លេចឮថាឡាន "រថក្រោះ" មកដល់ខ្មែរឆាប់ៗនេះ

  • 2019-12-02 04:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​ទំព័រ​រថយន្ត​​មួយ​ឈ្មោះ​ "Amazing Modification” បាន​បង្ហាញ​ដំណឹង​មួយ​អំពី​រថយន្ត​ Rezvani Tank ស៊េរី​ឆ្នាំ ២០២០ ដែល​​រថយន្ត​នេះ​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​មក​កាន់​ប្រទេស​កម្ពុជា។

រូបភាព ៖ Amazing Modification

ក្រៅ​ពី​រូបភាព​ ២ សន្លឹក​ដែល​បង្ហាញ​អំពី​ការ​ដាក់​រថយន្ត​ចូល​ទៅ​ក្នុង​ទូរ​​កុងតឺន័រ ទំព័រ​ខាង​លើ​មិន​បាន​ប្រាប់​ព័ត៌មាន​អ្វី​បន្ថែម​នោះ​ឡើយ។ ​រថយន្ត​ Rezvani Tank ស៊េរី​ថ្មី បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​ក្នុង​​កម្មវិធី Monterey Car Week នា​ថ្ងៃ​ទី ១៦ ខែ​សីហា ដោយ​វា​មាន​ចែក​ចេញ​ជា​ ៣ ​ប្រភេទ។

រូបភាព ៖ Amazing Modification

ប្រភេទ​ធូរ​ជាង​គេ​មាន​តម្លៃ ១៥៥ ០០០ ដុល្លារ ប្រើ​ម៉ាស៊ីន​កម្លាំង ២៨៥ សេះ ចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង ប៉ុន្តែ​វា​ក៏​​មាន​ជម្រើស​ម៉ាស៊ីន ៥០០ សេះ ចំណុះ ៦,៤ លីត្រ ៨ ស៊ីឡាំង ឬ ម៉ាស៊ីន​ម៉ាស៊ូត​ ២៨៥ សេះ ចំណុះ ៣,០ លីត្រ​ផង​ដែរ។ ពីរ​ប្រភេទ​ទៀត​គឺ​បំពាក់​ម៉ាស៊ីន Dodge Demon ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់ ១០០០ សេះ ជា​មួយ​តម្លៃ​ចាប់​ពី ២៩៥ ០០០ ដុល្លារ សម្រាប់​ប្រភេទ Tank Military Edition និង​ចាប់​ពី ៣៤៩ ០០០ ដុល្លារ សម្រាប់​ប្រភេទ Tank X។

​គួរ​ដឹង​ថា​​កាល​ពី​អំឡុង​​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ ​លោក ឧកញ៉ា ស្រី ​ចាន់​ថន​ បាន​ប្រកាស​ថាក្រុមហ៊ុន​របស់​លោក​ទទួល​បាន​សិទ្ធិ នាំ​ចូល​ផ្ដាច់​មុខ​នូវ​ប្រភេទ​រថយន្ត Rezvani របស់​សហរដ្ឋ​អាមេរិក មក​លក់​នៅ​ប្រទេស​​កម្ពុជា និង​មាន​សិទ្ធ​ចែក​ចាយ​បន្ត​ទៅ​កាន់​ប្រាំ​ប្រទេស​ផ្សេង​ទៀត​ដែល​រួម​មាន៖ សិង្ហបុរី, ម៉ាឡេស៊ី, ថៃ, វៀតណាម និង​ឡាវ។ នេះ​មាន​ន័យ​ថា​រថយន្ត​ Tank ស៊េរី​ឆ្នាំ ២០២០ ខាង​លើ​ទំនង​ជា​​ការ​នាំ​ចូល​លើក​ដំបូង​របស់​លោកឧកញ៉ា ស្រី ​ចាន់​ថន មក​កាន់​ប្រទេស​កម្ពុជា៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម