ចំណេញលើចំណេញសម្រាប់អ្នកចង់ធ្វើ Passport ខ្លួនឯងលើកដំបូងគួរដឹង

  • 2019-11-27 08:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​ដំណើរ​ការ​ស្នាក់​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ ឬ​ហៅ​ថា Passport នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សែនសុខកាល​ពី​ឆ្នាំ​កន្លងទៅ​មក​ គេ​សង្កេត​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ទៅ​ធ្វើ​ខ្លួន​ឯង​ច្រើន​ដោយ​មិន​ចាំបាច់​ប្រើ​សេវា​កម្ម​ឯកជន​​​​ ដោយសារ​តែ​ទីតាំង​នៅ​ផ្សារ​ស្រាប់​ មាន​កន្លែង​អង្គុយ​រង់ចាំ​ទូលាយ​ស្រួល​ និង​អាច​ដើរ​លេងកម្សាន្ត​ផ្សារ​ផង​ដែរ​។​

ដោយ​ឡែក​សម្រាប់​អ្នក​ចង់​ធ្វើ​លិខិត​ឆ្លង​ដែន​លើក​ដំបូង​ និង​​ចំណេញ​ពេលវេលា​គួរ​ដឹង​ដំណើរ​ការ​នៃ​ការ​ធ្វើ​ជា​មុន​ ដោយ​សារ​តែ​​វា​មាន​ច្រើន​ដំណាក់​កាល​សំខាន់​ៗ​ រួម​មាន​៖

១. រង់​ចាំ​ទិញ​លិខិត​ស្នើ​សុំ​ធ្វើ​លិខិត​ឆ្លងដែន​ (តម្លៃ​ ១ពាន់រៀល)​

២. បំពេញ​ឯកសារ​

នេះ​ជា​ដំណាក់​កាល​មួយ​ដែល​ពិបាក​ជាង​គេ​សម្រាប់​អ្នក​មិន​ដែល​ដឹង​សោះ​ ​ព្រោះ​អាច​នឹង​ចំណាយ​ពេល​វេលា​យូរ ​ត្រូវ​បំពេញ​ប្រវត្តិ​ផ្ទាល់​ខ្លួន​ ដែល​ចាំបាច់​ត្រូវ​យក​ឯកសារ​សំខាន់​ភ្ជាប់​ជាមួយ​ដូចជា ​​​​​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សេចក្ដី​ចម្លង​សំបុត្រកំណើត​ ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត​ និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ​ ឬ​លិខិត​បញ្ជាក់​ទីលំនៅ។ ​ប៉ុន្តែ​បើ​មិន​ចង់​យក​ទៅ​ច្រើន​នាំ​រញ៉ែ​រញ៉ៃ​ យើង​អាច​យក​តែ​អត្តសញ្ញាណប័ណ្ណ​ និង​ កត់​ចំណាំ​លេខ​ និង​ថ្ងៃ​ទី​ចុះ​ នៃ​សៀវភៅ​គ្រួសារ។ មួយទៀត កុំភ្លេចយកប៊ិចទៅផង។

៣. ​មន្ត្រី​ពិនិត្យ​ និង​ថត​ចម្លង​ឯកសារ

នៅ​ដំណាក់​កាល​នេះ​ មន្ត្រី​នឹង​ហៅ​ឈ្មោះ​របស់​យើង ហេតុ​នេះ​ យើង​គួរ​ឈរ ឬ​អង្គុយ​នៅ​ក្បែរ​ៗ​ហ្នឹង ដើម្បី​រង់​ចាំ​ស្ដាប់​ឈ្មោះ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​​នោះ​ គឺ​នៅ​ពេល​គេ​ពិនិត្យ​ឯក​សារ​របស់​យើង​ យើង​អាច​មាន​កន្លែង​សរសេរ​ខុស​​ ហើយ​កន្លែង​ដែល​ខុស​ញឹក​ និង​ច្រើន​ជាងគេ​ គឺ​អាស័យដ្ឋាន​របស់​យើង។​ តួយ៉ាង​ ប្រសិន​បើ​យើង​មិន​ទាន់​រៀប​ការ​ ឬ​រៀប​ការ​រួច​ និង​មាន​ផ្ទះ​ខ្លួន​ឯង តែ​មិន​ទាន់​មាន​សៀវភៅ​គ្រួសារ​ ក៏​មិន​អាច​បំពេញ​​​អាស័យដ្ឋាន​ផ្ទះ​នៅ​ភ្នំពេញ​បាន​ដែរ​ ដរាប​ណា​យើង​មាន​សៀវភៅ​គ្រួសារ​ផ្ទាល់​ខ្លួន​។ ដូចគ្នា​សម្រាប់​អ្នក​នៅ​ផ្ទះ​ជួល​ដែរ ពោល​គឺ​មិន​អាច​ដាក់​អាស័យ​នៅ​ផ្ទះ​ជួល​បាន​នោះ​ទេ ចាំបាច់​ត្រូវ​ដាក់​អាស័យដ្ឋាន​​តាម​សៀវភៅ​គ្រួសារ។

​​​​​​​​​​​​ ៤. បង់ថ្លៃ​សម្រាប់​ឯក​សារ​ស្នើ​សុំ​ធ្វើ​លិខិត​ឆ្លង​ដែន​ (តម្លៃ​ ១ម៉ឺន​ ៦ពាន់​រៀល)

៥. ​​ថតរូប ​ (យើង​មិន​ចាំបាច់​ផ្ដិត​ ឬ​ថតរូប​ខ្លួន​ឯង​នោះ​ទេ​ ព្រោះ​នៅ​ទីនោះ​​គេ​មាន​កន្លែង​ថត​ស្រាប់​)

៦. រង់ចាំ​គេ​បិទ​រូបថត​ ហើយ​យក​ឯកសារ​​

៧. វាស់​កម្ពស់

៨. សម្ភាស​ប្រវត្តិ​ខ្លះ​ៗ​

៩.​ បង់ថ្លៃ​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន ចុច​អាន​លម្អិត​បន្ថែម ​ លើ​តម្លៃ​សេវា​

បញ្ជាក់៖ ​ត្រូវ​រក្សា​ចុង​សន្លឹក​ឲ្យ​បាន​ល្អ​ ​ព្រោះ​ត្រូវ​ទុក​វា​​រង់​ចាំ​ទៅ​ដក​លិខិតឆ្លងដែន​ នៅ​រយៈ​ពេល​កំណត់។​​

ចុចអាន៖ ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរនៅផ្សារអ៊ីអន២ ងាយស្រួលបំផុត ​​ ​​​​ ​​

អត្ថបទ៖ ស៊ិន សាវ៉េត