រៀន​ចប់ PhD ផ្នែក​វិស្វករ ទី​បំផុត​យក​មេដាយ​មាស​ eSports ដំបូង​បង្អស់​ឲ្យ​ម៉ាឡេស៊ី

  • 2019-12-13 01:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Yew Weng Kean ​និស្សិត​បញ្ចប់​ថ្នាក់ PhD ផ្នែក​វិស្វករ​អគ្គិសនី បាន​បង្កើត​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ​មួយ​ជូន​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ការ​យក​បាន​នូវ​មេដាយ​មាស​ផ្នែក​កីឡា​អេឡិចត្រូនិក (eSports) មុន​គេ​បង្អស់។

នៅ​ព្រឹត្តិការណ៍ SEA Games ឆ្នាំ ២០១៩ ដែល​មាន​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ លោក Yew ដែល​មាន​ឈ្មោះ​ក្នុង​ហ្គេម​ហៅ​ថា 'wkyew90' បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ហ្គេម Hearthstone: Heroes of Warcraft ដែល​បាន​យក​ឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៣-១ ទៅ​លើ​អ្នក​លេង​ជនជាតិ​ថៃ Werit Popan។ នេះ​បើ​តាម​សារព័ត៌មាន theSunDaily ​បាន​ចុះ​ផ្សាយ។

ប្រាប់​សារព័ត៌មាន New Straits Times បុរស​វ័យ ២៩ ឆ្នាំ​និយាយ​ថា៖ "មេដាយ​មាស​នេះ​ពិត​ជា​មាន​ន័យ​ខ្លាំង​បំផុត តែ​មិន​មែន​សម្រាប់​ខ្ញុំ ពោល​គឺ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​ទាំង​មូល​ទាំង​នាម​ខ្ញុំ​ជា​អ្នក​ឈ្នះ​ជើង​ឯក​កីឡា eSports នៅ SEA Games ដំបូង​បង្អស់"។

គួរ​រំឭក​ថា​មាន​ហ្គេម​ចំនួន ៦ វិញ្ញាសា​ដែល​បាន​ដាក់​ឲ្យ​ប្រកួត​នៅ SEA Games ២០១៩ ដោយ​រួម​មាន Mobile Legends: Bang Bang, Tekken 7, Starcraft II, Hearthstone, Arena of Valor និង Dota 2។ ក្រៅ​ពី​មេដាយ​មាស​លើ​វិញ្ញាសា​ខាង​លើ ក្រុម​មក​ពី​ម៉ាឡេស៊ី​ក៏​យក​បាន​មេដាយ​សំរឹទ្ធ​មួយ​ផ្សេង​ទៀត​ផង​ដែរ​លើ​ការ​លេង​ហ្គេម Mobile Legends៕

អានអត្ថបទ:

ប្រភព៖ Says   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម