ពន្ធនាគារ​​ទំនើប​លំដាប់​ VIP ​ដំបូង​​បង្អស់​​នៅ​កម្ពុជា​តម្លៃ​ជាង ៤ លាន​ដុល្លារ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​​ការ

  • 2019-11-16 13:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពន្ធនាគារ​ទំនើប​ដំបូង​បង្អស់​​​ ដែល​​មាន​តម្លៃ​​​ជាង​ ៤ លាន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​ដាក់​​ឱ្យ​ដំណើរ​ការ​ដំណាក់​កាល​ទី​១ ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​​វិច្ឆិកា​​​ ឆ្នាំ​ ២០១៩ នេះ​។ ​គម្រោង​​សាង​សង់​ពន្ធនាគារ​ទំនើប​នេះ​ ដើម​ឡើយ​វិនិយោគ​ដោយ​​ក្រុមហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង បាន​ចុះ​កិច្ចសន្យា​លើ​គម្រោង​វិនិយោគ​ «​អគារ​ស្នាក់នៅ​ពន្ធនាគារ​» ​ថ្មី​មួយ ​ដែល​មាន​លក្ខណៈ​ទំនើប​ ក្រោម​រូប​ភាព​ប្រតិបត្តិ​ការ​ និង​ផ្ទេរ (BOT) ​​។​ ប៉ុន្តែ​ក្រោយ​មក​​​គម្រោង​នេះ​ត្រូវ​​បាន​ ក្រសួង​មហាផ្ទៃ​ទិញ​​​យក​ ដើម្បី​​គ្រប់​គ្រង​វិញ​​ ដោយ​​យោង​លើ​កិច្ច​ព្រម​​ព្រាង​កាល​​ពី​ពេល​ថ្មី​ៗ​នេះ។

ការ​​ដាក់​ឱ្យ​ដំណើរ​ការ​​ពន្ធនាគារ​​ទំនើប​ ត្រូវ​បាន​ធ្វើ​ឡើង​​​ក្រោម​វត្តមាន​​លោក ​ម៉ៅ ប៊ុណារិន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​ក្រុម​ការងារ​​សាង​សង់​ពន្ធនាគារ និង​លោក ​ចាន់ គីមសេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​។ ពន្ធនាគារ​ត្រូវ​បាន​សាងសង់​​លើ​ផ្ទៃ​ដី​ ១,៥ ហិចតា​ មាន​​ទីតាំង​ក្បែរ​មណ្ឌល​អប់រំ​កែ​ប្រែ​ម​១ (​គុក​ព្រៃ​ស​)​ និង​ត្រូវ​បាន​​សាង​សង់​​ឡើង​កាល​ពី​ឆ្នាំ​២០១៦ កន្លង​មក​ ក្នុង​​​គោល​បំណង​​សម្រាល​ចំនួន​អ្នកទោស​ ក្នុង​ពន្ធនាគារ​នៅ​ភ្នំពេញ​សព្វថ្ងៃ ដែល​ផ្ទុក​អ្នកទោស​យ៉ាង​ចង្អៀត​ណែន និង​អាច​មក​ស្នាក់​នៅ​​ដោយ​​​​បង់​ប្រាក់​ស្ម័គ្រ​ចិត្ត​ តាម​​រយៈ​ការ​បំពាក់​សម្ភារ​បច្ចេកទេស​​ ដើម្បី​ធានា​​ឱ្យ​បាន​​នូវ​គុណភាព​ អនាម័យ​ សុវត្ថិភាព​ និង​សន្តិសុខ​សណ្ដាប់​ធ្នាប់​ល្អ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​​២០១៣ ​ក្រុមហ៊ុន​ គន្ធ​រី​ខុន ហូល​ឌី​ង និង​ក្រសួង​មហាផ្ទៃ​​បាន​​ចុះ​កិច្ច​ព្រម​ព្រាង​​វិនិយោគ​អគារ​អប់រំ​​​កែ​ប្រែ​​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​​អគារ​ថែទាំ​សុខភាព​សម្រាប់​​ផ្ដល់​សេវាកម្ម​ ដោយ​ផ្ទាល់​ដល់​អ្នក​ជាប់​ឃុំឃាំង​​ទាំង​ឡាយ​ដែល​មាន​​លទ្ធភាព​បង់​ប្រាក់​ស្ម័គ្រ​ចិត្ត​ ក្រោម​រូប​ភាព​សាង​សង់​( BOT) រយៈ​ពេល​ ៤៥ ឆ្នាំ​​ ​។ ប៉ុន្តែ​​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ក្រសួង​មហាផ្ទៃ​មាន​​ឆន្ទៈ​ទិញ​យក​​គម្រោង​វិនិយោគ​ខាង​លើ​ រីឯ​ក្រុមហ៊ុន​​ក៏​មាន​ឆន្ទៈ​លក់​គម្រោង​វិនិយោគ​ឱ្យ​ក្រសួង​មហាផ្ទៃ​ និង​ស្នើ​សុំ​ប្រគល់​អគារ សម្ភារ​បំពាក់ និង​ហេដ្ឋារចនាសម្ពន្ធ​​ ដែល​​បាន​សាង​សង់​ និង​បំពាក់​សម្ភារ​រួច​ មក​ឱ្យ​ក្រសួង​មហាផ្ទៃ​​គ្រប់​គ្រង​​ និង​ចាត់​ចែង​​តាម​គោល​បំណង​របស់​ក្រសួង​មហាផ្ទៃ​ ។ ចំពោះ​លក្ខខណ្ឌ​លម្អិត​​នៃ​ការ​ទិញ-លក់​ គម្រោង​វិនិយោគ​នេះ​ក្រសួង​មហាផ្ទៃ​​បាន​ប្រគល់​ភារកិច្ច​ឱ្យ​​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​​ជា​អ្នក​សិក្សា និង​ពិភាក្សា​​ជាមួយ​នឹង​ក្រុមហ៊ុន​៕ ​​​​​​

អត្ថបទ៖ សុផល