Facebook ត្រៀមផ្លូវក្រោយ ព្រោះមិនចង់ពឹងលើ Google ខ្លាំងពេក

  • 2019-12-20 02:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កំពុង​ធ្វើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​ខ្លួន ដែល​ថ្ងៃ​មួយ​អាច​នឹង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​តែ​លើ Android របស់ Google ទាំង​ស្រុង។ នេះ​បើ​ផ្អែក​តាម​ការ​រាយការណ៍​ថ្មី​ពី The Information។

ការ​អភិវឌ្ឍ​នា​ពេល​នេះ កំពុង​ត្រូវ​បាន​ដឹក​នាំ​ដោយ​​ Mark Lucovsky ដែល​ជា​អតីត​បុគ្គលិក​របស់​ Microsoft ដែល​ធ្លាប់​សហការ​ក្នុង​ការ​បង្កើត​​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows NT។

របាយការណ៍​មិន​បាន​ផ្ដល់​ព័ត៌មាន​ច្រើន​អំពី​ដំណើរ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​នា​ពេល​នេះ​ឧបករណ៍ Oculus និង Portal របស់​ Facebook កំពុង​ប្រើ​ប្រាស់​ Android ដែល​មាន​ការ​កែ​សម្រួល។ ផ្អែក​តាម​ Ficus Kirkpatrick ដែល​ជា​មេ​​ផ្នែក AR និង VR នៅ​ Facebook ​បាន​និយាយ​ថា​ វា​អាច​ទៅ​រួច​ដែល​ Hardware នា​ពេល​អនាគត​របស់​ Facebook នឹង​មិន​បាច់​ពឹង​ផ្អែក​លើ Software របស់ Google នោះ​ទេ ហើយ​អាច​​លុប​បំបាត់​ការ​គ្រប់គ្រង​របស់ Google មាន​លើ Hardware របស់ Facebook។

​​ប្រធាន​ផ្នែក​ Hardware របស់ Facebook លោក Andrew Bosworth និយាយ​ដូច​នេះ​ថា​ ៖ "យើង​​មិន​គិត​ថា​អាច​ជឿ​ជាក់​លើ​​ទីផ្សារ ឬ​គូ​ប្រជែង​បាន​នោះ​ទេ។ ហេតុ​នេះ​យើង​ត្រូវ​ធ្វើ​វា​ដោយ​ខ្លួន​ឯង។”

របាយការណ៍​បាន​សន្និដ្ឋាន​ថា​ Facebook សង្ឃឹម​ថា​នឹង​អាច​ដើរ​តាម​គន្លង​ស្រដៀង​នឹង​ Apple នា​ថ្ងៃ​អនាគត គឺ​​ការ​ដែល​មាន​ Hardware និង Software ផ្ទាល់​ខ្លួន៕

ចុចអាន ៖ កម្មវិធីពេញនិយមជាងគេទាំង ៤ ប្រចាំទសវត្សសុទ្ធតែកាន់កាប់ដោយ Facebook

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម