មិន​ដែល​លឺ​ធ្លាប់​រក​ស៊ី​សោះ ឥឡូវ អេដា ឡើង​ជា​ថៅកែ​ស្រី​លើ​អាជីវកម្ម​តម្លៃជិត​១០​ម៉ឺនដុល្លារ

  • 2019-12-29 03:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់​មិញ​នេះ តារា Original Song កញ្ញា អេដា បាន​រំលេច​សមិទ្ធផល​ដ៏​ធំ​មួយ​នៅ​មុន​ប៉ុន្មាន​ថ្ងៃ​ទៀត​ឆ្លង​ចូល​ឆ្នាំ ២០២០ ដោយ​នាង រួម​ជាមួយ​គូដណ្ដឹង​ជនជាតិ​អាមេរិក​កាត់​ខ្មែរ បាន​សម្រេច​បើក​ដំណើរ​អាជីវកម្ម​មួយ​ដែល​មាន​ទុន​វិនិយោគ​ក្បែរ​ៗ ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

អាជីវកម្ម​របស់​តារា​ស្រី គឺ​ហាង Fast Food ឬ នំ Tacos ដ៏​ល្បី​នៅ​រដ្ឋ​កាលីហ្វកញ៉ា និងមិចស៊ិចកូ ដែល​ បាន​បើក​សម្ពោធ​នា​យប់មិញ ដោយ​មាន​មិត្ត​រួម​អាជីព​របស់​នាង​ច្រើន​កុះករ​បាន​ចូល​រួម។ អាជីវកម្ម​ថ្មី​ថ្មោង​នេះ អេដា ប្រាប់​ថា នឹង​ជា​កន្លែង​នាង និង​គូ​ស្នេហ៍ ប្រើ​ដើម្បី​រក​លុយ ​មុន​ពេល​រៀបការ។

យ៉ាង​ណា ក៏ដោយ​ចំពោះ​រឿង​រៀបការ តារា​ស្រី នៅ​មិន​ទាន់​អាច​កំណត់​បាន​ថាពេល​ណា ឬ ឆ្នាំណា​នោះ​ទេ។ នាង​បញ្ជាក់​ថា អ្វី​ៗ អាច​នឹង​បាន​នៅចុងឆ្នាំ២០២០​ខាង​មុខ ប៉ុន្តែ​នៅ​ពេល​នេះ នាង​ចង់​ផ្ដោត​តែ​លើ​អាជីវកម្ម​ថ្មី​ថ្មោង​របស់​នាង​សិន។

អេដា និង​គូស្នេហ៍

កញ្ញា អេដា ប្រាប់​បន្ថែម​ថា នាង និង​គូដណ្ដឹង តស៊ូ​បើក​ហាង​អាហារ​ប្រភេទ Fast Food ឈ្មោះ Tacos ព្រោះ​ជា​ប្រភេទ​អាហារ​ពេញ​និយម​នៅ​អាមេរិក និង មិចស៊ិចកូ ហើយ​នាង​សង្ឃឹម​ថា​នឹង​ពេញ​និយម​នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ​ទៀត។ ជាក់​ស្ដែង ត្បិត​ថា​នាង​ទើប​បើក​សម្ពោធ​ហាង​យប់​មិញ​នេះ តែ​តាម​ពិត​អាជីវកម្ម​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ។

ម្ចាស់​បទ "នៅ​ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត" ប្រាប់​ថា នាង​បាន​តស៊ូ​បើក​តាំង​ពី​ជា​កូន​តូប​តូច ដោយ​ទទួល​បាន​ការ​គាំទ្រ រហូត​ដល់​បើក​ជា​ហាង ដែល​មាន​កន្លែង​អង្គុយ​ទទួល​ទាន​នេះ។ មក​ទល់​ពេល​នេះ ហាង​របស់​នាង​មាន​២​សាខា​ហើយ។ សាខា​ទី១​នៅ​ក្រោយ​ទី​ស្នាក់​ការ​កណ្ដាល​ធនាគារ ABA បឹង​កេងកង និង​សាខា​ទី២​នៅ​ផ្លូវ​៥៩០ ក្រោយ​គេហដ្ឋាន​សម្ដេចពិជ័យ​សេនា ទៀ បាញ់ ដែល​ទើប​សម្ពោធ​នេះ។

អាជីវកម្ម Fast Food របស់ អេដា គឺ​ជា​ប្រភេទ​អាហារ​វ៉ិចខ្ចប់​ស្រដៀង​នឹង​ភីហ្សា និង​បឺហ្គរ​ដែរ ហើយ​ដោយ​សារ​តែ​គូដណ្ដឹង​នាង​ជា​មេចុង​ភៅ​ផ្ទាល់ ទើប​ផលិត​អោយ​ចេញ​ជា​រសជាតិ​បែប​អាស៊ី ដោយ​មាន​ទាំង​ស្នូល​បន្លែ និង​សាច់​ច្រើន​ប្រភេទ​ទៀត ដើម្បី​អោយ​មាន​រសជាតិ​ច្រើន។ អេដា ប្រាប់​ថា តាម​គម្រោង នាង​គ្រោង​ពង្រីក​ទីតាំង និង​លក់​ម៉ាក​យីហោ អោយ​មាន​ច្រើន​សាខា ប្រសិន​បើ​អ្វី​ដំណើរ​ការ​ទៅ​រលូន​ដូច​ការ​គិត​ទុក៕

រូបភាព៖ សហការី

អត្ថបទ៖ ទារិកា