ក្រុមហ៊ុនបច្ចេកវិទ្យាមួយទៀត ចូលក្លឹបតម្លៃ ១លានលានដុល្លារ

  • 2020-01-17 06:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alphabet ដែល​ជា​ក្រុមហ៊ុន​​​មេ​របស់​ Google បាន​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បន្ទាប់​ដែល​មាន​តម្លៃ​លើ​ទីផ្សារ​ឡើង​ដល់​ជាង ១ លាន​លាន​ដុល្លារ (ទ្រីលានដុល្លារ) ​តាម​ពី​ក្រោយ​ Apple Amazon និង Microsoft។

ក្រុមហ៊ុន​អាច​សាង​បាន​សមិទ្ធផល​នេះ​រយៈពេល​ជាង​មួយ​ខែ​ ក្រោយ​ពី​ស្ថាបនិក​ Google គឺ​លោក Larry Page និង Sergey Brin ​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ និង​ប្រធាន​ក្រុមហ៊ុន​នៅ Alphabet។ កាល​ពី​ខែ​ធ្នូ លោក​ Page បាន​ផ្ទេរ​តំណែង​របស់​ខ្លួន​ទៅ​ឲ្យ​លោក Sundar Pichai ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Google ផង​និង Alphabet ផង។

ក្រុមហ៊ុន Alphabet មាន​គ្រប់​គ្រង​ជំនួញ​ជា​ច្រើន​ រួម​មាន​ Google, Sidewalk Labs (ផ្ដោត​លើ​បច្ចេកវិទ្យា​ទីក្រុង​វៃ​ឆ្លាត), DeepMind, Google Fiber និង Verily ហើយ​ក៏​មាន​កាន់​កាប់​ Nest និង Chronicle ផង​ដែរ។

CNBC បាន​​បញ្ជាក់​ថា​ Facebook អាច​ជា​ក្រុមហ៊ុន​បន្ទាប់​ដែល​ចូល​ជា​សមាជិក​ក្លឹប​តម្លៃ ១ ទ្រីលាន​ដុល្លារ​ ប៉ុន្តែ​អាច​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ ដើម្បី​ឡើង​ពី​តម្លៃ​​បច្ចុប្បន្ន ៦២០ ពាន់​លាន​ដុល្លារ៕​

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ សុខហេង