ត្រី​ល្បី​​ឈ្មោះ ​​រស​ជាតិ​ឆ្ងាញ់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង សំបូរ​ដែរ​ទេ? ​ចុះ​​​តម្លៃ​វិញ​យ៉ាង​ម៉េច​ដែរ​​?

  • 2019-11-19 02:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រីប៉ា​ស៊ីអ៊ី​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ប្រភេទ​ត្រី​កម្រ និង​មាន​​រសជាតិ​ឆ្ងាញ់​​ប្រចាំ​នៅ​ខេត្ត​​ស្ទឹង​​ត្រែង​។ លោក​អ្នក​ដែល​និយម​ចូល​ចិត្ត​បរិភោគ​ត្រី​នេះ​អាច​​រក​ជាវ​បាន​ចាប់​ពី​ខែ​វិច្ឆិកា​ រហូត​​ដល់​ដើម​ខែ​​មក​រា ​ឬ​ខែ​កុម្ភៈ​។ យ៉ាង​ណា​មិញ​មន្ត្រី​ជំនាញ​​ផ្នែក​ជល​ផល​ប្រចាំ​ខេត្ត​នេះ​បាន​​ឱ្យ​ដឹង​ថា​ អំឡុង​អាកាសធាតុ​ចុះ​ត្រជាក់​​ នា​ឱកាស​បុណ្យ​អុំទូក​ត្រីប៉ាស៊ីអ៊ី​​បាន​ចុះ​​គួរ​សម​​​។ ប៉ុន្តែ​​មិន​បាន​ធ្វើ​ឱ្យ​តម្លៃ​ត្រី​​នេះ​ប្រែ​ប្រួល​​​ឡើយ​​ពោល​គឺ​​ប្រហាក់​ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ដែរ។

​លោក ទុំ នីរ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​​​បាន​​ថ្លែង​ប្រាប់​​ sabay ថា អំឡុង​​ថ្ងៃ​បុណ្យ​អុំ​ទូក​កាល​ពី​សប្ដាហ៍​មុន​អាកាស​​ធាតុចុះ​ត្រជាក់​​ ឃើញ​​ប្រជា​នេសាទ​ចាប់​បាន​​គួរ​​សម​​ ប៉ុន្តែ​តម្លៃ​វិញ​នៅ​ប្រហាក់​ប្រហែល​​ឆ្នាំ​មុន​ដែរ។ ឆ្នាំ​មុន​ តម្លៃ​​ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ ក្នុង​នោះ​ទម្ងន់​ចាប់ពី​ ៤​ខាំ​ទៅ​ ៦​ខាំ​ តម្លៃ មួយ​គីឡូ​ក្រាម​ចន្លោះ​ពី​ ៨​ម៉ឺន​រៀល​ទៅ ១០​ម៉ឺន​រៀល។ ទម្ងន់​ចាប់ពី​​ ៧ខាំ ទៅ​៩ខាំ តម្លៃ​ចាប់​ពី​១២​ម៉ឺន​រៀល​ ​ទៅ​១៥​​ម៉ឺន​រៀល។ ទម្ងន់​ចាប់ពី​ ១​គីឡូ​ក្រាម​ទៅ​ជិត​ ២​គីឡូក្រាម​ តម្លៃ​ចាប់ពី ២០​ម៉ឺន​រៀល ​ទៅ​​៣៥​ម៉ឺន​រៀល។

លោក​បាន​បន្ថែម​ថា ​មន្ត្រី​ជំនាញ​​​នៅ​មិន​ទាន់​អាច​​សន្និដ្ឋាន​​​ទិន្នផល​ត្រី​ប៉ាស៊ីអ៊ី​​ មាន​​ច្រើន​​ ឬ​ថយ​ចុះ​​ជាង​ឆ្នាំ​មុន​បាន​ទេ​​។​ គេ​​ត្រូវ​រង់​ចាំ​​មើល​ដល់​ទៅ​ខែ​ធ្នូ​ ទើប​​អាច​ដឹង​បាន​។ ក្នុង​នាម​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹង​ត្រែង​ លោក​បាន​សំណូមពរ​ដោយ​ទទូច ​និង​អង្វរ​ករ​ចំពោះ​បង​ប្អូន​ប្រជា​នេសាទ​ទាំង​អស់​ សូម​ធ្វើ​ការ​នេសាទ​ស្រប​ទៅ​តាម​ច្បាប់​។ ​ម្យ៉ាង​វិញ​ទៀត ​សូម​មេត្តា​កុំ​ចាប់​ត្រី​មេ​ពូជ​គ្រប់​ប្រភេទ​ ដែល​មាន​ពង​ ជា​ពិសេស​ប្រភេទ​ត្រីប៉ាស៊ីអ៊ី​ដែល​កំពុង​តែ​ខ្សត់​ទៅ​ៗ​។ ​បើ​នេសាទ​បាន​ត្រី​មាន​ពង​ សូម​មេត្តា​ប្រលែង​​​ទៅ​ក្នុង​ធម្មជាតិ​វិញ​ដើម្បី​មាន​ឱកាស​បន្ត​ពូជ​ទៀត​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​ទៀត។​​

​​​​​​​ត្រី​ប៉ាស៊ីអ៊ី ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​មាន​រសជាតិ​ឆ្ងាញ់​ខុស​ពី​ត្រី​ដទៃ មាន​នៅ​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​កំពុង​ថយ​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​​ ហើយ​មាន​តម្លៃ​ថ្លៃ​។​ ទៅ​ថ្ងៃ​អនាគត​ខេត្ត​ស្ទឹង​ត្រែង​គ្រោង​នឹង​​ប្រើ​ប្រាស់​បច្ចេកទេស​បង្កាត់​ពូជ​ត្រី​ប៉ាស៊ីអ៊ី ដែល​មាន​ឈ្មោះ​ល្បី​ខ្លាំង​នេះ​។ ប៉ុន្តែ​ដើម្បី​​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​​ស្ថានីយ​ស្រាវជ្រាវ ​និង​ពិសោធន៍​ពូជ​ត្រី​ជាមុន​សិន​។​ ស្ថានីយ​នេះ​នឹង​អាច​សាង​សង់​​ចប់​​សព្វ​គ្រប់​នៅ​ឆ្នាំ​ក្រោយ។

អត្ថបទ៖ សុផល