បុរសម្នាក់ប្រឈមមុខជាប់គុក ១ឆ្នាំ និងរងពិន័យធ្ងន់ក ក្រោយសម្លាប់ត្រីសមុត្រជិតផុតពូជ
- 2019-11-05 07:27:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ប្រឈមមុខជាប់គុក ១ឆ្នាំ និងរងពិន័យធ្ងន់ក ក្រោយសម្លាប់ត្រីសមុត្រជិតផុតពូជ
ចន្លោះមិនឃើញ
បុរសជនជាតិអាមេរិកម្នាក់រស់នៅក្នុងរដ្ឋផ្លររីដា ប្រឈមមុខនឹងជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និងពិន័យជាប្រាក់ជាង ៥ម៉ឺនដុល្លារ ក្រោយពេលដែលមានសាក្សីអះអាងថាបានឃើញរូបគេសម្លាប់ត្រីរណាសមុទ្រដែលកំពុងរងការគំរាមកំហែងជិតផុតពូជពីភពផែនដី។
យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានចេញដោយសង្កាត់កណ្ដាលនៃរដ្ឋផ្លររីដាឲ្យដឹងថា លោក Chad Ponce ត្រូវបានចោទប្រកាន់ពីបទសម្លាប់ប្រភេទសត្វជិតផុតពូជ។ ចំណែកឯសាក្សីឲ្យដឹងថា ពួកគេបានឃើញបុរសខាងលើនៅលើទូក ខណៈដែលធ្វើសកម្មភាពកាត់ច្រមុះត្រីដែលមានរាងដូចផ្លែរណា។ តាមអ្នកជំនាញឲ្យដឹងថា ត្រីប្រភេទនេះ ប្រើប្រាស់ច្រមុះរណារបស់វាជាញាណដើម្បីវាយប្រហារចំណី ហើយប្រសិនបើគ្មានច្រមុះរណាទេ ពួកវាមិនអាចរស់រានមានជីវិតឡើយ។ លើសពីនេះទៀត ចំនួនត្រីរណាក្នុងសមុទ្រ បានធ្លាក់ចុះជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាមួយគ្នានេះ រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិឲ្យដឹងថា មកទល់ពេលនេះត្រីរណា មានត្រឹមចំនួនប្រមាណជា ៥ ០០០ក្បាលប៉ុណ្ណោះ ខណៈដែលត្រីជំទង់មានប្រមាណ ៥០០ក្បាល។ ហេតុដូច្នេះ ប្រភេទសត្វត្រីនេះ ត្រូវការការពារឲ្យបានល្អជៀសវាងពីការផុតពូជពីភពផែនដីនាថ្ងៃអនាគត៕