​បុគ្គលិក​ផ្នែក IT ​នៅ​ហូជីមិញ​មួយខែៗអាច​រក​បាន​ប៉ុន្មាន​?

  • 2019-12-30 02:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មធ្យម​ប្រាក់​ចំណូល​សម្រាប់​បណ្តា​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​វិស័យ​គ្រឿង​អេឡិចត្រូនិក​និង​ព័ត៌មាន​វិទ្យា (IT) នៅ​ឯ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​អាច​រក​បាន​ប្រមាណ ១៧៤ លាន​ដុង​ឬ​ជាង ៧ ៥០០ ដុល្លារ​អាមេរិក។ នេះ​បើ​តាម​របាយការណ៍​គិត​ត្រឹម​ឆ្នាំ ២០១៨ ដែល​បង្ហាញ​ឡើង​ដោយ​អនុប្រធាន​នាយកដ្ឋាន​ផ្នែក​ព័ត៌មាន​និង​ទំនាក់ទំនង​ប្រចាំ​តំបន់​លោក Le Quoc Cuong ​ថ្លែង​នៅ​ថ្ងៃ​ទី ២៨ ឆ្នាំ ២០១៩។

ទន្ទឹម​នឹង​អំឡុង​ពេល​ដដែល មាន​ប្រមាណ​ ៥ ៦៣៦ អាជីវកម្ម​ដែល​កំពុង​ប្រតិបត្តិ​លើ​វិស័យ​ផ្នែក​បច្ចេកវិទ្យា​និង​អេឡិចត្រូនិក​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ហើយ​ឧស្សាហកម្ម​ផ្នែក Software គឺ​មាន​សក្ដានុពល​ធំធេង​បំផុត​រហូត​ដល់​ទៅ ៣ ៤៤១ សហគ្រាស។

ក្នុង​ចំណោម​បុគ្គលិក​ច្រើន​ជាង ១០០ ០០០ នាក់ ជា​មធ្យម​ពួក​គេ​អាច​រក​ចំណូល​ប្រមាណ ៧ ៥០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ និង​មួយ​ខែ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ជាង ៦២៧ ដុល្លារ ដែល​នេះ​ជា​សញ្ញា​កើន​ឡើង​ប្រមាណ ៦៤ ដុល្លារ/ខែ ធៀប​នឹង​ឆ្នាំ ២០១៧។

វិស័យ IT ​បច្ចុប្បន្ន​បាន​ចូលរួម​ចំណែក​ប្រហែល ៤,៤ ភាគរយ នៃ​ទំហំ GDP សរុប និង​ក្តោបក្តាប់​ប្រមាណ ៣ ភាគរយ​នៃ​អាជីវកម្ម​កំពុង​ប្រតិបត្តិការ​ទាំង​មូល​នៅ​ទីក្រុង​ហូជីមិញ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា