ភ្នាក់ងារ​កីឡាករ​ម្នាក់ ​បង្ហាញ​កីឡាករ​ល្អ​ៗ​៨​រូប ​មក​ពី​ព័រទុយហ្គាល់ កូឡុំប៊ី ​និង​ប្រេស៊ីល​

  • 2019-10-30 03:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Eselemo Fred ​ភ្នាក់ងារ​ទីផ្សារ​កីឡាករ​បរទេស​នៅ​កម្ពុជា ​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី​៨​រូប​មក​ពី​៣​ប្រទេស​ផ្សេង​គ្នា​មាន ព័រទុយហ្គាល់ ​ប្រេស៊ីល​និង​កូឡ៊ុំប៊ី ​សម្រាប់​ក្លឹប​ទាំងអស់​នៅ​កម្ពុជា​ទិញ​យក។

លោក Eselemo Fred ​គឺ​ជា​អ្នក​ដឹក​នាំ​ក្រុម​បាល់ទាត់ African All Stars ​នៅ​កម្ពុជា ​ហើយ​ក៏​ជា​អ្នក​នាំ​កីឡាករ​បរទេស​ចូល​មក ដើម្បី​ឱ្យ​ក្លឹប​ក្នុង​លីគ​មើល​និង​ចុះ​កុងត្រា​ផង​ដែរ។ ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រៅ​ពី​កីឡាករ​មក​ពី​នីហ្សេរីយ៉ា ​លោក​ក៏​បាន​បង្ហាញ​មុខ​កីឡាករ​មក​ពី​៣​ប្រទេស​ផ្សេង​ទៀត​ដែរ ​រួម​មាន​ព័រទុយហ្គាល់ ​ប្រេស៊ីល ​និង​កូឡុំប៊ី ​។ ​កីឡាករ​ចំណូល​ថ្មី​ខាង​លើ​ទាំង​អស់​នេះ ​នឹង​មាន​វត្តមាន​លេង​ពាន​រង្វាន់ KMH Super Cup ​នៅ​ល្ងាច​នេះ ​ដើម្បី​បង្ហាញ​សមត្ថភាព ​ក្នុង​នាម​ជា​ក្រុម African All Stars ។

សូម​រំលឹក​ថា​ក្រុម African All Star ​នេះ ​ពិត​ជា​ក្រុម​ខ្លាំង​មួយ ​ដោយ​កន្លង​មក ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​តែងតែ​ណាត់​ពួកគេ​ដើម្បី​សាក​ល្បង​សមត្ថភាព​ដែរ។ ជា​លទ្ធផល ​ជម្រើស​ជាតិ​កម្ពុជា ​ពិត​ជា​ពិបាក​ក្នុង​ការ​យក​ឈ្នះ​ក្រុម​មួយ​នេះ​ណាស់ ត្បិត​អី​កីឡាករ​របស់​ពួកគេ​មាន​កាយ​សម្បទា​ល្អ ​និង​មាន​ទេពកោសល្យ។

លោក Fred ​បាន​បញ្ជាក់​ដែរ​ថា​សម្រាប់​រដូវ​កាល​ថ្មី​​ខាង​មុខ ​ប្រសិន​បើ​មាន​ក្លឹប​ណា​ត្រូវ​ការ​កីឡាករ​បរទេស ​អាច​ទាក់ទង​លោក​បាន ​ព្រោះ​បច្ចុប្បន្ន​នេះ​លោក​មាន​កីឡាករ​ច្រើន​ដែល​សុទ្ធ​សឹង​តែ​ល្អៗ ​អាច​ជួយ​ក្រុម​ក្នុង​លីគ​បាន៕

អត្ថបទ៖ ប្រុស យុទ្ធ