សន ពិសិដ្ឋ អតីត​បុគ្គលិក​ឯកជន​ផ្នែក​លក់​តូច​តាច រហូត​ក្លាយ​ជា​តួឯក​ភាពយន្ត​ស្តង់ដារ​អន្តរជាតិ

  • 2019-11-22 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្បែង ជើង​ក្រោយ​ម្នាក់​លោក សន ពិសិដ្ឋ បាន​ហក់​មក​កាន់​តំណែង​ធំ​ៗ​ក្នុង​ខ្សែ​ភាពយន្ត​បន្ត​បន្ទាប់​គិត​ត្រឹម​រយៈ​ប្រមាណ​២​ខែ​ចុង​ក្រោយ ប៉ុន្តែ​មុន​មក​ដល់​ចំណុច​នេះ លោក​ត្រឹម​ជា​បុគ្គលិក​តូច​តាច​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ប៉ុណ្ណោះ។

លោក សន ពិសិដ្ឋ បាន​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០១៦ តាម​រយៈ​ការ​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ដែល​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​បាន​ទិញ​សិទ្ធិ​ពី​ប្រទេស​កូរ៉េ។ ចាប់​ផ្ដើម​ថ្មី​ថ្មោង មិន​សូវ​មាន​គេ​ស្គាល់ ព្រម​ទាំង​ខ្វះ​បទ​ពិសោធន៍ ពិសិដ្ឋ ប្រាប់​ថា កាល​នោះ លោក​បាន​ថត​ត្រឹម​តួ Background ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​សម្លឹង​ទៅ​មើល​រឿង​ដែល​កើត​ឡើង​នៅ​មុន​ឆ្នាំ ២០១៦ វិញ​នោះ តារា​សម្ដែង​មាឌ​ធំ​រូប​នេះ ប្រាប់​ថា លោក​បាន​តស៊ូ​ជាមួយ​ការងារ​តូច​ៗ​ជា​ច្រើន។

មាន​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ លោក សន ពិសិដ្ឋ ប្រាប់​ថា គ្រួសារ​លោក​មាន​ការ​លំបាក​ខាង​ផ្នែក​ជីវភាព។ ដូច្នេះ​ហើយ ជីវិត​លោក​ទាមទារ​ឲ្យ​មាន​ការ​តស៊ូ​ច្រើន ក្នុង​នោះ​លោក​ថា លោក​បាន​ឡើង​មក​ភ្នំពេញ​មក​ការងារ​ធ្វើ ដោយ​ធ្លាប់​ធ្វើ​ជា​បុគ្គលិក​លក់​តូច​តាច រួម​ទាំង​ធ្លាប់​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​ទៀត​ផង។ ការ​ខ្វះ​ខាត បង្ខំ​ឲ្យ​លោក​ចាប់​កិច្ចការ​ធ្វើ​ដោយ​មិន​ប្រកាន់​អ្វី​ឡើយ ពោល​គឺ​ធ្វើ​អ្វី​បាន​លុយ បាន​ចំណូល​គឺ​លោក​ធ្វើ​ទាំង​អស់។

“ដូច​ប្រាប់​បង ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ជីវភាព អីចឹង​មិន​គិត​អី​ច្រើន ពេល​នោះ គឺ​ថា អាច​ធ្វើ​អ្វី​បាន គឺ​ធ្វើ​ហ្នឹង អោយ​តែ​បាន​ចំណូល"។ លោក ពិសិដ្ឋ ថ្លែង។ ដោយ​សារ​តែ​ការ​ស្រវា​ចាប់​ការងារ​មិន​ប្រកាន់ ទើប​លោក​ក៏​អាច​ឈាន​ជើង​មក​ដល់​វិថី​សិល្បៈ តាម​រយៈ​ការ​ថត​ក្នុង​រឿង​ទិញ​សិទ្ធិ​ពី​កូរ៉េ​ខាង​លើ។ បន្ត​បន្ទាប់ លោក​ក៏​បាន​គេ​ស្គាល់​បន្តិច​ម្ដង​ៗ និង​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន ដោយ​បច្ចុប្បន្ន​លោក​បាន​ចោល​ការងារ​ឯកជន​ពី​មុន​ទាំង​ស្រុង។

គិត​តែ​ការ​ថត​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ លោក​សម្ដែង​បាន​ចំនួន​៤​រឿង​ហើយ មាន​រឿង "ចៅ​ធុង ចៅ​សាញ់" “នេះ​ឬ​ជីវិត" “មិត្ត​ឬស្យា" “សម្បថ"។ តួឯក​ខ្នាត​ធំ "នាឡិកា" និង" អាគម​ស្បែក​ដាច"។ ក្នុង​ចំណោម​នេះ លោក សន ពិសិដ្ឋ ឲ្យ​ដឹង​សម្រាប់​រឿង "ចៅ​ធុង ចៅ​សាច់" លោក​សម្ដែង​ជា​តួឯក។ ដោយ​ឡែក​ថ្មី​ៗ​នេះ លោក​ទើប​នឹង​ក្ដាប់​បាន​តំណែង​តួឯក​ជា​ថ្មី​ទៀត ក្នុង​រឿង "សម្បថ​ដង​ស្ទឹង" របស់​ទូរទស្សន៍​លេខ​៥​ដូច​គ្នា។

កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ តារា​ប្រុស​សម្បុរ​ស្រអែម​រូប​នេះ ក៏​កញ្ឆក់​បាន​តំណែង​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​ទៀត​រឿង "នាឡិកា​ដាស់​វិញ្ញាណ" របស់​ផលិតកម្ម LD Picture។ រឿង​នេះ ទើប​តែ​ដំណើរ​ការ​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​រោង​ភាពយន្ត​ទំនើប​ៗ​នៅ​រាជធានី នៅ​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​ក្រោយ​ពី​បញ្ចប់​ការ​ដាក់​បញ្ចាំង​នៅ​ក្នុង​ស្រុក រឿង​ដែល​ចូល​សម្ដែង​ដោយ​តារា​អន្តរជាតិ​ផង​នោះ គ្រោង​នឹង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦​ប្រទេស​ទៀត គឺ​ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និង​ប្រុយណេ ។

ទាំង​នេះ ធ្វើ​ឲ្យ​សាមី​ខ្លួន បញ្ជាក់​ថា​លោក​មោទកភាព​ចំពោះ​ការ​រីក​ចម្រើន​របស់​ខ្លួន​ឯង ពិសេស​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ស្តង់ដារ​អន្តរជាតិ​ថែម​ទៀត។ លោក ថ្លែង​ថា ពិត​មិន​ដែល​នឹក​ស្មាន​ថា លោក​អាច​ដើរ​ដល់​ចំណុច​នេះ​នោះ​ទេ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម