ភ័យស្ទើរលោះព្រលឹង! រកឃើញគ្រាប់បែកសល់ពីសង្គ្រាមលោកលើកទី ២ បណ្ដាលឲ្យពលរដ្ឋជាង ១ម៉ឺននាក់ជម្លៀសខ្លួន

  • 2019-12-02 02:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​កណ្ដាល​ក្រុង Turin ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ខណៈ​ពេល​ដែល​ក្រុម​ជំនាញ​ធ្វើ​ការ​ដោះ​គ្រាប់​បែក​សល់​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​គ្រាប់​បែក​របស់​ចក្រភព​អង់គ្លេស​ដែល​បាន​ទម្លាក់​មក​លើ​ទី​ក្រុង​កាល​ពី​សង្គ្រាម​លោក​លើក​ទី ២ ដែល​មាន​ទម្ងន់ ៦៥​គីឡូក្រាម។ មនុស្ស ៥០០០០ នាក់ទៀតដែលរស់នៅឆ្ងាយ ត្រូវបានគេប្រាប់ថាត្រូវចាកចេញពីផ្ទះរបស់ពួកគេជាមុន ឬ​សំងំ​ក្នុង​ផ្ទះ អំឡុង​ពេលប្រតិបត្តិការ​ដោះ​គ្រាប់​បែក​។ ចាហ្វាយ​ក្រុង Turin លោក Chiara Appendino បង្ហើប​ថា​អ្នក​ជំនាញ​ត្រូវ​​ធ្វើ​ការ​ដោះ​គ្រាប់​បែក​ឲ្យ​បាន​ទាន់​ពេល​វេលា។

ចំណែក​ឯ​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ដែរ​ថា ប្រតិបត្ដិការ​ដោះ​គ្រាប់បែក ត្រូវបានបញ្ចប់លឿនជាងការរំពឹងទុកហើយប្រជាជននៅតំបន់ទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ជាមួយគ្នា​ដែរ លំហអាកាស​នៃ​ជើង​ហោះហើរ​ពី​លើ​ទីក្រុង Turin ក៏ត្រូវបានបិទអំឡុងពេលប្រតិបត្តិការ​ផង​ដែរ។

គួរឲ្យ​ដឹង​ថា កាល​ពី​ដើម​ឆ្នាំ​នេះ ប្រជាជន​អាល្លឺម៉ង់ ៤ ៥០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ក្រោយ​ពេលដែល​គ្រាប់​បែក​សល់​ពី​សង្គ្រាម​លោក​លើក​ទី ២ បាន​ផ្ទុះ​ឡើង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន