ពឹង Apple មិន​ជួយ ទី​បំផុត FBI បំបែក​កូដ​អេក្រង់ iPhone 11 Pro Max បាន​ជោគជ័យ​តាម​វិធី​ម្យ៉ាង

  • 2020-01-20 01:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​បដិសេធ​ជួយ​របស់ Apple ក្នុង​ការ​បំបែក​កូដ iPhone របស់​ឧក្រិដ្ឋជន​មួយ​រូប​នៅ​ករណី​ខុស​ច្បាប់​កើត​ឡើង​ក្នុង​រដ្ឋ Ohio សហរដ្ឋអាមេរិក ទី​បំផុត​ FBI បាន​ជោគជ័យ​លើ​ការ​បំបែក​កូដ​នោះ​ដោយ​ខ្លួន​ឯង​រួច​ជា​ស្រេច តាម​រយៈ​ការ​ប្រើប្រាស់​ប្រអប់ GrayKey។

ទូរសព្ទ iPhone 11 Pro Max នោះ​គឺ​ជា​របស់​ឧក្រិដ្ឋជន​ឈ្មោះ Baris Ali Koch ជាប់​ចោទ​ពី​បទ​ជួយ​បង​ប្រុស​របស់​ខ្លួន​ដែល​កំពុង​ជាប់​ទោស ឲ្យ​ភាស​ខ្លួន​ចេញ​ពី​ប្រទេស តាម​រយៈ ការ​ផ្តល់​ជូន​នូវ​ឯកសារ​ក្លែងក្លាយ​ទៅ​កាន់​ប៉ូលិស។ បច្ចុប្បន្ន Koch កំពុង​ស្ថិត​ក្រោម​ការ​សើបអង្កេត​និង​រង់ចាំ​ការ​កាត់ក្តី។

មេធាវី​ការពារ​ក្តី​របស់​ Koch បាន​និយាយ​ប្រាប់ Forbes ថា iPhone នោះ​មាន​ជាប់​កូដ​សម្ងាត់ ហើយ​នៅ​ដំណាក់​កាល​នេះ​កូដ​នោះ​មិន​អាច​ផ្តល់​មក​កាន់​អ្នក​អនុវត្ត​ច្បាប់​ទេ ហើយ​ក៏​មិន​អាច​បង្ខំ​ក្នុង​ការ​ចាប់​ជន​ជាប់​ចោទ​មក​ធ្វើ​ការ​ស្កេន​ផ្ទៃ​មុខ​ដើម្បី​ដោះ​សោរ​ចេញ​ដែរ។

ប៉ុន្តែ​ទី​បំផុត​ប្រអប់ GrayKey ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Grayshift អាច​ជួយ​បំបែក​រឿង​ក្តី​នេះ​បាន ដោយ FBI បាន​បំបែក​កូដ​ចូល​ឆែក​មើល​ឯកសារ​ពាក់ព័ន្ធ​ជាប់​ក្នុង​ទូរសព្ទ​របស់​ជន​ជាប់ចោទ​បាន​ដោយ​ជោគជ័យ។

ជុំវិញ​កំហុស​បច្ចេកទេស​ដែល​អនុញ្ញាត​ឲ្យ GrayKey អាច​ជ្រៀតជ្រែត​ចូល​បាន​នេះ​ក្រុមហ៊ុន Apple ក៏​ព្យាយាម​ដោះស្រាយ​យ៉ាង​សកម្ម​ផង​ដែរ ហើយ​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ កន្លង​ទៅ​ក៏​ GrayKey ធ្លាប់​បំបែក​កូដ iPhone បាន​មិន​ចេះ​តិច​គ្រឿង​រួចមកហើយ៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម