នេះ​គឺ​ពាន​ទាំង​អស់ ដែល​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ បាន​ផ្ដល់​សម្រាប់​វិស័យ​ភាពយន្ត​ខ្មែរ​ឆ្នាំ​នេះ

  • 2019-12-03 09:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦ ដែល​មាន​ការ​សាទរ​ពី​អ្នក​ជំនាញ​ជា​ច្រើន​នោះ បាន​បញ្ចប់​ដោយ​រលូន​ដោយ​អាច​រក​ឃើញ​អ្នក​ឈ្នះ​តាម​គុណ​សម្បត្តិ​រៀង​ៗ​ខ្លួន​ក្នុង​ចំនួន​ជា​ច្រើន​ពាន។

នៅ​ឆ្នាំ​នេះ មហោស្រព​បាន​បន្ថែម​ពាន​ផ្នែក​បច្ចេកទេស​ថែម​ទៀត ព្រោះ​ថា ក្រុម​អ្នក​បច្ចេកទេស ក៏​ជា​កោសិកា​ដ៏​សំខាន់​និង​មិន​អាច​ខ្វះ​បាន​ដូច​គ្នា នៅ​ក្នុង​ដំណើរ​ផលិត​ភាពយន្ត​ទាំង​អស់។ សរុប​អ្នក​ឈ្នះ​ពាន​ទាំង​អស់​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦​នេះ គឺ​មាន​ចំនួន ១២ ពាន ហើយ​មាន​អ្នក​ឈ្នះ​ចំនួន ១៤នាក់។ ពាន​ទាំង​នោះ​មាន៖

១.ពាន​អ្នក​រៀប​ចំ​ឆាក​ឆ្នើម៖ បាន​ទៅ​លើ​ឈ្មោះ សំណាង ប៉ាក អ្នក​រៀប​ឆាក​ក្នុង​រឿង "វាល​ប្រមាញ់" ២.ពាន​អ្នក​កាត់​ត និង​ដំឡើង​រូប​ភាព​ឆ្នើម៖ បាន​ទៅ​លើ​ឈ្មោះ នី វ៉ាន់ថា អ្នក​បច្ចេកទេស​នៃ​រឿង "នាឡិកា​ដាស់​វិញ្ញាណ"។ ៣.ពាន​អ្នក​ផ្គុំ​សំឡេង​ឆ្នើម៖ បាន​ទៅ​លើ​ឈ្មោះ ហេក សុផានិត អ្នកបច្ចេកទេស​នៃ​រឿង "នាឡិកា​ដាស់​វិញ្ញាណ"។​ ៤.ពាន​តួសម្ដែង​បុរស ឆ្នើម​ប្រចាំ​ឆ្នាំ៖ បាន​ទៅ​លើ​លោក រ៉ុង សុភីដេវីដ តួ​សម្ដែង​ក្នុង​រឿង "ស្នេហា​ក្មេង​ៗ"។ ៥.ពាន​តួ​សម្ដែង​នារី ឆ្នើម​ប្រចាំ​ឆ្នាំ៖ បាន​ទៅ​លើ​កញ្ញា វីនិច្ច វិរៈ តួឯក​ស្រី​ក្នុង​រឿង "វិបល្លាស" ៦.ពាន​កិត្តិយស បុរស និង​នារី៖ បាន​ទៅ​លើ​លោក សន ពិសិដ្ឋ និង​ប្អូន​ស្រី ឃុល សាមេនតា តួ​សម្ដែង​ឪពុក និង​កូន​ក្នុង​រឿង "នាឡិកា​ដាស​វិញ្ញាណ"។

ពាន​នេះ​ដដែល បាន​ទៅ​លើ​លោក ជី រតនា តួឯក​ប្រុស​ក្នុង​រឿង "វិបល្លាស" និង​អ្នក​ឈ្នះ​ចុង​ក្រោយ​សម្រាប់​ពាន​នេះ​ដែរ គឺ​បាន​ទៅ​លើ​កញ្ញា វណ្ណៈ បរមី តួឯក​ស្រី​ក្នុង​រឿង "ព្រឺ"។ ៧.ពាន​អ្នក​ដឹកនាំ​រឿង​ដំបូង៖ បាន​ទៅ​លើ​កញ្ញា រិទ្ធិ លម្អរ​ពេជ្រ អ្នក​ដឹកនាំ​រឿង "ស្នេហា​ក្មេង​ៗ"។ ៨.ពាន​អ្នក​និពន្ធ​ឆ្នើម៖ បាន​ទៅ​លើ កញ្ញា រិទ្ធិ លម្អរ​ពេជ្រ និង​លោក ម៉ុង ម៉ានិត(សហ​ដឹកនាំ) នៃ​រឿង "ស្នេហា​ក្មេង​ៗ"។ ៩.ភាពយន្ត​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​ពី​មហាជន៖ បាន​ទៅ​លើ​រឿង "ធ្មប់" របស់​លោក ហ៊ុយ យ៉ាឡេង។ ១០.អ្នក​ថត​ភាពយន្ត​ឆ្នើម៖ បាន​ទៅ​លើ​អ្នក​ថត​នៃ​រឿង "វិបល្លាស" លោក គីមអាន សុផាស័ក្ត ១១.អ្នក​ដឹកនាំ​រឿង​ឆ្នើម៖ បាន​ទៅ​លើ​លោក លៀក លីដា នៃ​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ១២.ពាន​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ៖ បាន​ទៅ​លើ​រឿង "នាឡិកា​ដាស់​វិញ្ញាណ" របស់​ផលិតកម្ម LD Picture។

លទ្ធផល​ទាំង​នេះ បាន​នាំ​ឲ្យ​មាន​សុទិដ្ឋិនិយម និង​ការ​រំពឹង​ខ្ពស់​សម្រាប់​មហោស្រព​នៅ​ឆ្នាំ​បន្ទាប់​ៗ​ទៀត ក៏​ដូច​ជា​ភាព​រីកចម្រើន​វិស័យ​ភាពយន្ត​ខ្មែរ។ ឯកឧត្ដម ម៉ៅ អាយុទ្ធ ប្រធាន​គណៈកម្មការ​វាយ​តម្លៃ​របស់​មហោស្រព បាន​ឲ្យ​ដឹង​ថា ឯកឧត្ដម​បាន​រក​ឃើញ​ចំណុច​វិជ្ជមាន​ច្រើន​ក្នុង​ចំណោម​ភាពយន្ត​ទាំង ១៨​ជើង ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​មហោស្រព ក្នុង​នោះ​សំដៅ​លើ​គុណភាព។

ជាមួយ​គ្នា ឯកឧត្ដម ក៏​បាន​លើក​សរសើរ​ពី​សមត្ថភាព​របស់​អ្នក​ដឹកនាំ​ភាពយន្ត​ខ្មែរ ដែល​ក្នុង​នោះ​មាន​រឿង​ខ្លះ ថែម​ទាំង​បាន​នាំ​យក​សិល្បករ​បរទេស​មក​សម្ដែង​ជាមួយ​សិល្បករ​ក្នុង​ស្រុក​ផង ដែល​នេះ ឯកឧត្ដម អះអាង​ថា ជា​ជំហាន​ដ៏​ល្អ​ថ្មី​ទៀត​នៃ​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក។

ដោយ​ឡែក​លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​បង្ហាញ​សុទិដ្ឋិនិយម​ដូច​គ្នា​ចំពោះ​បេក្ខភាព​ភាពយន្ត​ក្នុង​មហោស្រព​លើក​ទី​៦​នេះ។ លោក​ថា ភាពយន្ត​ក្នុង​ស្រុក គិត​ទាំង​បរិមាណ និង​គុណភាព គឺ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​មហោស្រព​លើក​នេះ ដែល​បង្ហាញ​ពី​ស្ថិរភាព​នៃ​វិស័យ​ភាពយន្ត​របស់​ខ្មែរ។ យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​រក្សា​ស្ថិរភាព​នៃ​ការ​ផលិត លោក​ជំរុញ​ដល់​ផលិតករ​ផលិត​ភាពយន្ត​មាន​គុណភាព​ដែល​អាច​ចេញ​ទៅ​ទីផ្សារ​បរទេស​បាន ដើម្បី​បង្កើន​លទ្ធភាព​ប្រមូល​ទុន​ត្រឡប់​មក​វិញ។

លោក​ថា រឿង​ដែល​មាន​គុណភាព​ស្តង់ដារ​មួយ ត្រូវ​ការ​ទំហំ​វិនិយោគ​ច្រើន ដែល​ជា​ឧបសគ្គ​ធំ​មួយ​សម្រាប់​ផលិតករ​ក្នុង​ស្រុក។ ដូច្នេះ​ជា​ដំណោះ​ស្រាយ លោក​លើក​ទឹក​ចិត្ត​ផលិតករ​ត្រូវ​ចេះ​រក​ដៃគូ​វិនិយោគ​ជាមួយ​បរទេស ដើម្បី​ប្រមូល​ទុន​បង្គ្រប់ និង​បើក​ឱកាស​ទីផ្សារ​ភាពយន្ត​នៅ​ក្រុង​ស្រុក​ផង។ ធ្វើ​បែប​នេះ​បាន លោក​ថា ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​នឹង​មាន​ស្ថិរភាព។

ងាក​មក​ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ គូស​បញ្ជាក់​ថា មហោស្រព​ភាពយន្ត​ជាតិ គឺ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​ធំ​ប្រចាំ​ឆ្នាំ និង​ជា​ចំណុច​វាស់​វែង​ដ៏​សំខាន់​នូវ​គុណភាព​របស់​ផលិតផល​ភាពយន្ត​ក្នុង​ស្រុក។ វេទិកា​នេះ មិន​ត្រឹម​ជា​កន្លែង​ប្រកួត​ប្រជែង​ស្នាដៃ ប៉ុន្តែ​ក៏​ជា​កន្លែង​សិក្សា​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ភាពយន្ត​ដែរ។

ដូច្នេះ​ហើយ ឆ្លង​តាម​កំណើន​ទាំង​បរិមាណ និង​គុណភាព​ក្នុង​មហោស្រព​លើក​ទី​៦​នេះ ឯកឧត្ដម ពិត​ជា​មោទកភាព​ណាស់ និង​មាន​ជំនឿ​ថា ភាពយន្ត​ខ្មែរ​បាន និង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​មួយ ក្នុង​ទិសដៅ​ដែល​អាច​ឈាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស​នៅ​លើ​វេទិកា​អន្តរជាតិ​បាន​នា​ពេល​មិន​យូរ​ខាង​មុខ ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ទារិកា