ទៅ​ភ្លាម​បាន​ភ្លែត​ហ្មង! បាន មុនី​ល័ក្ខ ក្ដាប់​តំណែង​តួឯក ក្រោយ​ហក់​ចូល​ថោន

  • 2020-01-14 04:36:16
  • ចំនួនមតិ 2 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ


ក្រោយ​ទើប​នឹង​លេច​មុខ​ច្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​មិន​បាន​មួយ​ឆ្នាំ​ផង ពេល​នេះ តារា​ស្រី​មក​ពី​បាត់​ដំបង បាន មុនី​ល័ក្ខ សម្រេច​បាន​លទ្ធផល​ធំ ដោយ​ទទួល​បាន​តំណែង​តួឯក​ក្នុង​ភាព​យ​ន្ត​ភាគ​លើក​ដំ​បូ​ង​ក្នុង​អាជីព​សិល្បៈ​របស់​នាង។

មុនី​ល័ក្ខ បាន​ចាប់​ដៃ​គ្នា​ជាមួយ លោក ម៉ៅ ហា​ជី ធ្វើ​ជា​តួឯក​ប្រុស​ស្រី​ក្នុង​រឿង "ព្រហ្ម​លិខិត​ដុះ​ស្លាប" ដែល​ទើប​នឹង​បើក​ពិធី​ក្រុង​ពាលី​នា​ថ្ងៃ​ម្សិលមិញ​នេះ។ តំណែង​តួឯក​ខាង​លើ គឺ​ក្រោយពេល​ដែល​អ្នកនិពន្ធ និង​ដឹកនាំ​ផលិតភាព​យ​ន្ត​នេះ គឺលោក សោម ដូរ៉េ និង​លោក វ៉ាត់ លី​ម៉េង ​ប្រាប់​ថា នេះ​ជា​ភាព​យ​ន្ត​ភាគ​មួយ​ដែល​ប្លែក​ទាំង​សាច់រឿង និង​ការ​តុប​តែង​ខ្លួន ហើយ​ពួក​លោក​ពេញ​ចិត្ត តារា​មួយ​គូ​នេះ។

តារា​ប្រុស​ស្រី​មក​ពី​ខេត្ត​បាត់​ដំបង បញ្ជាក់​ថា នេះ​គឺ​ជា​បទ​ពិសោធន៍​ដូច​គ្នា​សម្រាប់​ពួក​គេ។ ដូច្នេះ​ហើយ ពួក​គេ​រីករាយ​នឹង​ការ​ទទួល​បាន​ឱកាស​នេះ​ណាស់ ហើយ​នឹង​ព្យាយាម​សម្ដែង​ឲ្យ​បាន​ល្អ​អស់​លទ្ធភាព ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ផង និង​ទុក​ជា​កាដូ​ដល់​អ្នក​គាំទ្រ​ផង។

តាម​អ្នកនិពន្ធ​ល្បី​ឈ្មោះ លោក សោម ដូ​រ៉េ បាន​បញ្ជាក់​ថា ភាព​យ​ន្ត​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​និពន្ធ​ជា​យូរ​មក​ហើយ​មុន​នឹង​យក​មក​ដាក់​ក្នុង​ការ​ផលិត​នា​ពេល​នេះ ក្នុង​នោះ​សាច់​រឿង​លោក​ធានា​ថា ប្លែក​ពី​ភាពយន្ត​នានា។ លោក​ថា "ព្រហ្ម​លិខិត​ដុះស្លាប" ប្រមូល​ផ្តុំ​ដោយ​សិល្បករ​ប្រុស​ស្រី​ល្បី​ឈ្មោះ អម​ដោយ​សាច់រឿង​ប្លែក​លាយ​ឡំ​កំប្លែង និង​ការ​តុប​តែង​ខ្លួន​បែប​ប្លែក អម​ដោយ​បច្ចេកទេស​ផលិត​ថ្មី លោក​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ពេញ​ចិត្ត​ច្រើន​ពី​ទ​ស្សនិក​ជន​។

លោក សោម ដូរ៉េ(រូប​អាវ​យឺត​ស)

ងាក​មក អ្នកដឹកនាំ​សម្ដែង លោក លី ម៉េង វិញ បាន​បញ្ជាក់​ថា ថោន​សម្រេច​វិនិយោគ​លើ​រឿង​មួយ​នេះ ដោយ​មាន​គោលដៅ​លើក​កម្ពស់​ភាព​យ​ន្ត​ក្នុង​ស្រុក ពោល​គឺ​បង្កើន​រសជាតិ​ថ្មី​ប្លែក​។ ដូច្នេះ​ហើយ ទើប​​ប្រមូល​តារា​សម្ដែង​តារា​ច​ម្រៀ​ង​ល្បី​ឈ្មោះ​ជា​ច្រើន។ លោក​ថា ​ភាព​យ​ន្ត​នេះ​នឹង​ត្រូវ​ចំ​ណាយ​ការផលិត​ប្រមាណ​២​ខែ ហើយ​ក៏​នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​បណ្ដើរ​ៗ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ដែល​លោក​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិក​ជន​។

លោក វ៉ាត់ លីម៉េង អ្នក​ដឹកនាំ​រឿង

ក្រៅពី​តា​រាច​ម្រៀង​ម៉ៅ ហា​ជី និង​បាន​មុនី​ល័ក្ខ ភាពយ​ន្ត​នេះ ​ក៏​មាន​ការ​​ចូលរួម​សម្តែង​ដោយ​តា​រាច​ម្រៀ​ង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជាច្រើន​ក្នុង​ផលិតកម្ម​នេះ មាន​ដូច​ជា អ្នកនាង ចេន សាយ​ចៃ អ្នកនាង កា​តុ លោក រ៉ូ​លីន លោក សៅ ឧត្តម អ្នកនាង ឆៃ លីដា​ឡែន លោក សា​វិន​ហ្វីលី​ប កញ្ញា ញឹម ចាន់ថន និង​សិល្បករ​ជាច្រើន​រូប​ទៀត​។

នេះ​គឺជា​ភាពយន្ត​ភាគ​ថ្មី​មួយ​បន្ថែម​ទៀ​ត​របស់​ទូរទស្សន៍ Town Full HD TV ដែល​ត្រូវ​បាន​ផលិត​បន្ទាប់ពី​ស្នាដៃ​បទ​ច​ម្រៀង ភាព​យ​ន្ត​កំប្លែង និង​ភាព​យ​ន្ត​ភា​គ​រឿង "រៃ​មាស” ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ច្រើន​ពី​ទស្សនិកជន៕

រូបថត៖ សហការី

អត្ថបទ៖ ទារិកា

អត្ថបទថ្មី