៣ចំណុចអ្នកអាចមិនដឹងអំពី ខុន ស៊ីចាន់ មុនការប្រកួតនៅ ONE

  • 2019-10-30 08:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះមកពីខេត្តឧត្តរមានជ័យ ខុន ស៊ីចាន់ ត្រូវជួបកីឡាករឥណ្ឌា Roshan Mainam ដែលជំនាញខាងចំបាប់នៅក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន។ ៣ ចំណុចនេះអ្នកអាចមិនដឹងអំពីកីឡាករកម្ពុជាមុនទៅប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកONE Championship។

១-ចាកឆ្ងាយគ្រួសារដើម្បីត្រៀមខ្លួន

ដ្បិតមិនបានមកហ្វឹកហាត់នៅក្លិបល្អប្រសើរនៅរាជធានីភ្នំពេញដោយសារមានគ្រួសារនៅខេត្ត ស៊ីចាន់ បានហ្វឹកហាត់គុនខ្មែរជាប្រចាំនៅឯស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ រឹតតែពិសេស ក្នុងរយៈពេលមួយខែមកនេះ ស៊ីចាន់ បានចាកឆ្ងាយពីប្រពន្ធកូនមកបោះជុំរុំហ្វឹកហាត់ត្រៀមប្រកួតក្នុងកម្មវិធី ONE: MASTER OF FATE នាក្រុងភ្នំពេញដោយស្នាក់នៅជាមួយគ្រូបង្វឹក Alan Mccune និង ញុំារបបអាហារត្រឹមត្រូវ។ អំឡុងពេលបោះជុំរុំ ហ្វឹកហាត់នេះ រូបគេមានការតាំងចិត្តខ្ពស់ដើម្បីទទួលបានជ័យជម្នះ និង គោលដៅដើម្បីទទួលបានប្រាក់រង្វាន់កើនឡើងផងដែរ។ ស៊ីចាន់ បានកំហិតពេលវេលាទៅជួបគ្រួសារនៅ ស្រុកអន្លង់វែងតិចតួចបំផុត។

២- ទទួលការហ្វឹកហាត់ពីគ្រូលំដាប់អន្តរជាតិ

ខុន ស៊ីចាន់ ទទួលបានវិជ្ជាគុនពីលោក Fernando Salvador គ្រូបង្វឹកជីជិតសូខ្សែក្រវាត់ខ្មៅ៣ដាន់ និង លោក Chris Kennedy គ្រូបង្វឹកជីជិតខ្សែក្រវាត់ខ្មៅពណ៌ត្នោត រួមទាំងមានកីឡាករផ្សេងទៀតជួយហាត់សម ឬ ឡាំគ្នា ដូចប្រកួតការពិតជាអីចឹងជាប្រចាំក្នុងរយៈពេលមួយខែមកនេះនៅក្លិបប្រដាល់ Prodal និង នៅ The Place Gym AEON 1។ គ្រូបង្វឹកសញ្ជាតិអាមេរិក Fernando Salvador បានឲ្យដឹងថា ខុន ស៊ីចាន់ មានភាពរីកចម្រើនច្រើនជាងមុនចំពោះ ក្បាច់ដោះ ចាន់ឃ្លេ និង គាបជាដើម បន្ទាប់ពីបានឡាំដកស្រង់បច្ចេកទេស។ ក្នុងការប្រកួតគុនចម្រុះទម្ងន់ Flyweight គ្រូបង្វឹករូបនេះរំពឹងថា កូនរបស់ខ្លួន នឹងធ្វើបានល្អហើយទទួលបានលទ្ធផលគាប់ចិត្តត្រលប់ពីហ្វីលីពីនវិញ។ ជាមួយគ្នានេះ កីឡាករវ័យវ័យ ៣១ ឆ្នាំបានកែប្រែចំណុចខ្សោយបានល្អជាងមុន ក្រោយចាញ់ ឃ្លេ កីឡាករឥណ្ឌូណេស៊ី Rudy Agustian ក្នុងទឹកទី១ កាលខែ កុម្ភៈនៅសិង្ហបុរី។

៣- ដឹងចំណុចខ្លាំងរបស់គូប្រកួតដើម្បីទប់ទល់

ខុន ស៊ីចាន់ បានថ្លែងក្នុងបទសម្ភាសន៍ថា ៖«ខ្ញុំបានមើលវីដេអូខ្លះៗអំពីគូប្រកួត Mainam ។ គេល្អកម្លាំង ល្អខាងចូលចាប់បោកយើង, ល្អខាងរឹតក ឬ ឃ្លេក, ល្អខាងម៉ាត់បើសិនករណីគេនៅពីលើខ្ញុំ ប៉ុន្តែ ក្បាច់ឈរវ៉ៃរបស់គេអត់សូវល្អទេ។ ករណីដែលយើងដោះឃ្លេអត់ចេញ ហើយគេនៅពីលើ ខ្ញុំអាចនឹងយ៉ាប់របស់ក្បាច់គេមិនខាន។ និយាយរួមបើវ៉ៃជំហរដេក Mainam មានប្រៀបនិងល្អម៉ាត់ពីលើ»។ យ៉ាងណាក្ដី ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១ បានហ្វឹកហាត់ក្បាច់ដើម្បីទប់យកជ័យជម្នះក្រោមការបង្វឹកយ៉ាងដិតដល់ពីគ្រូបង្វឹកលំដាប់អន្តរជាតិ។ កីឡាករមានបទពិសោធន៍ប្រកួតនៅសង្វៀន ONE Championship ចំនួន ៣ដងបានហាត់ពត់លត់ដំតិកនិកការពារពេលគេនៅពីលើ និង ពេលកីឡាករឥណ្ឌាចូលចាប់ផ្ដួល ជាដើម។ អតីតកូនសិស្សលោក ឡោ វុទ្ធី ដឹងច្បាស់ថា បើសិនខ្ញុំការពារបាន នោះរូបគេសង្ឃឹមឈ្នះ ៩០ % ដោយប្រើក្បាច់វាយបក ឬ គុនខ្មែរ៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី