ប្រុស​ស្អាត ដេវីដ បង្កើត​ប្រវត្តិសាស្ត្រផ្ទាល់​ខ្លួន ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៦

  • 2019-12-11 08:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯក​ប្រុស​ក្នុង​រឿង "ស្នេហា​ក្មេងៗ" លោក រ៉ុង សុភីដេវីដ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ផ្ទាល់​ខ្លួន​ដោយ​ឈ្នះ​បាន​ជយលាភី​លើក​ដំបូង​បំផុត​ពី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦​ទើប​បញ្ចប់​ថ្មី​ៗ។ ជ័យជំនះ​របស់​លោក​ក៏​ព្រម​ជាមួយ​សិល្បករ​ខ្មែរ​មួយ​ចំនួន​ទៀត ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​បំផុត​របស់​ខ្លួន​ពី​ព្រឹត្តិការណ៍​ខាង​លើ​ដែរ។

ដេវីដ បាន​ឈ្នះ​ជយលាភី ពាន​តួសម្ដែង​បុរស ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៩ ស្រប​ពេល​ដែល​លោក​មាន​បទ​ពិសោធន៍​តិច​តួច​នៅ​ឡើយ ក្នុង​នោះ ទើប​តែ​ចូល​រួម​សម្ដែង​ភាពយន្ត​លើក​ដំបូង​បំផុត​ក្នុង​រឿង "ស្នេហា​ក្មេងៗ" ឬ "Young Love" ហើយ​ហើយ​រឿង​នេះ ក៏​បាន​ចូល​ទៅ​ប្រកួត​ដណ្ដើម​ជយលាភី​លើក​ដំបូង​បំផុត​របស់​ខ្លួន​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ។ ជា​លទ្ធផល​ភាពយន្ត "ស្នេហា​ក្មេង​ៗ" មិន​បាន​ពាន​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ក្រុម​ការងារ​ផលិត​របស់​ភាពយន្ត​បាន​ឈ្នះ​ពាន​មួយ​ចំនួន។

ជាក់​ស្ដែង លោក សុភីដេវីដ ឈ្នះ​ពាន​តួ​សម្ដែង​ប្រុស​ឆ្នើម​ប្រចាំ​ឆ្នាំ​ដែល​សូម្បី​តែ​សាមី​ខ្លួន​ក៏​នឹក​ស្មាន​មិន​ដល់។ ភ្លាម​ៗ តន្ត្រីករ​វិវត្ត​ខ្លួន​បន្ថែម​មក​ជា​តារា​សម្ដែង​រូប​នេះ នៅ​លើ​វេទិកា បាន​គាំង​និយាយ​អ្វី​មិន​ចេញ។ លោក​ថា លោក​រំភើប​ពេក​និយាយ​មិន​ចេញ​ទេ គឺ​បាន​ត្រឹម​តែ​អរគុណ​ចំពោះ​ការ​ស្រឡាញ់​ទាំង​ឡាយ។

ផ្ដល់​បទ​សម្ភាសន៍​ក្រោយ​បញ្ចប់​កម្មវិធី ដេវីដ ប្រាប់​ថា ពេល​នោះ​លោក​រំភើប​ខ្លាំង​មិន​ដឹង​ថា យក​ពាក្យ​អ្វី​មក​និយាយ​ឲ្យ​សម​នោះ​ទេ។ "និយាយ​ទៅ​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​អាច​ទទួល​លទ្ធផល​ល្អ​ដូចនេះ​ទេ ព្រោះ​ខ្ញុំ​ជា​តន្ត្រី​ករ​ទេ ប៉ុន្តែ​បាន​សាក​ចូល​សម្ដែង​ភាពយន្ត​លើក​ដំបូង ក៏​ទទួល​បាន​លទ្ធផល​នឹក​ស្មាន​មិន​ដល់ វា​ភាពយន្ត​ខ្ញុំ​សម្ដែង​ដំបូង ចូល​រួម​ក្នុង​មហោស្រព​នេះ​ដំបូង ហើយ​ឈ្នះ​ជយលាភី​នេះ​ដំបូង​ទៀត និយាយ​ទៅ​គឺ​រំភើប​ខ្លាំង​មែន​បង"។

រ៉ុង សុភីដេវីដ មាន​វ័យ ២២​ឆ្នាំ ជា​តន្ត្រីករ​ក្នុង​ក្រុម​តូច Small World Small Band(SWSB)។ លោក​ត្រូវ​បាន​ជ្រើស​រើស​ដោយ​កញ្ញា រិទ្ធី លម្អរពេជ្រ និង​លោក ម៉ុង ម៉ានិត ដែល​ជា​អ្នក​និពន្ធ និង​ដឹកនាំ​រឿង ឲ្យ​ចូល​សម្ដែង​ក្នុង​រឿង "ស្នេហា​ក្មេង​ៗ" របស់​ផលិតកម្ម កងចក្រ​ភីកឈ័រ។ ជា​លទ្ធផល​ក៏​បាន​ពាន​តារា​សម្ដែង​ប្រុស​ឆ្នើម​ប្រចាំ​ឆ្នាំ​តែ​ម្ដង។

ដេវីដ និង​មិត្តភ័ក្ដិ​ ក៏​ដូច​ក្រុម​ការងារ​ផលិត​រឿង "ស្នេហា​ក្មេងៗ"

បើ​ទោះ​ជា​ចាប់​ផ្ដើម​ជាមួយ​អាជីព​ជា​តន្ត្រីករ ប៉ុន្តែ​លទ្ធផល​ខាង​លើ ដេវីដ ឲ្យ​ដឹង​ថា ទាំង​នេះ​នឹង​ជួយ​ឲ្យ​លោក​លូក​កាន់​តែ​ជ្រៅ​ក្នុង​អាជីព​សិល្បៈ ពោល​គឺ​ការ​សម្ដែង ហើយ​នឹង​អាច​ពង្រីក​ទៅ​ដល់​អាជីព​ផ្សេង​ទៀត ដូច​ជា​ដើរ​ម៉ូដ​ជា​ដើម ដោយសារ​តែ​លោក​មាន​សក្ដានុពល​លើ​រូបរាង​ជា​ស្រេច ក្នុង​នោះ​លោក​មាន​កម្ពស់​ដល់​ទៅ ១,៧៥ ម៉ែត្រ និង​មាន​វ័យ​ក្មេង​ថែម​ទៀត។

បន្ថែម​ពី​នេះ លោក​ក៏​ជា​កីឡាករ​មួយ​រូប​ដែរ គឺ​ជា​កីឡាករ​តៃក្វាន់ដូ ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ផង។ ដូច្នេះ​ហើយ ចំណូល​ចិត្ត​​របស់​លោក គឺ​ចូល​ចិត្ត​ប្រកួតប្រជែង​(Challenging)។ “ខ្ញុំ​ក៏​ជា​កីឡាករ​តៃក្វាន់​ដូរ​ដែរ អីចឹង​ហើយ​ចូល​ចិត្ត​ប្រកួត...ដូច្នេះ​ទៅ​មុខ បើ​មាន​ឱកាស​ក្នុង​ការ​ចាប់​យក​អាជីព​អី​ថ្មី​​បន្ថែម​ទៀត ខ្ញុំ​នឹង​ចាប់​!”។ ដេវីដ ថ្លែង។

ដេវីដ និង​មិត្តភ័ក្ដិ​ ក៏​ដូច​ក្រុម​ការងារ​ផលិត​រឿង "ស្នេហា​ក្មេងៗ"

មិន​ត្រឹម​តែ រ៉ុង សុភីដេវីដ ទេ​ដែល​បង្កើត​កំណត់​ត្រា​ថ្មី​បំផុត​លើក​ដំបូង​សម្រាប់​ខ្លួន​ឯង។ ប៉ុន្តែ​នៅ​មាន​សិល្បករ​ជើង​ថ្មី​ច្រើន​ទៀត​ដែល​សម្រេច​បាន​សមិទ្ធផល​ដូច​គ្នា​នេះ ក្នុង​នោះ​រួម​មាន រិទ្ធី លម្អរ​ពេជ្រ និង ម៉ុង ម៉ានិត អ្នក​និពន្ធ សន ពិសិដ្ឋ វីនិច្ច វីរៈ សំណាង ប៉ាក នី វ៉ាន់ថា កញ្ញា វណ្ណៈ បរមី ជា​ដើម​សុទ្ធ​តែ​សម្រេច​បាន​លទ្ធផល​អស្ចារ្យ​ដំបូង​បំផុត​ក្នុង​អាជីព​របស់​ខ្លួន​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៦​នេះ ទៅ​តាម​ប្រភេទ​ទេពកោសល្យ​រៀង​ៗ​ខ្លួន៕

លោក សន ពិសិដ្ឋ
កញ្ញា វីនិច្ច វីរៈ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី