មកដឹងតម្លៃ និងចំណុចខ្លាំង ឡានអត់ប្រើសាំងដំបូងបង្អស់របស់ Lexus

  • 2020-01-16 03:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ UX 300e នៅក្នុងប្រទេសចិន កាលពី២ខែមុន ហើយពេលនេះក៏បានបង្ហាញពីលក្ខណៈពិសេសរបស់វាទៀតផង។

Lexus នឹងដាក់លក់ UX 300e នៅលើទីផ្សារអឺរ៉ុបនៅពាក់កណ្តាលឆ្នាំ២០២០។ រថយន្ត SUV ខ្នាតតូចនេះប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង ២០១សេះ និងអាគុយកម្លាំង ៥៤,៣គីឡូវ៉ាត់ម៉ោង អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

Lexus អះអាងថា រថយន្តអគ្គិសនីរបស់ខ្លួននឹងអាចបើកបរបានលើសពី ៣០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ដោយប្រើប្រាស់ដុំសាកកម្លាំង ៦,៦គីឡូវ៉ាត់ និងចំណាយពេល ៧ម៉ោង។ ដោយឡែក វាអាចសាកភ្លើងបានដល់ ៨០% ត្រឹម ៥០នាទីប៉ុណ្ណោះ បើប្រើដុំសាកកម្លាំង ៥០គីឡូវ៉ាត់។

Lexus UX 300e ប្រើគ្រោងឆ្អឹង GA-C ខណៈក្រុមហ៊ុនរថយន្តជប៉ុននេះអះអាងថា វាត្រូវបានផលិតសម្រាប់ការបើកបរដ៏ល្អឥតខ្ចោះលើដងផ្លូវ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានកាប៊ីនដ៏ស្ងាត់បំផុត បើប្រៀបនឹងគូប្រជែងដទៃទៀត។

រឹតតែពិសេស វានឹងបំពាក់ប្រព័ន្ធ Lexus Safety System+ មកស្តង់ដារតែម្តង។ ចំពោះតម្លៃវិញ គេរំពឹងថា UX 300e មានតម្លៃខ្ទង់ ៥២ ០០០ដុល្លារលើទីផ្សារបរទេស៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង