ឈប់ពីសិល្បៈ Nicky Wu បែកគំនិតទៅបណ្ដាក់ទុនរាប់លានរកស៊ីខាងហ្គេមវិញ?
- 2020-01-13 05:12:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ពីសិល្បៈ Nicky Wu បែកគំនិតទៅបណ្ដាក់ទុនរាប់លានរកស៊ីខាងហ្គេមវិញ?
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា Nicky Wu តារាសម្ដែងដែលមានភាពល្បីល្បាញខ្ទរខ្ទារពេញអាស៊ី បានបណ្ដាក់ទុនលុយចំនួន ៨០លានដុល្លារតៃវ៉ាន់ (ខ្ទង់ ២ ៦៧៥ ៨០០ដុល្លារអាមេរិក) ទៅលើក្រុមហ៊ុនហ្គេមតៃវ៉ាន់មួយ ហើយថែមទាំងជិតចូលនិវត្តឆាប់ៗទៀត។
កាលពីថ្ងៃទី១០ ខែមករា បណ្ដាញផ្សព្វផ្សាយតៃវ៉ាន់ បានប្រទះឃើញ Nicky ចូលរួមក្នុងកម្មវិធីជប់លៀងមួយរបស់ក្រុមហ៊ុនហ្គេមតៃវ៉ាន់។ តែងខ្លួនពេលបង្ហាញខ្លួនពេលនោះ គឺបន្ថែមភាពស្រស់សង្ហាជាមួយនឹងវ៉ែនតាធំ និងម៉ូដសក់រួញៗបែបថ្មី។
ប្រភពដដែលបានឲ្យដឹងដែរថា Nicky បានស្គាល់គ្នាជាមួយនឹងក្រុមហ៊ុននោះ តាំងតែពួកគេបានផ្ដើមសហការជាមួយគ្នាកាលពីឆ្នាំ ២០១៣ មកម្ល៉េះតាមរយៈរឿង "The Bride With White Hair"។ ជាក់ស្ដែង ក្រុមហ៊ុននោះ តែងបញ្ចេញហ្គេមអនឡាញចាហូរហែ ផ្អែកតាមស៊េរីរឿងដែល Nicky សម្ដែង។
ជាមួយគ្នានោះផងដែរ ក៏មានការឲ្យដឹងដែរថា តារាប្រុសរូបនេះ បានបណ្ដាក់ទុនដល់ទៅជាង ២លានដុល្លារ រហូតក្លាយខ្លួនជាម្ចាស់ភាគហ៊ុនស្ថិតនៅកំពូលទាំង ១០។ ជាមួយគ្នានោះ ក្រុមហ៊ុននេះ ក៏ថែមទាំងបានប្រកាសថា Nicky គឺជា "ប្រធានទីប្រឹក្សាផ្នែកយុទ្ធសាស្ត្រ" ទៀតផង។
ប៉ុន្តែបើងាកទៅ អ្នកតំណាងរបស់ Nicky វិញបានប្រាប់ថា តារារបស់ខ្លួនពិតជាត្រូវបានគេអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយសមែនពេលនោះ ប៉ុន្តែពួកគេក៏មិនច្បាស់ដែរថា Nicky វិនិយោគជាមួយក្រុមហ៊ុន ឬយ៉ាងណាតែ តែអ្វីដែលពួកគេបញ្ជាក់ថាជាការពិតនោះគឺ លោកពិតជាអ្នកដែលមានចំណាប់អារម្មណ៍នឹងហ្គេមមែន៕