Facebook ចាប់ផ្ដើមទប់ស្កាត់វីដេអូក្លែងក្លាយ

  • 2020-01-08 03:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទប់​ស្កាត់​ការ​ចែក​រំលែក​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​អំឡុង​​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ឆ្នាំ ២០២០ នៅ​អាមេរិក Facebook បាន​ធ្វើ​ការ​​ហាម​ឃាត់ (Ban) វីដេអូ​​ពពួក​ Deepfake ដែល​ជា​វីដេអូ​ក្លែងក្លាយ​បង្កើត​ដោយ​ប្រើ​បច្ចេកទេស AI។

​​​Deep Fake គឺ​ជា​បច្ចេកទេស​មួយ​​​​ក្នុង​ការ​សម្រាប់​បង្កើត​រូបភាព​/វីដេអូ​នៃ​មនុស្ស​ម្នាក់ ដោយ​ផ្អែក​លើ​ AI។ វា​​ត្រូវ​បាន​ប្រើ​ដើម្បី​បញ្ចូល​គ្នា​នូវ​រូបភាព ឬ វីដេអូ​​ណា​មួយ​​ ចូល​ទៅ​ក្នុង​​រូបភាព/វីដេអូ​មួយ​ទៀត ដោយ​ប្រើ​ប្រាស់​ Machine Learning។ តាម​រយៈ​សមត្ថភាព​នេះ Deep Fake ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​បង្កើត​នូវ​វីដេអូ​អាសអាភាស​ក្លែង​ក្លាយ​របស់​តារា បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ការ​បោក​ប្រាស់​មួយ​ចំនួន​ផង​ដែរ។ សកលវិទ្យាល័យ​​នៃ​ទីក្រុង​វ៉ាស៊ីនតោន (University of Washington) ធ្លាប់​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​កាល​ពី​ឆ្នាំ ២០១៧ ដើម្បី​បង្កើត​ការ​​​បញ្ចេញ​ប្រសាសន៍​ក្លែងក្លាយ​របស់​លោក Barack Obama។

ចំពោះ​វិធានការ​នៃ​ការ​ទប់​ស្កាត់​ប្រភេទ​នេះ Facebook បាន​ពឹង​ផ្អែក​ដៃ​គូ​ចំនួន ៥០ ​នៅ​ជុំវិញ​ពិភពលោក​ ដែល​អាច​ត្រួត​ពិនិត្យ​លើ​វីដេអូ​ជាង ៤០ ភាសា​ឯណោះ។ ប្រសិន​បើ​វីដេអូ ឬ​រូបភាព​ណា​មួយ ត្រូវ​បាន​សម្គាល់​ដោយ​ដៃ​គូ​ទាំង​នោះ ថា​​ក្លែង​ក្លាយ នោះ​ Facebook នឹង​កាត់​បន្ថយ​ការ​បង្ហាញ​វា​លើ News Feed ហើយ​នឹង​ច្រាន​ចោល​ប្រសិន​បើ​វា​ត្រូវ​បាន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម។ លើស​ពី​នេះ​អ្នក​ដែល​បាន​ចែក​រំលែក​វា ឬ​បាន​ឃើញ​វា​ ពួក​គេ​នឹង​ទទួល​បាន​សារ​ដាស់​តឿន​ថា​នោះ​ជា​វីដេអូ ឬ​រូបភាព​ក្លែង​ក្លាយ។

Facebook បញ្ជាក់​ថា​ការ​ធ្វើ​បែប​នេះ ប្រសើរ​ជាង​ការ​លុប​​ចេញ​ទាំង​ស្រុង​ ដោយ​សារ​វីដេអូ​ក្លែង​ក្លាយ​អាច​នឹង​មាន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​ផ្សេង​ទៀត។ តាម​រយៈ​ការ​រក្សា​ទុក​វា និង​ដាក់​ការ​សម្គាល់​ថា​វា​ក្លែង​ក្លាយ នោះ​​​មហាជន​នឹង​ដឹង​កាន់​តែ​ច្បាស់​អំពី​វា៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី