អាជ្ញាធរអប្សរាបង្ហើប​ឈ្មោះជាងគំនូរ​មាន​ស្នាដៃសិល្បៈរស់រវើកគូរ​នៅ​ព្រះ​វិហារ​វត្តរាជបូណ៍​

  • 2019-11-27 03:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិ​អប្សរា​បាន​បង្ហើបពី​ឈ្មោះ​អ្នក​គូរគំនូរ​នៅ​លើ​ជញ្ជាំង​ព្រះ​វិហារ​​ក្នុង​វត្ត​រាជបូណ៍​ក្នុង​ខេត្ត​សៀម​រាប ដោយថា​អ្នក​ទាំងពីរ​ជា​អ្នក​ធ្វើ​ណាំង​សម្រាប់ល្ខោន​ស្បែកធំ​ផង បានជា​គំនូរ​របស់​ពួកគាត់​មាន​ទម្រង់ និង​កាយ​វិការដូចស្បែកធំ។

(រូបភាព៖ អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរាបាន​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភព​បន្តថា​អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។

ប្រ​ភពដដែល​បញ្ជាក់ថា៖ «នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺ គំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារនិងបង្អួច»។

(រូបភាព៖ អាជ្ញាធរជាតិអប្សរា)

បើតា​ម​អាជ្ញាធរជាតិ​អប្សរា​ព្រះវិហារចំណាស់នេះធ្លាប់បាន​ជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បច្ចុប្បន្ននេះ ប្រ​ភព​ឲ្យដឹថា​ព្រះវិហារ​​មានសភាពទ្រុឌទ្រោមដោយអន្លើ ដែលតម្រូវឱ្យមានការជួសជុលជាចាំបាច់ ដោយសារអាយុកាលនិងអាកាសធាតុជាដើម។

ដើម្បីរួមចំណែករក្សាមរតកនេះឱ្យគង់វង្សតទៅទៀត អាជ្ញាធរជាតិអប្សរាថា​ខ្លួន​​បានសហការជាមួយអ្នកជំនាញអ៊ីតាលីចាប់ផ្តើមជួសជុលផ្នែកសំខាន់ៗនៃព្រះវិហារនៅឆ្នាំ២០១៤។ សន្លឹកទ្វារ សន្លឹកបង្អួច គំនូរ និងបដិមាក្នុងវិហារជាដើម សុទ្ធតែបានជួសជុលនិងសម្អាតតាមបច្ចេកទេសដោយអ្នកអភិរក្ស។ កិច្ចការទាំងអស់នេះតែងមានព្រះទ័យយកចិត្តទុកដាក់ខ្ពស់និងការផ្តល់ឱកាសដ៏ពេញលេញអំពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌។ ប្រ​ភព​ដដែល​បញ្ជាក់៕​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម