យុវជនខ្មែរមួយរូប ប្រកាស​រៀបចំ​កម្មវិធី​មហោស្រព​វប្បធម៌ជាតិ​ដ៏ធំ​ប្រចាំឆ្នាំ២០២០

  • 2020-01-14 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ កែវ សាស្រ្ដា ដែល​គេ​ចំណាំ​ឃើញ​រៀបចំ​កម្មវិធី​សិល្បៈ​វប្បធម៌​ជាតិ​ និង​កម្មវិធី​សប្បុរស​ធម៌​នា​ពេល​កន្លងមក​នោះ បាន​ប្រកាស​ថា​នឹង​រៀបចំ​កម្មវិធី​មហោស្រព​សិល្បៈ​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ ប្រចាំ​ឆ្នាំ​២០២០ នេះទៀត។

កែវ សាស្រ្ដា បាន​បញ្ជាក់ថា ជំហ៊ាន​ដំបូង លោក​នឹង​ជួប​ប្រជុំ​សុំ​មតិ​យោបល់ និង​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​ទីប្រឹក្សា​ក្រសួង​វប្បធម៌ រួមទាំង​ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ​ វីរៈ​សិល្បៈករ និង​សិល្បករ​ជា​ច្រើន​រូប​ ដើម្បី​ទទួល​បាន​មូលដ្ឋាន​កាន់​តែល្អ សម្រាប់​រៀបចំ​កម្មវិធីនេះ។

លោក កែវ សាស្រ្ដា ផ្ដល់បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នាពេល​កន្លងមក (រូបភាពផ្ដល់ឲ្យ)

លោក​បាន​លើក​ឡើង​ទៀតថា កម្មវិធីនេះ នឹង​ធ្វើ​ឡើង​ធំជាង​ឆ្នាំមុនៗ ពោល​គឺ​មាន​ទាំង​ទម្រង់​សិល្បៈ​បុរាណ និង​ប្រពៃណី ប្រមាណ​ជា ២០ទម្រង់ លើឆាក​តែមួយ។ អ្វីដែលពិសេស គឺ​លោក​នឹង​ព្យាយាម​ស្វែងរក​ទម្រង់​សិល្បៈ​ និង​សិល្បៈករ​ចាស់ៗ ដែល​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​បាត់បង់ មក​បង្ហាញ​នៅ​ក្នុង​កម្មវិធីនេះ។

លោក កែវ សាស្រ្ដា បាន​បន្ថែមថា៖ "ត្បិត​១ឆ្នាំ​ខ្ញុំ​មាន​លទ្ធភាព​ធ្វើ​កម្មវិធី​សិល្បៈ​ខ្នាត​ធំ​បែបនេះ​តែម្ដង តែ​វា​សក្តិសម​តាម​លទ្ធភាព និង​សមត្ថភាព​របស់​ខ្ញុំ និង​ក្រុម​ការងារ។ កន្លងមក ខ្ញុំបាន​ចូលរួម​បណ្ដុះ​បណ្ដាលយុវជន​ស្រលាញ់​វប្បធម៌ជាច្រើននាក់ តាមរយៈ​ការ​ចូលរួម​របស់​ពួកគេ ក្នុង​ការ​រៀបចំ​កម្មវិធី​ជាមួយ​ខ្ញុំ។ ពួកគេ​ត្រូវ​បាន​បណ្ដុះបណ្ដាល​ និងបង្វឹក​យ៉ាង​យកចិត្ត​ទុក​ដាក់​បំផុត ព្រោះ​ខ្ញុំ​តែងតែគិតថា ពួកគេ​អាច​រៀបចំ​កម្មវិធី​ធំៗ​បែប​នេះ​បាន​​បន្ត​ទៀត ដោយ​ខ្លួនឯង"។

សម្រាប់​កម្មវិធី​មហោស្រព​សិល្បៈ​វប្បធម៌​ខ្មែរ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ លោក កែវ សាស្រ្ដា ក៏​គ្រោង​ជ្រើសរើស​ក្រុម​ការងារ​ស្ម័គ្រ​ចិត្តផងដែរ ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​ដែល​ចង់​រៀនសូត្រ​ពី​ការ​រៀបចំ​កម្មវិធី​សិល្បៈ​ធំៗបែបនេះ។

សូមបញ្ជាក់ថា កម្មវិធីដែល​យុវជន​ខាងលើធ្លាប់​បានរៀបចំ និងចូលរួម​សហការរៀបចំ​នាពេលកន្លងមក មាន​ដូចជា ​បុណ្យ​រំលឹកគុណគ្រូ នៅ​សាលា​បឋមសិក្សា​បឹងត្របែក​ខាងត្បូង (ឆ្នាំ២០១៦) បុណ្យ​បេតិកភណ្ឌ (ឆ្នាំ២០១៦) បុណ្យរំលឹកគុណ​គ្រូ​ល្ខោនខោល (ឆ្នាំ២០១៧) បុណ្យល្ខោនខ្មែរ (ឆ្នាំ២០១៧) និងមហោស្រព​ចាប៉ី​ដងវែង កាលពីឆ្នាំ២០១៩ ថ្មីៗកន្លងទៅផងដែរ៕

រួបភាពផ្ដល់ឲ្យ

អត្ថបទពេញនិយម