ពលរដ្ឋអ៊ីរ៉ង់ផ្ទុះកំហឹងខ្លាំង ក្រោយបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរសម្លាប់ ១៨០នាក់

  • 2020-01-13 03:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​២​គ្រាប់ ​លើ​យន្ដហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយក្រែន ​ដោយសារ​តែ​ច្រឡំ​ថា​វា​ជា​យន្ដហោះ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ​មក​សងសឹក​ពួកគេ ក្រោយ​ការ​វាយ​ប្រហារ​បាញ់​មីស៊ីល​ស្រោច​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​២​កន្លែង​រួច​មក។

ក្រោយហេតុការណ៍​នេះ មេ​ដឹក​នាំ​អ៊ីរ៉ង់​បាន​ចេញ​មុខ​សុំទោស​ដោយ​ផ្ទាល់​សម្រាប់​ការ​បាញ់​ទម្លាក់​យន្ដហោះនេះ ប៉ុន្តែ​ពលរដ្ឋ​ជា​ច្រើន​នាក់​នាំ​គ្នា​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទូទាំង​ប្រទេស។ កាល​ពី​ចុង​សប្ដាហ៍​មុន ពួកគេ​បាន​នាំ​គ្នា​ដើរ​តាម​ផ្លូវ​តវ៉ា និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​សម្រាប់​ការ​សម្លាប់​មនុស្ស​ទាំង ១៨០​នាក់​នៅ​លើ​យន្ដហោះ។ បាតុករ​ទាំង​នោះ បាន​ធ្វើ​ការ​ទាមទារ​ឲ្យ​មេដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក Ayatolla Ali Khamenei ចុះ​ចេញ​ពី​តំណែង​ហើយ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់ ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ទៀត​ផង។ ឥឡូវ​នេះ ការ​តវ៉ា​បាន​ឈាន​ដល់​ទីក្រុង​ជា​ច្រើន​ទៀត​រួម​មាន Shirax, Esfahan, Hamedan និង Orumiyeh។

ជាមួយគ្នាដែរ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បង្ហោះ​ក្នុង Twitter បង្ហាញ​ការ​គាំ​ទ្រ​បាតុករ​ទាំងនោះ​ថា "រដ្ឋាភិបាល​របស់​លោក នឹង​បន្ដ​ឈរ​ជាមួយ​ពួកគេ។” លើស​ពី​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអ៊ែល​លោក Benjamin Netanyahu បាន​បញ្ចេញ​មតិ​គាំទ្រ​បាតុករ ហើយ​ស្នើ​ឲ្យ​រដ្ឋ​អំណាច​អ៊ឺរ៉ុប​ដាក់​សំពាធ​បន្ថែម​ទៀត​ដល់​របប​អ៊ីរ៉ង់​ផងដែរ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន