ប៉ូលិសចរាចរណ៍ខេត្តកណ្ដាលម្នាក់ត្រូវម្ចាស់ឡានបើកបំបុកបាក់ជើងទាំងពីរពេលបំពេញការងារ
- 2019-11-28 02:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសចរាចរណ៍ខេត្តកណ្ដាលម្នាក់ត្រូវម្ចាស់ឡានបើកបំបុកបាក់ជើងទាំងពីរពេលបំពេញការងារ
ចន្លោះមិនឃើញ
មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តកណ្ដាលឲ្យដឹងថាប៉ូលិសចរាចរណ៍ម្នាក់រងរបួសធ្ងន់ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍ត្រង់ចំណុចស្តុបព្រែកហូរ ដោយរថមួយគ្រឿងបានបើកបុកបណ្ដាលឲ្យបាក់ជើងទាំងពីរ និងរបួសត្រង់ក្បាលផង។
ស្នងការនគរបាលខេត្តកណ្តាលលោក អៀវ ចំរើន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់មិញថាហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨ និង៣២នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបព្រែកហូរ។ ប្រភពបន្តថាហេតុការណ៍នេះកើតឡើងដោយម្ចាស់រថយន្តTacoma មួយគ្រឿងមិនស្តាប់តាមការបញ្ជារបស់សមត្ថកិច្ចឲ្យអែបខាង តែបែរជាបើកបំបុកសមត្ថកិច្ចឈ្មោះ ទូច សៅហេង ខ្ទាតចម្ងាយប្រាំម៉ែត្រ បណ្តាលឲ្យបាក់ជើងទាំងសងខាង និងរងរបួសក្បាលផង។
លោក អៀវ ចំរើន បញ្ជាក់ថាជនបង្កបានព្យាយាមបើករថយន្តរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញស្ទាក់ និងបានទុករថយន្តចោលរួចគេចខ្លួនបាត់។ លោកបន្ថែមថា៖ «យើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៌មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ សូមអញ្ជើញម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ។ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយលោកអនុ.ឯក ទូច សៅហេង សូមចូលរួមសោកស្តាយដែលត្រូវជនពាលអវិជ្ជាប្រមាថដល់ជីវិតក្នុងពេលបំពេញបេកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខដ៏ធ្ងន់ធ្ងរនេះផង»៕