ឡាន Toyota នេះមានរាងដូច Hummer តែកម្រមានអ្នកស្គាល់បំផុត

  • 2020-01-09 04:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Mega Cruiser បានបង្ហាញខ្លួនអស់រយៈពេល ២៥ឆ្នាំមកហើយ ប៉ុន្តែមិនសូវមានអ្នកស្គាល់ឡើយ ដោយត្រូវបានផលិតឡើងដើម្បីប្រជែងនឹង រថយន្ត Hummer H1។

Toyota បានផលិតរថយន្ត Mega Cruiser នេះតែ ១៥១គ្រឿងប៉ុណ្ណោះសម្រាប់ជនស៊ីវិល ហើយក្នុងនោះមានតែ ១២គ្រឿងគត់ ដែលប្រើចង្កូតឆ្វេង។ មិនខុសពី Hummer H1 រថយន្ត Toyota Mega Cruiser ត្រូវបានបង្កើតជារថយន្តអាចបើកបរលើគ្រប់ស្ថានភាពផ្លូវ ក្នុងគោលបំណងសម្រាប់បម្រើដល់កងទ័ព ហើយត្រូវបានដាក់លក់ផ្តាច់មុខតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។

ដោយឡែក Mega Cruiser សម្រាប់ជនស៊ីវិល ត្រូវបានផលិតដោយដៃ នៅចន្លោះឆ្នាំ ១៩៩៥ និង ២០០២ តែក្រោយមកត្រូវឈប់ផលិត ដោយសារតែតម្លៃពន្ធថ្លៃ និងមានរូបរាងធំខ្លាំង ក្នុងចំណោមហេតុផលជាច្រើនទៀត។ ជាការពិតណាស់ Mega Cruiser មានរូបរាងធំជាង Hummer H1 ទៅទៀត។

Mega Cruiser បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៤,១លីត្រ Turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំងត្រឹមតែ ១៥២សេះប៉ុណ្ណោះ ហើយប្រើប្រអប់លេខអូតូ ៤វគ្គ និងប្រព័ន្ធប៉ុងពីរ។ លក្ខណៈពិសេសមួយចំនួនទៀតលើរថយន្តមានដូចជា ប្រើប៉ុងដាច់, ប្រព័ន្ធបូមមុខ-ក្រោយដាច់ដោយឡែកពីគ្នា, អាចចាក់សោរប៉ុងបាន ៣បែប និងកាច់បង្កូតវិលកង់ក្រោយនៅល្បឿនយឺត ជាដើម។

គួរឲ្យដឹងថា រថយន្ត Toyota Mega Cruiser ដែលមានអាយុកាល ២៥ឆ្នាំនេះ ត្រូវបានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃរហូតដល់ទៅ ១០៩ ៩០០ដុល្លារឯណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង