ទឹក​ប្រាក់​យ៉ាង​សម្បើម ដាក់​ឲ្យ​ប្រកួត Influencer ក្នុង​កម្មវិធី CAMBODIAN NET IDOLឆ្នាំ​នេះ

  • 2019-12-12 03:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ប្រាក់​ខ្ទង់​ជាង ១០០​លាន​រៀល ស្មើ​នឹង​ជាង ៣ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ការ​ប្រកួត Influencer (បុគ្គល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម) ក្នុង​កម្មវិធី Cambodian Net iDol ឆ្នាំ​នេះ ក្រោយ​ពី​កម្មវិធី​ដូច​គ្នា​នេះ បាន​ទទួល​ជោគជ័យ​យ៉ាង​សម្បើម​កាល​ពី​ឆ្នាំ​ទី១។ នេះ​បើ​តាម​ប្រកាស​របស់ Cake Experiential Communications ក្រុម​ហ៊ុន​អ្នក​ផ្ដើម​គំនិត​របស់​ព្រឹត្តិការណ៍​នេះ។

លោក Andy Ong(រូប​ឆ្វេងដៃ) លោក Jeck Tan(រូប​ខាង​ស្ដាំដៃ) និង​គណៈកម្មការ​ទាំង​៣

កាល​ពី​ឆ្នាំ​ទី​១ CAMBODIAN NET IDOL ឬ CNI បាន​ទទួល​អ្នក​ចូល​ទស្សនា​លើ​ការ​ចាក់​ផ្សាយ​របស់​ខ្លួន​ចំនួន​ជាង ៧លាន​នាក់ ដែល​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បណ្ដា Influencer ក្នុង​ស្រុក ហើយ​នេះ​ជា​មូលហេតុ​ដែល​កម្មវិធី ឈាន​មក​ដល់​ដំណើរ​ការ​កម្មវិធី​របស់​ខ្លួន​នៅ​ឆ្នាំ​ទី​២​នេះ ដែល​តាម​ផែន​ការ​ប្រមូល​ផ្ដុំ​ក្រុម Influencer មក​នៅ​កន្លែង​តែ​មួយ។

លោក Andy Ong ជា Chief Experience Officer បាន​ឲ្យ​ដឹង​ថា លោក​បាន​មើល​ឃើញ​ថា Influencer ក្នុង​ស្រុក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទើប​ចាប់​ផ្ដើម ដូច្នេះ​ហើយ ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ Influencer កម្ពុជា ត្រូវ​ការ​ឱកាស​ដើម្បី​​ដុះ​ខាត់​សមត្ថភាព​បន្ថែម ក៏​ដូច​ជា​ឱកាស​បង្ហាញ​ខ្លួន​បង្កើន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​សាធារណជន។ ហេតុផល​នេះ​ហើយ ទើប​លោក​ផ្ដួចផ្ដើម​ឲ្យ​មាន CNI នេះ​ឡើង ដើម្បី​ជួយ​ជំរុញ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ទីផ្សារ Influencer ក្នុង​ស្រុក​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ ហើយ​ឱកាស​ក៏​ច្រើន។

លោក​បន្ត​ថា នៅ​ពេល​ណា Influencer ម្នាក់ ឬ​ពីរ​នាក់​ចាប់​ផ្ដើម​ល្បី​ឈ្មោះ ឱកាស​រីក​ចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​ពួក​គេ​ក៏​កាន់​តែ​ច្រើន ព្រោះ​លោក​ជឿ​ថា ទៅ​មុខ​ការ​ផ្សព្វផ្សាយ​ពី​ពាណិជ្ជ​សញ្ញា ឬ​ពាណិជ្ជ​នាម​តាម​រយៈ​ក្រុម Influencer នឹង​កាន់​តែ​មាន​ប្រជាប្រិយភាព និង​មាន​ប្រសិទ្ធភាព​ជាង។ “មាន​ក្រុមហ៊ុន ក៏​ដូច​ជា​ផលិតផល​ច្រើន​ណាស់ ដែល​រង់ចាំ​ពួក​គេ​ឲ្យ​ជួយ​ផ្សព្វផ្សាយ អីចឹង​ពេល​ពួក​គេ​ល្បី​ឈ្មោះ ក្រុមហ៊ុន​ទាំង​នោះ​នឹង​មក​រក​ពួក​គេ​ឲ្យ​ជួយ​ផ្សព្វផ្សាយ ហើយ​វិធី​នេះ មាន​ប្រសិទ្ធភាព​ជាង​ផង​ធៀប​នឹង​ការ​ផ្សព្វផ្សាយ​តាម​របៀប​ដូច​សព្វ​ថ្ងៃ"។ Andy បន្ថែម។

ជាមួយ​នឹង​ឆន្ទៈ​មោះមុត​នេះ CNI ឆ្នាំ​ទី​២នេះ សម្រេច​ពី​គម្រោង​ផ្លូវ​ការ​នៅ​ម្សិលមិញ​នេះ ដោយ​គ្រោង​ស្វែង​រក​ម្ចាស់​ជយលាភី​ចំនួន​៣​នាក់ គឺ​ជយលាភី​លេខ​១​ដល់​លេខ​៣ ជាមួយ​ប្រាក់​រង្វាន់​យ៉ាង​ច្រើន។ តាម​កម្មវិធី ជយលាភី​លេខ​១ ទទួល​បាន​ទឹក​ប្រាក់​សុទ្ធ​ចំនួន ២ម៉ឺន​ដុល្លារ​អាមេរិក លេខ​២ ទទួល​បាន ១ម៉ឺន​ដុល្លារ​អាមេរិក និង​លេខ​៣ ទទួល​បាន ៥ពាន់​ដុល្លារ​អាមេរិក។ទាំង​នេះ​មិន​ទាន់​បូក​បញ្ចូល​កិច្ច​សន្យា​ការងារ និង​រង្វាន់​បន្ថែម​ជា​ច្រើន​ទៀត។

កម្មវិធី CAMBODIAN NET IDOL ទី​២​នេះ ទទួល​បាន​អ្នក​ឧបត្ថម្ភ​ជា​ច្រើន​ក្នុង​នោះ Yes 018 ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន គឺ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ លោក Jeck Tan ជា Chief Commercial Officer របស់​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា Cambodian Net iDol ឬ CNI នេះ មាន​គុណ​សម្បត្តិ​គួរ​ត្រូវ​បាន​លើក​ទឹកចិត្ត ដោយសារ​កម្មវិធី​គឺ​មាន​ចេតនា ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​ដែល​មាន​ទេពកោសល្យ និង​ជំរុញ​ទំនើប​កម្ម​នៃ​ប្រព័ន្ធ​ឌីជីថល​របស់​កម្ពុជា។

ដូច្នេះ​ហើយ នេះ​គឺ​ជា​មូលហេតុ​ដែល Yes 018 ប្រកាស​ចាប់​ដៃគូ​ជាមួយ Cake រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង និង​គាំទ្រ​កម្មវិធី​ដោយ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​របស់​ខ្លួន ហើយ​នោះ​គឺ​ជា​អ្វី​ដែល Influencer ទាំង​ឡាយ​ចង់​បាន។

សម្រាប់​លក្ខខណ្ឌ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី CAMBODIAN NET IDOL រដូវ​កាល​ទី​២​នេះ បេក្ខជន​ទាំង​ឡាយ តម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ​ដូច​ត​ទៅ៖ ទី​១ Tag @CambodianNetIdol និង @Yes KH ក្នុង​វីដេអូ ១នាទី​លើ​ហ្វេសប៊ុក និង​ប្រាប់​ពី​អ្វី​គ្រប់​យ៉ាង​ពី​លោក​អ្នក​ដែល​ជា​តម្រូវ​ការ​កម្មវិធី។ ទី​២.បង្ហាញ​ពី​ទេព​កោសល្យ និង​ជំនាញ​របស់​អ្នក និង​ប្រាប់​កម្មវិធី​ពី​មូលហេតុ​ដែល​ប្រិយមិត្ត​ចង់​ក្លាយ​ជា Cambodian Net idol បន្ទាប់។

ទី​៣. ដាក់ Hashtag #CambodianNetIdol នៅ​ក្នុង​វីដេអូ​របស់​ប្រិយមិត្ត ហើយ​កុំ​ភ្លេច​ប្រាប់​ឈ្មោះ​របស់​ប្រិយមិត្ត​នៅ​ក្នុង Instagram និង Youtube ប្រសិន​បើ​មាន។ ប្រសិន​បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍ កុំ​ឲ្យ​រំលង កម្មវិធី​​បើក​ទទួល​ពាក្យ​ចូល​រួម​ប្រកួត​ពី Influencer ក្នុង​ប្រទេស​កម្ពុជា ចាប់​ផ្ដើម​ពី​ថ្ងៃ​ប្រកាស​បើក​កម្មវិធី​នេះ​ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី ៣១ ធ្នូ ២០១៩។ កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ជា​គណៈកម្មការ​ដោយ​បុគ្គល​ល្បី​ឈ្មោះ​៣​រូប​គឺ កញ្ញា សុភ័ក្ត្រ កុសុមៈ តារា​ចម្រៀង Nikki និង​លោក ជ័យ សម្បត្តិ ម្ចាស់ STUDIO 4៕​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី