ម្ចាស់ក្រុមហ៊ុន អាជីវករ បើ​សង្ស័យ​មាន​អ្នក​បន្លំជា​មន្ត្រី​កាំកុងត្រូលទាក់ទង​លេខ​នេះ​

  • 2019-12-03 09:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយ​ក​ដ្ឋាន​កាំកុងត្រូល​ស្នើ​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន សហគ្រាស សិប្បករ និង​អាជីវករ​សហការ​រាយការណ៍​ទៅ​កាន់​កាំកុង​ត្រូល​បើ​សង្ស័យ​ថាមាន​ជនខិល​ខូច​បន្លំ​ខ្លួន​ជាមន្ត្រី​កាំកុងត្រូល​​ដើរទារ​ប្រាក់​ដើម្បីជា​ថ្នូរនឹង​ការ​ដោះ​ស្រាយ​បាតុភាព​ណាមួយ ឬ​មិនចុះត្រួត​​ពិនិត្យជាដើម។​

(រូបភាពមន្ត្រីកាំកុងត្រូលពេលចុះបំពេញ​ការងារ/ប្រភព៖ ហ្វេស​ប៊ុក​៖ អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល)

​ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ២០១៩ កាំ​កុងត្រូល បាន​សរសេរថា​មាន​ជន​ខិល​ខូច​មួយ​ចំនួន​បាន​បន្លំ​ខ្លួន ឬ​ប្រើ​ប្រាស់​តួនាទី​ជាមន្ត្រី​កាំកុង​កុងត្រូល​ដើរទារប្រាក់ពីម្ចាស់​ក្រុម​ហ៊ុន សហគ្រាស សិប្បករ និង​អាជីវករ ដោយ​អះអាង​ថាជាថ្នូរ​នឹង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា ឬសម្រប​សម្រួលបាតុភាព​ផ្សេងៗ ឬជាថ្នូរ​មិន​ចុះ​ត្រួត​ពិនិត្យ​ជា​ដើម។

ដើម្បី​ទប់​ស្តាក់ និង​វែក​មុខ​ជនខិល​ខូចទាំងនេះ​កាំកុងត្រូល​ស្នើដល​ម្ចាស់​សហគ្រាស សិប្បករ និង​អាជីវករសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយៈអាស័យដ្ឋាន ផ្លូវបេតុងលេខ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទូរសព្ទ ០២៣ ២៣១ ៨៥៦។

កាំកុង​ត្រូល​បញ្ជាក់ថា​មន្រ្តីជំនាញរបស់​ខ្លួន​គឺមានសម្លៀកបំពាក់ឯកសណ្ឋានការងារ ដោយមានភ្ជាប់ស្លាកឈ្មោះ លេខសម្គាល់ និងលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ ច្បាស់លាស់​ពេល​បំពេញ​ភារកិច្ច​៕​​

អត្ថបទ៖ ជំនោរ