រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើ​ឱ្យ​ម្ចាស់​សេវាកម្ម​ស្នាក់​នៅ កុំ​ដំឡើងថ្លៃ​ពេលបុណ្យ​សមុទ្រ

  • 2019-11-15 03:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មានការរិះគន់ពីបញ្ហាខ្វះបន្ទប់ស្នាក់នៅ សម្រាប់ពិធីបុណ្យសមុទ្រ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវ​ចុះ​ផ្សព្វផ្សាយ​ឱ្យ​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ទាំងអស់ក្នុងខេត្ត ត្រូវទទួលការកក់បន្ទប់ស្នាក់របស់ភ្ញៀវឡើងវិញ និង​សូម​កុំ​ដំ​ឡើង​ថ្លៃ​ហួស​ហេតុពេក ដើម្បីធានាសេវាស្នាក់នៅឱ្យបានល្អប្រសើរក្នុងពិធីបុណ្យសមុទ្រ នា​ចុងឆ្នាំ២០១៩ ខាងមុខ។

ការរិះគន់ចំៗលើបញ្ហាស្នាក់នៅខាងលើនេះ ត្រូវ​បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​សមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពត នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ខណៈ​ក្រុម​មន្ត្រី​រាជការ ក្រុមសិល្បករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ក៏កំពុងជួបប្រទះ និង​ព្រួយ​បារម្ភ​ពី​ការខ្វះកន្លែងស្នាក់នៅនេះផងដែរ។

ចំពោះបញ្ហា​នេះដែរ ក៏ព្រោះតែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិន​ព្រម​ទទួល​ការ​កក់​បន្ទប់​ស្នាក់​នៅ​ពី​ភ្ញៀវ​ទាល់​តែសោះ ដោយ​បញ្ជាក់ទាំងមិនសមហេតុផលមកវិញថា ទុក​ជួល​ភ្លាមៗ​នៅ​ពេល​ពិធី​បុណ្យ​មក​ដល់ (ក្នុងបំណងដើម្បីទទួលបានតម្លៃថ្លៃជាងការកក់)។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បាន​ប្រកាស​ជំរុញ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ីណុល ត្រូវ​ចុះផ្សព្វផ្សាយ​បន្ត​ដល់​ម្ចាស់​សេវា​ស្នាក់​នៅ​ទាំង​អស់​ក្នុង​ខេត្តឱ្យទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវឡើងវិញ ពិសេស​មិន​ត្រូវ​ដំឡើង​ថ្លៃ​ហួស​ហេតុ​ពេក​ឡើយ។

តាមការ​រំពឹងទុករបស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ភ្ញៀវ​ដែល​នឹង​មក​ចូល​រួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យសមុទ្រនៅខេត្តកំពត លើកទី៨ ជុំទី២ នៅខេត្តកំពត ដែល​មាន​រយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ខាង​មុខ​នឹងមានចំនួនច្រើនកុះករជាងឆ្នាំកន្លងទៅ៕

អត្ថបទ៖ ម៉េងងី