មាស ម៉ើ គ្រោងត្រលប់មកកាន់សង្វៀនជាថ្មីបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម

  • 2019-12-12 07:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងក្បាច់គុនយូដូ មាស ម៉ើ ដែលមានបទពិសោធន៍នៅសង្វៀន ONE Championship ចំនួន៣លើកកន្លងមក បានដាក់គោលដៅឡើងប្រកួតលើសង្វៀនវិញបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមបញ្ចប់ទៅនាថ្ងៃទី ១០ ខែ ធ្នូ ថ្មីៗនេះ។ មាស ម៉ើ បានខកបំណងក្នុងការយកមេដាយជូនជាតិ និង សម្រាប់ខ្លួនឯងក្រោយចាញ់ជុំទី២នៅស៊ីហ្គេម នាពេលថ្មីៗនេះ។ រូបគេបានយកឈ្នះកីឡាករម៉ាឡេស៊ី នៅជុំទី១ ប៉ុន្តែបែរចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន នៅជុំទី២ហើយមិនអាចឆ្លងទៅដល់វគ្គយកមេដាយជូនកម្ពុជាឡើយ។

ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះក្នុងស្រុកនិងអន្តរជាតិបានផ្អាករត់ឡានទួរីស ១២ កៅអីពីកំពង់ធំ-ភ្នំពេញកាលជិត១ឆ្នាំមកហើយដើម្បីត្រៀមខ្លួនប្រកួតនៅស៊ីហ្គេម ប៉ុន្តែមិនអាចទទួលបានលទ្ធផលល្អ ព្រោះនេះជាលើកទី១ សម្រាប់រូបគេនៅព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានមួយនេះ។ បែបណាក្ដី មាស ម៉ើ បង្ហាញភាពសោកស្ដាយដែលធ្វើមិនបានល្អនៅស៊ីហ្គេមសម្រាប់ខ្លួនឯងយ៉ាងដូច្នេះ ៖«ខ្ញុំសោកស្ដាយក្នុងការប្រកួតលើកដំបូងនៅស៊ីហ្គេមរបស់ខ្ញុំពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីននៅជុំទី២។ ខ្ញុំចង់ឈ្នះមេដាយដើម្បីគ្រួសារខ្ញុំនិងជូនអ្នកគាំទ្រ។ ខ្ញុំបានប្រឹងខ្លាំងណាស់ តែលទ្ធផលវាមិនដូចការគិតទុកនោះទេ»។

មាស ម៉ើ ដែលខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ បានគូសបញ្ជាក់ថា៖«ខ្ញុំសម្រាកនៅជាមួយគ្រួសារ ប្រពន្ធកូនរបស់ខ្ញុំរយៈពេល ១ អាទិត្យ ២ អាទិត្យសិនព្រោះតាំងពីហ្វឹកហាត់មកជិត១ឆ្នាំពេញដែលខ្ញុំមិនសូវបាននៅជុំប្រពន្ធកូនជាប់លាប់នោះទេតាំងពីមុន រហូតដល់ចប់ស៊ីហ្គេម។ ខ្ញុំនឹងស្វែងរកក្លិបហាត់ដើម្បីឡើងប្រកួតវិញមិនថាក្នុងស្រុក ឬ អន្តរជាតិឡើយ»។

កីឡាករវ័យ២៩ឆ្នាំសង្កត់ធ្ងន់ថា៖«ប្រពន្ធខ្ញុំតែងតែឃាត់ខ្ញុំមិនឲ្យឡើងប្រកួត ប៉ុន្តែដោយសារខ្ញុំស្រលាញ់ និង ធ្លាប់ឡើងវ៉ៃក៏នៅតែចង់ឡើងសង្វៀនរហូត ទោះកាលខ្ញុំនៅរត់ឡានក៏ដោយ។ ឥឡូវ គីឡូខ្ញុំត្រឹម៦៥គីឡូ បន្ទាប់ពីសម្រកតាំងពី ៨២ គីឡូក្រាមមក។ ក្បាច់គុន ឬ គុនចម្រុះជាក្ដីស្រលាញ់របស់ខ្ញុំ។ ខ្ញុំរក្សាទម្ងន់នេះដើម្បីប្រកួតលើសង្វៀន មិនឲ្យឡើងទម្ងន់ច្រើនទៀតទេ»។

មាស ម៉ើ ជាកីឡាករកំពូលយូដូម្នាក់សម្រាប់កម្ពុជាព្រោះរូបគេបានធ្វើតេស្តប្រកួតឆ្លងកាត់កីឡាករចំនួន ៤ រូបទើបអាចមានឈ្មោះជាកីឡាករមានសមត្ថភាពទៅប្រកួតនៅស៊ីហ្គេមឆ្នាំ ២០១៩នេះ។

អតីតកូនសិស្សលោក ឡាច វុទ្ធី បានបន្ថែមថា៖«ខ្ញុំមិនទាន់ទាក់ទងក្លិបហ្វឹកហាត់ទេ។ ប៉ុន្តែបើហ្វឹកហាត់ដើម្បីឡើងប្រកួតលើសង្វៀន ខ្ញុំអាចនឹងទៅហ្វឹកហាត់នៅខេត្តសៀមរាប។ ខ្ញុំបានត្រៀមរួចហើយ។ វាឆ្ងាយគ្រួសារបន្តិច ប៉ុន្តែអាចហ្វឹកហាត់ល្អ ប្រមូលអារម្មណ៍បានល្អ ហើយ មានមិត្តភ័ក្ដិច្រើននៅទីនោះ»។

គួរបញ្ជាក់ថា មាស ម៉ើ ជាម្ចាស់ខ្សែក្រវាត់គុនចម្រុះ Khmer Warrior Challenge វគ្គ២ ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមពេលមានការប្រកួតវ៉ៃដាក់ទ្រុងនៅកម្ពុជារៀបចំដោយស៊ីធីអិន និង MyTV។ មាស ម៉ើ ជាកីឡាករគុនចម្រុះប្រកួតក្នុងស្រុកមិនដែលចាញ់ ហើយ រូបគេមានបទពិសោធន៍ប្រកួតគុនចម្រុះនៅថៃ រហូតដល់សង្វៀនលំដាប់ពិភពលោក ONE Championship។ មាស ម៉ើ ឡើងប្រឡូកលើឆាកអន្តរជាតិចំនួន ៨ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៣ ដង ក្រោយឡើងប្រកួតគុនចម្រុះតាំងពីឆ្នាំ ២០១៣។ ប៉ុន្តែកំណត់ត្រាចាញ់ ៣ លើកជាប់គ្នានោះ គឺចាញ់នៅសង្វៀន ONE ទាំង ៣ ដង នៅឆ្នាំ២០១៨៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី