មើលវិធីសាស្ត្រទំនើបប៉ូលិសឌុយបៃប្រើ ដើម្បីចាប់អ្នកល្មើសច្បាប់ចរាចរណ៍

  • 2019-11-06 02:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដែល​បង្ហាញ​អំពី​ដំណើរ​ការ​ចាប់​អ្នក​បើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​នៅ​ទីក្រុង​ឌុយបៃ​ប្រទេស​អារ៉ាប់រួម​ត្រូវ​បាន​បង្ហាញ​ចេញ​ឡើង​ដោយ​ស្ថាប័ន​ព័ត៌មាន Khaleej Times។

ក្នុង​វីដេអូ​បាន​បង្ហាញ​ថា​ប៉ូលិស​ឌុយបៃ​មាន​បន្ទប់​ប្រតិបត្តិការ​​ដ៏​ធំ​មួយ​សម្រាប់​គ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​ចរាចរណ៍​លើ​ដង​ផ្លូវ។ តាម​រយៈ​កាមេរ៉ា​កម្រិត​ HD ដែល​បំពាក់​តាម​ដង​ផ្លូវ​ជា​ច្រើន ប៉ូលិស​អាច​ត្រួត​ពិនិត្យ​ និង​ស្វែង​រក​អ្នក​បើកបរ​ដែល​ល្មើស​ច្បាប់​ដូច​ជា​ការ​ប្ដូរ​គន្លង​ផ្លូវ​​ភ្លាមៗ​ ការ​ប្រើ​ទូរសព្ទ​ពេល​បើកបរ ​ប្ដូរ​ទិសដៅ​ដោយ​ឈរ​លើ​គន្លង​ខុស ត្រឡប់​ក្រោយ​នៅ​កន្លែង​មាន​ស្លាក​ហាម​ឃាត់​ជា​ដើម។

ជាក់​ស្ដែង​ក្នុង​វីដេអូ​​ប៉ូលិស​បាន​​ធ្វើ​ការ​ពិន័យ​ភ្លាមៗ​លើ​អ្នក​បើកបរ​ម្នាក់​ដែល​ចង់​បត់​ឆ្វេង​​ ប៉ុន្តែ​បែរ​ជា​បើកបរ​នៅ​លើ​គន្លង​សម្រាប់​បត់​ស្ដាំ​ទៅ​វិញ។ តាម​រយៈ​កាមេរ៉ា​ HD ប៉ូលិស​ធ្វើ​ការ​ Zoom ចាប់​យក​ផ្លាក​លេខ​រថយន្ត និង​ថត​រូបភាព​ចំនួន ៣ សន្លឹក​​អំពី​សកម្មភាព​ល្មើស​ច្បាប់ ដើម្បី​បញ្ជាក់​ជា​ភស្តុតាង។

បន្ថែម​ពី​នេះ​ដែរ អ្នក​បើកបរ​អាច​ធ្វើ​ការ​រាយការណ៍​អំពី​​ការ​ល្មើស​ច្បាប់​របស់​អ្នក​បើកបរ​ដទៃ ដោយ​តេ​ទៅ​លេខ​ "901”។ នៅ​ក្នុង​ពេល ១ ឆ្នាំ ប្រសិន​បើ​មាន​មនុស្ស ៤ នាក់ រាយការណ៍​អំពី​រថយន្ត​តែ​មួយ នោះ​នាយកដ្ឋាន​ប៉ូលីស​​ចរាចរណ៍​នឹង​បញ្ចេញ​ការ​ពិន័យ​ដល់​អ្នក​បើកបរ​នោះ។

ក្រៅ​ពី​ការ​បញ្ចេញ​ការ​ពិន័យ​ពី​បន្ទប់​បញ្ជា​ ប៉ូលិស​ដែល​ល្បាត​ទីក្រុង​ក៏​អាច​ធ្វើ​ការ​ពិន័យ​លើ​រថយន្ត​ដែល​ល្មើស​​ច្បាប់​ចរាចរណ៍ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ ​ដោយ​​គ្រាន់​តែ​បញ្ចូល​ផ្លាក​លេខ​រថយន្ត​​របស់​អ្នក​ល្មើស​ទៅ​ក្នុង​ប្រព័ន្ធ​ប៉ុណ្ណោះ។ ​​​​​​​​​​​

ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម​នេះ ៖

ចុចអាន ៖ ការសាកល្បងធ្វើការ ៤ថ្ងៃ/សប្ដាហ៍របស់ Microsoft បានលទ្ធផលល្អខ្លាំង

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី