​ងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​រំឭក​ថា​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ឲ្យ​មាន​ដែន​កំណត់ និង​ត្រូវ​​ចេះ​គោរព​សិទ្ធិ​អ្នក​ដទៃ។ ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​លើក​ឡើង​ដូច​នេះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពីយប់​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០១៩ ខណៈ​ពេល​ដែល​សមត្ថកិច្ច​មូល​ដ្ឋាននៅ​ចាក់​អង្រែលើ និង​ប៉ុស្ដិ៍​ផ្សារ​ដេប៉ូ​៣​ចុះ​ធ្វើ​ការ​ទាំង​យប់​​ដើម្បី​អប់រំ និង​ណែនាំ​អ្នក​ចាក់​ធុងបាសបង្ក​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង។

ការ​ចុះ​អប់រំ និង​ណែ​នាំ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​មតិយោបល់​របស់​អ្នក​ជិត​ខាង​បង្ហោះ​ចូល​ក្នុង​ផេក​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ការ​ផ្ញើព័ត៌មាន​ទៅ​កាន់​ផេក​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​គឺ​ឃើញ​ថា​មាន​វិធាន​ការ​ជូន​ពល​រដ្ឋ ដូចជា​នៅ​ម៉ោង​៨​យប់​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០១៩ ក៏មាន​​ពល​រដ្ឋ​សង្កាត់​ទឹក​ថ្លា​បាន​រាយការណ៍​ទៅ​កាន់​ស្នងការ​ដ្ឋាននគរបាល​​រាជធានី​ដូច​គ្នា ហើយ​សមត្ថកិច្ចក៏បាន​ចុះ​មក​អប់រំ និង​ណែ​នាំ​អ្នក​ចាក់ធុងបាស​មាន​សំឡេង​ឮខ្លាំងបង្ក​ការ​រំខាន​ដល់អ្នក​ជិត​ខាងឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។

មួយ​រយៈ​ចុងក្រោយ​នេះ​ការ​ចាក់​ឧបករណ៍​បំពង​សំឡេង​ឮៗនេះ​ឃើញ​មាន​កើត​ឡើង​​ច្រើន​ស្រប​​ពេល​ដែល​ឧបករណ៍​នេះ​សម្បូរបែប ហើយ​មាន​តម្លៃ​ដែល​មនុស្ស​ភាគច្រើន​ងាយ​នឹង​ទិញ​ប្រើប្រាស់​បាន​៕

អត្ថបទ៖ ជំនោរ