ម្តាយតារាចម្រៀង ពេជ្រ សូលិកា ត្រូវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឃាតកម្ម
- 2020-01-13 03:53:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តាយតារាចម្រៀង ពេជ្រ សូលិកា ត្រូវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឃាតកម្ម
ចន្លោះមិនឃើញ
កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ បាននាំខ្លួនជនសង្ស័យ ដែលគេស្គាល់ថា ជាម្តាយរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា បានសម្លាប់ស្ត្រីភេទទីបីម្នាក់ក្នុងបុរីវីឡាថោន យកទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់ ដោយសាររឿងប្រច័ណ្ឌ ពេលដឹងថាសពជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត។ ការនាំខ្លួននាំខ្លួនជនសង្ស័យនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រីអាយុ៤៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខL42A ផ្លូវលេខV16A ( បុរីវីឡាថោន) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យដែលត្រូវគេស្គាល់ថា ជាម្តាយរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា ហើយសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ និងករណីអំពើឃាតកម្ម ទៅលើស្ត្រីភេទទីបីម្នាក់ (ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា ) ។
ជនរងគ្រោះឈ្មោះ ងិន សុខលីភេទស្រីអាយុ ៥០ឆ្នាំជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់មានស្នាមចងដៃទាំងសងខាងបណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ។ សម្ភារៈបាត់បង់ ៖ចិញ្ចៀនពេជ្រចំនួន ២វង់ ( ១វង់មានដាំពេជ្រធំល្មមចំនួន ៣គ្រាប់ និង ១វង់ទៀតមានដាំពេជ្រតូចៗចំនួន ៣ជួរ )។
កាពីថ្ងៃទី១១ ខែមករាឆ្នាំ២០២០ វេលាម៉ោង១១ ជនរងគ្រោះឈ្មោះងិន សុខលី បានជិះម៉ូតូ ១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង (មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា)នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាចំណុចកើតហេតុ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយចំនួន ១៥០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើង ដូចមនុស្សស្រវឹងស្រាជោគជាំជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន ១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។
លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៖៤០នាទី ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារមករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។
បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី ឃើញមានស្នាមចងដៃទាំងសងខាងបណ្ដាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចយើងមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមតែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យព្រមឆ្លើយសារភាពថារូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន៕