គួរឲ្យស្ដាយ! តំបន់​បេតិកភណ្ឌ​ពិភពលោកមួយរបស់អូទ្រីស ត្រូវបានអគ្គិភ័យលេបត្របាក់

  • 2019-12-02 09:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិភ័យ​មួយ​ដែល​បាន​ឆាប​ឆេះ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​បណ្ដាល​ឲ្យ​មាន​ការ​ខូច​ខាត​អគារ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ Hallstatt នៃ​ប្រទេស​អូទ្រីស។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មានជាតិ​អូទ្រីស APA ឲ្យ​ដឹង​ថា ដំបូង​ឡើយ​អគ្គិភ័យ​ចាប់​ផ្ដើម​ឡើង​ផ្ទះ​ខ្ទម​ឈើ​មួយ​នៃ​មាត់​បឹង ហើយ​បន្ដ​រាល​ដាល​ទៅ​ផ្ទះ​ខ្ទម​ផ្សេង​ទៀត និង​អគារ​ពីរ​ខ្នង​ដែល​នៅ​ឆ្លង​ផ្លូវ Seestraße ។ កង​ពន្លត់​អគ្គិភ័យ ៨​ក្រុម​ដោយ​មាន​មនុស្ស ១០៩​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដើម្បី​ពន្លត់​ភ្លើង និង​ទប់​ស្កាត់​ការ​រាល​ដាល​បន្ថែម​ទៀត។ យោង​តាម​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់ គឺ​លោក Johannes Pichler ឲ្យ​ដឹង​ថា "ដោយ​សារ​តែ​តំបន់ Hallstatt ត្រូវ​បាន​សាងសង់​ឡើង​កៀក​គ្នា​ពេក ធ្វើ​ឲ្យ​ភ្លើង​ឆាប​ឆេះ​លឿន​ហើយ​រង​ការ​ខូច​ខាត​ខ្លាំង។”

យ៉ាង​ណា​មិញ ពល​រដ្ឋ​ដែល​រស់​នៅ​តំបន់​កើត​ហេតុ​ខាង​លើ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ទី​សុវត្ថិភាព​ទាន់​ពេល​វេលា ប៉ុន្តែ​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់ បាន​រង​របួស​ក្នុង​ហេតុការណ៍​នេះ។ ចំណែក​ឯ​មូលហេតុ​ពិត ដែល​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាប​ឆេះ​នៅ​តំបន់​បេតិកភណ្ឌ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ហើយ​ស្ថានភាព​អគ្គិភ័យ ត្រូវ​ក្រុម​ពន្លត់​អគ្គិភ័យ​គ្រប់​គ្រង​បាន ១០០%​ហើយ។

គួរឲ្យដឹង​ថា Hallstatt គឺ​ជា​តំបន់​គោលដៅ​ទេសចរ​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​អូទ្រីស ដែល​មាន​ភ្ញៀវ​ទេសចរ​ជាង ១​លាន​នាក់​ទៅ​ទស្សនា​ជា​រៀងរាល់​ឆ្នាំ។ ទីក្រុង​នេះ គឺ​ជា​តំបន់​រ៉ែ​អំបិល​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ឆ្នាំ ១៩៩៧៕

ប្រភព៖ 9gag   ប្រែ​សម្រួល៖ រ័ត្ន