គួរឲ្យសរសើរ! ចិនចេញច្បាប់ថ្មី ការពារគ្រូពេទ្យពីអំពើហិង្សា

  • 2019-12-30 06:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ចិន បាន​ចេញច្បាប់​ថ្មី​ក្នុង​គោល​បំណង​ការ​ពារ​បុគ្គលិក​ពេទ្យ​ទាំង​អស់​ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន​ឲ្យ​ដឹង​ថា ការ​ប្រកាស​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​​ឡើង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​គ្រូ​ពេទ្យ​ស្រី​ម្នាក់ ត្រូវ​បាន​គេ​ចាប់​សម្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង។ ច្បាប់​នេះ នឹង​ធ្វើ​ការ​ហាម​ឃាត់​អង្គភាព ឬ​បុគ្គល​ណា​មួយ​ពី​ការ​គំរាមកំហែង​ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឬ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​បុគ្គលិក​ពេទ្យ។ ស្ត្រី​ឈ្មោះ Yang Wen ដែល​កំពុង​ធ្វើ​ការ​ផ្នែក​សង្គ្រោះ​បន្ទាន់​មុន​ពេល​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​បុរស​ម្នាក់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន អះអាង​ថា​បុរស​ជន​ល្មើស​ខាង​លើ​គឺ​ជា​សាច់​ញាតិ​របស់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។

តាម​ច្បាប់​ថ្មី​នេះ អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​ដូច​ជា​រំខាន​ដល់​បរិស្ថាន​ក្នុង​មន្ទីរពេទ្យ, ប៉ះពាល់​ដល់​សុវត្ថិភាព​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​បុគ្គលិក​ពេទ្យ នឹង​ត្រូវ​ទទួល​ការ​ពិន័យ​រដ្ឋបាល​ដូច​ជា​ពិន័យ​ជា​ប្រាក់ ឬ​ឈាន​ដល់​ការ​ឃុំ​ខ្លួន​ជា​ដើម។ ក្រៅ​ពី​ណេះ អ្នក​ដែល​បាន​ទទួល​ការ​ប្រើប្រាស់ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សុខភាព​ឯកជន​របស់​អ្នក​ជំងឺ ក៏​នឹង​ត្រូវ​រង​ពិន័យ​ផង​ដែរ។

យ៉ាង​ណា​មិញ ច្បាប់​ថ្មី​នេះ នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ១​ខែ​មិថុនា​ឆ្នាំ​ក្រោយ​តទៅ។ គួរ​ឲ្យ​ដឹង​ថា តាម​ស្ថិតិ​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់​មាន​ហិង្សា​មក​លើ​បុគ្គលិក​ពេទ្យ​ចំនួន ១២​ករណី ហើយ​បុគ្គលិក ២​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ឆ្នាំ ២០១៨៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម