សម្ដេចតេជោ សម្ដែងសារសោកស្ដាយ​ ការ​ទទួល​មរណៈភាព នាយស្មាញ

  • 2019-12-30 09:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសេរសោកស្ដាយចំពោះ នាយ ស្មាញ ក្រោយទទួលមរណៈភាព ដោយការគ្រោះថ្នាក់ចរាចរណ៍ កាលពី ថ្ងៃសៅរិ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦:៣០នាទី ត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ កែង៣០ម៉ែត្រ ភូមិទួលរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

«ពិតជាស្រណោះចំពោះនាយស្មាញដែលបាត់បង់ជីវិតកាលពីម្សិលមិញនេះ ។ ខ្ញុំនឹងភរិយាទើបបានជួយជាថវិកាចំនួន ១ម៉ឺនដុល្លារ ប្រហែល២ខែមុននេះ»។ នេះជាសំណេររបស់សម្ដេច តេជោ បានសរសេរនៅលើផេករបស់សម្ដេច កាលពីម្សិលមិញនេះ។

ទន្ទឹមនឹងសរសេរសារសម្ដែងការសោកស្ដាយ សម្ដេចតេជោ បានបង្ហោះវីដេអូខ្លីមួយ ដែលតារាកំប្លែងនាយស្មាញ បានបញ្ចេញអារម្មណ៍ក្ដុកក្ដួល និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោថា «ខ្ញុំសូមគោរពសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំសប្បាយចិត្តណាស់ ដោយសម្ដេចបានឧបត្ថម្ភខ្ញុំ ខ្ញុំសូមឲ្យសម្ដេចមានសុខភាពល្អទាំងពីរ និងសូមឲ្យសម្ដេចដឹកនាំប្រទេសជាតិជារៀងរហូត។ ខ្ញុំជាកូនចៅសប្បាយចិត្តណាស់»។ ទាំងនេះជាខ្លឹមសារ ដែលនាយស្មាញបាននិយាយនៅក្នុងវីដេអូឃ្លីប នៅពេលទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ចំនួន ១ម៉ឺនដុល្លារ កាលពី ពីរខែមុន។

កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទៅដៅស្របទិសគ្នា នៅភូមិទួលរការសង្កាត់ចាក់អង្រែកក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមរបាយការណ៍នគរបាល បានឲ្យដឹងថា ភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង បត់ស្ដាំក៏បានបុកជាមួយម៉ូតូ របស់នាយស្មាញ តារាកំប្លែងល្បីមួយរូប ដែលមានវ័យ៦៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកជិះពីក្រោយម្នាក់ទៀត រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម