ខៀវ វិស្សុតវិជ្ជិតា៖ អាយុតិច ស្អាត ឆ្លាត រៀនចាប៉ីត្រឹម៣ខែបង្ហាញមុខសឹងគ្រប់កម្មវិធីធំៗ

  • 2019-12-03 06:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានទឹកមុខម៉ឺងមាត់ មិនសូវមាត់ក ដៃទាំងពីរកាន់ចាប៉ី ត្រចៀកប្រឹងស្តាប់រៀមច្បង និងលោកគ្រូចាប៉ី នោះគឺជាអត្តសញ្ញាណរបស់កុមារីមានអាយុត្រឹមតែ១១ឆ្នាំ ខៀវ វិស្សុតវិជ្ជិតា ជាសិល្បករិនីផ្នែកចាប៉ីដងវែងវ័យក្មេងមួយនៅកម្ពុជាដែលបានបង្ហាញមុខ និងសមត្ថភាពផ្នែកសិល្បៈបុរាណចាប៉ីដងវែងសឹងគ្រប់កម្មវិធីធំៗនៅកម្ពុជា។

សព្វថ្ងៃកុមារី ខៀវ វិស្សុតវិជ្ជិតា ជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបែលធី។ ក្រៅពីរៀននៅសាលា វិជ្ជិតា យកពេលទំនេររបស់គាត់មកហ្វឹកហ្វាត់ចាប៉ីដងវែងដែលបង្រៀនដោយលោកគ្រូចាប៉ីដងវែង ពេជ សារ៉ាត។ បើគិតរហូតមកដល់ពេលនេះ វិជ្ជិតា បានរៀនមានរយៈពេលជិត ៣ខែប៉ុណ្ណោះ។

កុមារី ខៀវ វិស្សុតវិជ្ជិតា ហាត់សមមុនថ្ងៃមហោស្រពចាប៉ីដងវែងកន្លងទៅ

ខៀវ វិស្សុតវិជ្ជិតា ប្រាប់គោលបំណងរៀនចាប៉ីថា “ចង់ចេញដេញចាប៉ីដើម្បីស្នងពីប៉ា និងសិល្បករចាប៉ីចាស់ៗ និងចង់លើកស្ទួយផ្នែកចាប៉ីនេះឲ្យនៅគង់វង់រហូត។ ”
លោកគ្រូចាប៉ីដងវែង ពេជ សារ៉ាត បានបង្ហើបប្រាប់ថា កុមារី ខៀវ វិស្សុតវិជ្ជិតា ជាក្មេងមួយមានមានវ័យឆ្លាត មានទេពកោសល ពូកែស្តាប់ យកចិត្តទុកដាក់ និងមានបេះដូងស្រលាញ់ចាប៉ី។ បទខ្លះសិស្សផ្សេងរៀន២ទៅ៣ម៉ោងបានអាចដេញបាន តែ វិជ្ជិតា ប្រើពេលតែកន្លះម៉ោងអាចដេញបាន នេះបញ្ជាក់ថា គាត់មានបេះដូងខួរក្បាលចង់ចេះចាប៉ី ចង់ស្នងមរតនេះបន្ត។

កុមារី ខៀវ វិស្សុតវិជ្ជិតា ហាត់សមមុនថ្ងៃមហោស្រពចាប៉ីដងវែងកន្លងទៅ

<<ដំបូងឡើយកើតចេញពីលោក ខៀវ បញ្ញាវឌ្ឍន៍ ដែលជាឪពុករបស់ វិជ្ជិតា ទេ គាត់ចង់ចេះដេញចាប៉ី និងចង់ស្រាវជ្រាវពីឩបករណ៍ចាប៉ី គាត់បានទិញចាប៉ី និងអញ្ជើញខ្ញុំទៅបង្រៀនដល់ផ្ទះ។ នៅផ្ទះរាល់ពេលទំនេរពីការរៀន វិជ្ជិតា បានលួចយកចាប៉ីរបស់ឳពុកយកដេញលេង ហើយប្រាប់ឳពុកថាចង់ចេញដេញចាប៉ី ហើយសួរសំនួរមកខ្ញុំ និងឪពុកថាថា មូលហេតុអ្វីបានជាមិនមានក្មេងៗរៀនចាប៉ីអីចឹង ចាប៉ីនឹងជារបស់ខ្មែរតើ>> លោកគ្រូ ពេជ សារ៉ាត បន្ថែម។

លោកគ្រូចាប៉ីដង ពេជ សារ៉ាត និងជាប្រធានសមាគមន៍ចាប៉ីអមតៈ

ឳពុកកុមារី ខៀវ វិស្សុតវិជ្ជិតា លោក ខៀវ ពញ្ញាវឌ្ឍន៍ បានប្រាប់ឲ្យដឹងថា ” ខ្ញុំមិនមែនជាសិល្បករផ្នែកចាប៉ីអីទេ ខ្ញុំជាមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម នៅក្នុងផ្ទះខ្ញុំចង់ឲ្យមាន កីឡា សិល្បៈ និងការសិក្សាដំណាលគ្នា កន្លងមកខ្ញុំបាននាំគាត់ទៅក្លឹបកីឡា និងបង្រៀនគាត់លេងហ្គីតា និងព្យ៉ាណូ។ ក្រោយមកខ្ញុំចង់ចេះចាប៉ី ខ្ញុំបានជាវចាប៉ី និងអញ្ជើញគ្រូ ពេជ សារ៉ាត មកបង្រៀនដង់ផ្ទះ ថ្ងៃមួយខ្ញុំឃើញ គាត់(វិជ្ជិតា) យកចាប៉ីដែលខ្ញុំព្យូទុកនោះមកកេះ ហើយសួរគាត់ គាត់ចង់រៀន បន្ទាប់មកខ្ញុំបង្រៀនគាត់ និងអញ្ជើញលោកគ្រូ សារ៉ាត មកបង្រៀនគាត់បន្តទៅ” ។

(ឆ្វេង)លោក ខៀវ ពញ្ញាវឌ្ឍន៍ (កណ្តាល)កុមារី ខៀវ វិស្សុតវិជ្ជិតា (ស្តាំ) សាច់ញាតិ

រហូតមកដល់ពេលនេះកុមារី ខៀវវិស្សុត បានចូលរួមសម្តែងក្នុងកម្មវិធីតូចធំជាមួយសិល្បកររៀមច្បងចាស់ៗមានចំនួន៨លើកមកហើយ ដោយរាប់បញ្ចូលកម្មវិធីមហោស្រពចាប៉ីដងវែងឆ្នាំនេះផងដែរ។

បើតាមលោកគ្រូចាប៉ីដង ពេជ សារ៉ាត និងជាប្រធានសមាគមន៍ចាប៉ីអមតៈបានបញ្ជាក់ប្រាប់ថា តាមការស្រាវជ្រាវរបស់សមាគមន៍ នៅទូទាំងប្រទេសកម្ពុជាសព្វថ្ងៃមានប្រហែល៤០០នាក់ ក្នុងនោះព្រឹទ្ធាចារ្យចាប៉ីដងវែងមាន១៥០នាក់ សិល្បករចាប៉ីដងវែងជាយុវជនមាន១៥០នាក់ និងជាកុមារមាន១៥០នាក់៕

អត្ថបទ៖ លន ហ្សាឌីណា