ខ្មែរជួយខ្មែរ! ទ្រូម៉ាន់នីប្រកាសថែម ២ពាន់រៀលពីលើរាល់ការបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាតាម App របស់ខ្លួន

  • 2019-12-27 04:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ម្សិល​មិញ​នេះ ក្រុមហ៊ុន​ទ្រូម៉ាន់នី (TrueMoney) បាន​ប្រកាស​ពី​វត្តមាន​កម្មវិធី​រៃ​អង្គាស​ប្រាក់​ដើម្បី​គាំទ្រ​ ប្រតិបត្តិការ​​មន្ទីរពេទ្យ​គន្ធបុប្ផា តាមរយៈ​កម្មវិធី TrueMoney App ដោយ​រាល់​ការ​បរិច្ចាគ​របស់​អតិថិជន​ថ្មី​របស់​ទ្រូម៉ាននី​ទាំងអស់​ ក្រុមហ៊ុន​ទ្រូម៉ាន់នី​នឹង​បន្ថែម​ចំនួន​២០០០រៀល​ពី​លើ​នោះ​ភ្លាម​ៗ​ដែរ។

ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​ក្នុង​កម្មវិធី​ ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​ទ្រូម៉ាន់នី និង​ មូល​និធិ​គុន្ធបុប្ផា​កម្ពុជា​ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​មន្ទីរពេទ្យ​ភ្នំពេញ​ កាលពី រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី២៦​ ធ្នូ ម្សិល​មិញ​នេះ ក្រោយ​វត្តមាន​ ឯក​ឧត្ដម​បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ និង​ប្រធាន​លេខាធិការដ្ឋាន មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គី សន់ទី ប្រធាន​មន្ទីរ​គន្ធ​បុប្ផា និង​លោក ឈន់​ សកល នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ទ្រូម៉ាន់​នី (ខេមបូឌា)។

កិច្ច​សហការ​ថ្ងៃនេះ នឹង​ផ្ដល់​ជម្រើស​បន្ថែម​ជូន​សប្បុរសជន ដែល​មានបំណង​បរិច្ចាគ​ថវិកា​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ឲ្យ​កាន់​តែ​ងាយ​ស្រួល​តាមរយៈ សេវា​ផ្ទេរ​ប្រាក់​របស់​ ទ្រូម៉ាន់នី នៅ​តាម​គ្រប់​ភ្នាក់ងារ​ទាំងអស់​ទូទាំង​ប្រទេស​ ឬ តាម​កម្មវិធី ទ្រូម៉ាន់នី (TrueMoney App)​។ នេះ​បើ​តាម​លើក​ឡើង​របស់​លោក ឈន់​ សកល នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ទ្រូម៉ាន់​នី (ខេមបូឌា)។

លោក ឈន់​ សកល នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ទ្រូម៉ាន់​នី (ខេមបូឌា)

លោក​បន្ត​ថា​៖ «ដើម្បី​អបអរ​សារ​ដល់​កិច្ច​សហការ​ថ្មី​នេះ ក្រុមហ៊ុន​ទ្រូម៉ាន់នី បាន​ផ្តល់​កម្មវិធី​ពិសេស​ជូន​សប្បុរស​ជន​ទាំងអស់​ដែល​បាន​ដំឡើង​កម្មវិធី ទ្រូម៉ាន់នី (TrueMoney App) រួច​ដាក់លុយ​ទៅ​ក្នុង​គណនី​នោះ ហើយ​ធ្វើការ​បរិច្ចាគ​ក្នុង​ចំនួន​ណា​មួយ ទោះ​តិច ឬ​ច្រើន​ក្តី ជូន​មូល​និធិគន្ធបុប្ផា​កម្ពុជា​ ក្រុមហ៊ុន​នឹង​រួមចំណែក​បរិច្ចាគ​​ចំនួន ២០០០រៀល​ បន្ថែម​ភ្លាម​ៗ​ដែរ»។

​ឯក​ឧត្ដម​បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ និង​ប្រធាន​លេខាធិការដ្ឋាន មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ គណៈ​គ្រប់​គ្រង​ក្រុមហ៊ុន​ ទ្រូម៉ាន់នី ចំពោះ​កិច្ច​សហការ​នេះ​ថា​៖ «ការ​ចូលរួម​បរិច្ចាគ​របស់​សប្បុរស​ជន ទោះ​តិចតួច ឬ ច្រើន​ក្តី ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ពិត​ជា​មាន​សារសំខាន់ ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​ ការ​ព្យាបាល​ និង​សង្គ្រោះ​កុមារ​កម្ពុជា»។

ឯក​ឧត្ដម​បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ និង​ប្រធាន​លេខាធិការដ្ឋាន មូលនិធិគន្ធ​បុប្ផា​កម្ពុជា​ (រូបកណ្តាល)

រាល់​ទឹក​ប្រាក់​ដែល​បរិច្ចាគ​តាមរយៈ ​TrueMoney នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​គណនី​របស់​ មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា​ជា​ស្វ័យប្រវត្តិ​ ដោយ​គ្មាន​ការ​ប៉ះពាល់​ដោយ​បុគ្គល​ណា​ម្នាក់​ឡើយ ដូច្នេះ ក្រុមហ៊ុន​ទ្រូម៉ាន់នី​ហ៊ាន​ធានា​យ៉ាង​មុតមាំ​ថា​ការ​បរិច្ចាគ​របស់​សាធារណជន​ពិត​ជា​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​អាច​ជួយសង្គ្រោះ​កុមារ​ប្រាកដ​មែន​។ លោក ឈន់​ សកល តំណាង​ក្រុមហ៊ុន​​ទ្រូម៉ាន់នី​កម្ពុជា ​បាន​​បញ្ជាក់​បន្ថែម។

ទ្រូម៉ាន់នី គឺ​ជា​ក្រុមហ៊ុន​ទំនើបកម្ម​ដែល​ផ្តល់​នូវ​សេវា​ ទូទាត់​ចល័ត​នៅ អាស៊ីអាគ្នេយ៍​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចំនួន​៦ ​ក្នុង​តំបន់​ ដែល​រួមមាន​ ប្រទេស​កម្ពុជា​ផង​ដែរ។ ជាមួយ​គោល​ដៅ និង​ទស្សនៈ​វិស័យ​ច្បាស់​លាស់​ TrueMoney បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈានមុខ​មួយ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​យ៉ាង​ឆាប់រហ័ស​ជាមួយ​ចំនួន​ភ្នាក់​ច្រើន​បំផុត និង​អតិថិជន​ប្រើប្រាស់​ច្រើនជាង​ ២លាននាក់​ និង​ការ​ធ្វើ​ប្រតិបត្តិការ​ប្រចាំ​ខែ​ប្រមាណ​ជាង​ ៣លានប្រតិបត្តិការ។

ក្រុមហ៊ុន​ទ្រូម៉ាន់នី បាន​ពង្រីក​ភ្នាក់ងារ​ច្រើន​​ជាង​គេ​ ហើយ​ក៏​មាន​ដៃគូ​សហការ​ជាច្រើន សម្រាប់​ផ្ដល់​នូវ​សេវា​ទូទាត់​ហិរញ្ញវត្ថុ​ ដែល​មាន​ភាព​ងាយ​ស្រួល​ និង​ទាន់សម័យ។

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ថ្មីៗ ពី ទ្រូម៉ាន់នី សូម​ចូល​ទៅ​កាន់ ៖

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គី សន់ទី ប្រធាន​មន្ទីរ​គន្ធ​បុប្ផា

ណារីតា