ប្លែក​អារម្មណ៍​ហើយ! សន ពិសិដ្ឋ-ព្រះ​កាយច័ន្ទ ចាប់​ដៃ​គ្នា​ក្នុង​រឿង​ស្នេហា​បែប​ស្រុក​ស្រែ​មួយ

  • 2019-11-08 04:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សន ពិសិដ្ឋ និង​ព្រះ​កាយ​ច័ន្ទ ដែល​មិន​ធ្លាប់​ជួប​សម្ដែង​ជាមួយ​គ្នា​សោះ​នោះ ឥឡូវ​ស្រាប់​តែ​ជួប​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​បែប​ស្រុក​ស្រែ​ចម្ការ​មួយ​ដែល​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ព្រឹកមិញ​នេះ។

រឿង​នោះ​មាន​ចំណង​ជើង​ថា "សម្បថ​ដង​ស្ទឹង" ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​និយាយ​ពី​ចំណង​ស្នេហ៍​រវាង​កំលោះ​ក្រមុំ​មួយ​គូ​នៅ​តំបន់​ស្រុក​ស្រែ​ចម្ការ ក្នុង​នោះ ព្រះ​កាយ​ច័ន្ទ សម្ដែង​ជា​តួអង្គ​ឈ្មោះ "នួន" និង​សន ពិសិដ្ឋ សម្ដែង​ជា​តួ​អង្គ​ឈ្មោះ "លាភ"។

តាម​ការ​បញ្ជាក់ ពួក​គេ​ទាំង​ពីរ ទើប​តែ​ប៉ះ​គ្នា​លើក​ដំបូង​បំផុត​ក្នុង​ការ​សម្ដែង។ "កុំ​ថា​ឡើយ​ថា ការ​សម្ដែង សូម្បី​តែ​នៅ​ខាង​ក្រៅ ក៏​មិន​ដែល​បាន​ជួប​គ្នា​ផង​បង!”។ ភាគី​ខាង​តារា​ស្រី​ឆ្លើយ។ ដោយ​ឡែក ខាង​ប្រុស ក៏​អះអាង​ដូច​គ្នា​ថា ជា​បទ​ពិសោធន៍​លើក​ដំបូង​របស់​លោក​ជាមួយ ព្រះកាយច័ន្ទ។ មិន​ត្រឹម​ប៉ុណ្ណឹង នេះ​គឺ​ជា​តួឯក​លើក​ដំបូង​ថែម​ទៀត​ក្នុង​ការ​សម្ដែង​ភាពយន្ត​ប្រភេទ​ភាគ​សម្រាប់​ទូរទស្សន៍។

ចំណុច​នេះ​ខុស​ពី​តារា​ស្រី ព្រះ​កាយ​ច័ន្ទ​ដែល​នាង រមែង​គ្រប់​គ្រង​តំណែង​តួឯក​គ្រប់​រឿង។ បើ​ទោះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​មាន​ជំនឿ​ថា អាច​នឹង​សម្ដែង​ចូល​គ្នា​បាន​ល្អ ដោយ​សំអាង​ថា ម្នាក់​ៗ​ក៏​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ច្រើន​រៀង​ៗ​ខ្លួន​ហើយ។

រឿង "សម្បថ​ដង​ស្ទឹង" និយាយ​ពី​ចំណង​ស្នេហា​របស់​កំលោះ​ក្រមុំ​មួយ​គូ កើត​នៅ​តំបន់​ជនបទ។ នួន ជា​ក្រមុំ​កើត​ក្នុង​គ្រួសារ​ក្រី​ក្រ ដោយ​ឡែក លាភ ជា​កូន​មេ​ឃុំ។ ដូច្នេះ​ហើយ ចំណង​ស្នេហ៍​របស់​ពួក​គេ ពោរពេញ​ដោយ​​ឧបសគ្គ​ជា​ច្រើន ពិសេស​តួ​ស្រី រង​គំនាប​ផ្លូវ​ចិត្ត​ជា​ច្រើន រហូត​ដល់​នាង​ត្រូវ​បង្ខំ​ចិត្ត​រៀប​ការ​ជាមួយ​បុរស​ដែល​នាង​មិន​ស្រឡាញ់​ទៅ​វិញ។ សាច់​រឿង​យ៉ាងណា មាន​តែ​ចាំ​តាម​ដាន​ក្រោយ​ពេល​ចេញ​បញ្ចាំង​ប៉ុណ្ណោះ។

ឯកឧត្ដម ស៊ិន សុផាត (រូបពាក់​អាវ​ធំ)ប្រធាន​ផលិតកម្ម​វិធី​ទូរទស្សន៍​របស់​ទូរទស្សន៍​លេង​៥

តាម​ឯកឧត្ដម ស៊ិន សុផាត ប្រធាន​ផលិតកម្ម​វិធី​ទូរទស្សន៍​របស់​ទូរទស្សន៍​លេង​៥ បាន​បញ្ជាក់​ថា រឿង​នេះ គឺ​ជា​រឿង​ទី ២៣ ហើយ​សម្រាប់​ស្ថានីយ​របស់​លោក នេះ​ដោយ​មិន​រាប់​បញ្ចូល​ភាពយន្ត​ដែល​ផលិតកម្ម​ផ្សេង​សម្រាប់​ប៉ុស្តិ៍​លេខ​៥​ផង។ ចំពោះ​រឿង "សម្បថ​ដង​ស្ទឹង" បន្ទាប់​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ ក្រុម​ការងារ​ផលិត​គ្រោង​នឹង​ចេញ​ថត​នៅ​ក្រោយ​បុណ្យ​អុំ​ទូក​រួច​រាល់។ ដោយ​ឡែក កាល​បរិច្ឆេទ​ដាក់​បញ្ចាំង មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា