តាមព័ត៌មាន រឿង "នាឡិកាដាស់វិញ្ញាណ” ដល់វេលាចេញទៅថៃ និងឡាវហើយ!
- 2019-11-28 03:11:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមព័ត៌មាន រឿង "នាឡិកាដាស់វិញ្ញាណ” ដល់វេលាចេញទៅថៃ និងឡាវហើយ!
ចន្លោះមិនឃើញ
តាមព័ត៌មានដែលទទួលបាន ភាពយន្តខ្មែរមួយរឿងខណៈរបស់ផលិតកម្ម LD Picture រឿង "នាឡិកាដាស់វិញ្ញាណ" ដែលទទួលការសរសើរពីផលិតករជាច្រើន បូករួមទាំងទស្សនិកជនផងនោះ ឥឡូវនេះមានដំណឹងថា ដល់វេលាត្រៀមចេញទៅប្រទេស ថៃ និងឡាវ ហើយ។
នេះជាការវិវត្តថ្មី ក្រោយពីរឿងនេះ ត្រូវបានផលិតករលោក លៀក លីដា បង្ហើបតាំងពីថ្ងៃបើកសម្ពោធម្ល៉េះថា ភាពយន្តខ្នាតធំរបស់លោកមួយនេះ នឹងចេញទៅដាក់បញ្ចាំងនៅលើទីផ្សារអន្តរជាតិចំនួន៦ប្រទេសឯណោះ។ យ៉ាងណា ជំហានដំបូងនេះ គឺចេញទៅប្រទេស ឡាវ និងថៃ ជាមុនសិន ដោយចាប់ផ្ដើមពីថ្ងៃ ២៦ ខែ ធ្នូចុងឆ្នាំ២០១៩នេះ។ ដោយឡែកប្រទេសផ្សេងៗទៀត នឹងទៅដល់តាមកាលវិភាគបន្តបន្ទាប់។ នេះបើតាមឲ្យដឹងពីក្រុមផលិតភាពយន្តខាងលើ។
ទន្ទឹមនឹងដំណឹងនេះ ក្រឡេកទៅមើលក្នុងផេក Major Group នៅប្រទេស ថៃណោះវិញ គ្រាន់តែផុសរូបភាពមួយសន្លឹក ដោយភ្ជាប់អត្ថន័យនៃសាច់រឿងនេះ គឺទទួលការកោតសរសើរ និងមានអ្នកចែករំលែករាប់ពាន់អ្នកជាបន្តបន្ទាប់ក្នុងប្រទេស ថៃ។ បើតាមការបញ្ជាក់ពីលោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture ឱ្យដឹងថា ស្នាដៃដំបូងរបស់ខ្លួនដែលចំណាយទុនផលិតមិនធ្លាប់មាន នឹងក្លាយជាស្នាដៃមួយបើកផ្លូវសម្រាប់ភាពយន្តខ្មែរធ្វើឱ្យបរទេសទទួលស្គាល់ពីការផលិតភាពយន្តខ្មែរនាពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា ៖ "យើងមិនសូវរំពឹងថានឹងទទួលបានជោគជ័យខ្លាំងទេសម្រាប់ស្នាដៃមួយនេះ។តែយើងសង្ឃឹមថា នេះជាស្នាដៃមួយធ្វើឱ្យបរទេសទទួលស្គាល់ថាយើងពិតជាមានសមត្ថភាពផលិតរឿងប្រកបដោយស្តង់ដារមិនចាញ់ពួកគេនោះទេ”។
ផលិតករល្បីឈ្មោះរូបនេះ បន្តថា ក្រោយរឿង "នាឡិកាដាស់វិញ្ញាណ”ការចាក់បញ្ចាំងចប់រួចរាល់នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកសង្ឃឹមយ៉ាងមុតមាំថាភាពយន្តខ្មែរនឹងកាន់តែមានទីផ្សារទូលំទូលាយជាងមុន ហើយនឹងមានផលិតករខ្មែរជាច្រើនទៀតបង្ហាញស្នាដៃជាបន្តបន្ទាប់លើទីផ្សារអន្តរជាតិ។
តាមគម្រោងបន្ទាប់ពី ឡាវ និងថៃ "នាឡិកាដាស់វិញ្ញាណ" នឹងចេញទៅប្រទេស៤ទៀត គឺ ភូមា ម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេ។ ដោយឡែកកាលបរិច្ឆេទពិតប្រាកដសម្រាប់ប្រទេសទាំង៤ខាងលើនេះ មិនត្រូវបានបញ្ចេញឲ្យដឹងនៅឡើយ៕