ក្រសួងប្រៃសណីយ៍និង Huawei ចុះ MOU ផ្ដល់​ឧបករណ៍និងបណ្តុះបណ្តាល​បច្ចេកវិទ្យា 5G

  • 2020-01-22 06:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថលេខា​ជា​មួយ ក្រុមហ៊ុន Huawei កម្ពុជា លើ​គម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT  និង​កម្មវិធី​បណ្ដុះ​បណ្ដាល​ស្តីពី​បច្ចេកវិទ្យា 5G កាល​ពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅ​ទីស្តីការនៃក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៃ​គម្រោង​ជំនួយ​នេះ ក្រោមអធិបតីភាព និងចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម ត្រាំ អ៊ីវតឹក​ រដ្ឋមន្ត្រី​នៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ថ្លែង​សុទ្ទរកថា​អបអរ​សាទរ​ដល់​ក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei ដែល​បានខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ថ្ងៃនេះកើតឡើង ហើយ​ក៏​បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Huawei សម្រាប់​គម្រោង​ជំនួយ​ដ៏​សប្បុរស​លើ​ឧបករណ៍ និងសេវាកម្មដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តម ក៏បានលើកឡើងផងដែរថា“ប្រទេសកម្ពុជាទទួលបាននូវកំណើនរឹងមាំ និង​មាន​ស្ថេរភាព​ក្នុង​រយៈពេល​ពីរទសវត្សចុងក្រោយនេះជាមួយនឹងការលេចចេញនូវសេដ្ឋកិច្ចឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម​ជំនាន់ទី៤ ប្រទេស​កម្ពុជា​ត្រូវ​តែ​ពន្លឿន​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​ទ្រទ្រង់​កំណើន​ដ៏ខ្ពស់ និងរឹងមាំជាមួយចក្ខុវិស័យយូរអង្វែង។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេដ្ឋកិច្ច​ឌីជី​ថល ក៏​ដូចជាត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ ដូច​បាន​បង្ហាញ​នៅ​ក្នុង​“យុទ្ធ​សាស្ត្រចតុកោណដំណាក់កាលទី៤” អាណត្តិទី ៦នេះ ។ ផលិតផល និង​សេវាកម្ម​ដែល​ប្រគល់​ជូន​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ថ្ងៃនេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជា​អតិបរមា​ប្រកបដោយប្រសិទ្ធភាព។ ហើយ​ក្រុមហ៊ុន Huawei សង្ឃឹម​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរីកចម្រើនកាន់តែខ្លាំងឡើងៗ ” ។

លោក Yao មានប្រសាសន៍ថា“ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ឈាន​មុខ​គេ​លើពិភព​លោក និង​ជាទំនួលខុសត្រូវសង្គមនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Huawei បាន​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដើម្បីជ្រោមជ្រែងដល់​យុទ្ធសាស្រ្ត “ឌីជីថលកម្ពុជា” និង​ចក្ខុ​វិស័យវែងឆ្ងាយសម្រាប់ការបណ្តុះបណ្តាលទេពកោសល្យឌីជីថល។

ផ្អែកលើកិច្ចព្រមព្រៀងពីមុនរវាងសម្តេចនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដោយ​ផ្តល់​សម្ភារបរិក្ខា និងសេវាកម្មសម្រាប់មជ្ឈមណ្ឌលទិន្នន័យខា្នតតូច  ប្រព័ន្ធវីដេអូនៃសន្និសីទ និង​កុំព្យូទ័រយួរដៃម៉ាក Huawei សម្រាប់ការិយាល័យរដ្ឋាភិបាលថ្នាក់កណ្តាល និងខេត្ត ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០២០នេះ ។

លោក Yao បានបន្ថែមថា “យើងអាចនិយាយបានថាឆ្នាំ២០២០ គឺ​ជា​ឆ្នាំ​ដ៏សំខាន់​នៃ​ដំណើរ​ការ​អភិវឌ្ឍ​ 5G របស់ប្រទេសកម្ពុជា ហើយយើងរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ។ ក្រុម​ហ៊ុន Huawei ​ បានត្រៀមខ្លួនផ្តល់ជូនក្រសួងនូវ​ការបណ្តុះបណ្តាលបច្ចេកវិទ្យា 5G ចំនួន ៣០កូ​តា សម្រប​សម្រួលទៅតាមតម្រូវការរបស់មន្រ្តីផ្នែកទូរគមនាគមន៍ ដើម្បី​ឱ្យ​ពួកគាត់​អាច​យល់​ដឹង​ពី​បច្ចេកវិទ្យា 5G និងកម្មវិធីចុងក្រោយបំផុតនៃបច្ចេកវិទ្យានេះ។ បើសម្លឹងមើលទៅអនាគត ថ្ងៃ​នេះ​គឺជា​ការ​ចាប់ផ្តើមថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុន Huawei កម្ពុជា​ដើម្បី​ធ្វើឱ្យប្រសើរឡើងផ្នែកឌីជីថលនីយកម្ម។

លោក Yao ប្រធានគ្រប់គ្រង គ្រុមហ៊ុន Huawei ប្រចាំកម្ពុជា

ក្រុមហ៊ុន Huawei នឹងបន្តចក្ខុវិស័យដើម្បីនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់​គេហដ្ឋាន និង​គ្រប់ស្ថាប័ន សម្រាប់ប្រទេសកម្ពុជាជាមួយនឹងការតភ្ជាប់ដ៏ពេញលេញ និងឆ្លាតវៃ។ ក្រុម ហ៊ុន ​នឹង​បន្ត​វិនិយោគលើប្រព័ន្ធ 5G, Broadband, Cloud, បញ្ញាសិប្បនិម្មិត(AI) និងឧបករណ៍វៃឆ្លាត ដើម្បី​ជួយ​អតិថិជនរបស់យើងឱ្យទទួលបាននូវ​​អត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែល​កំពុង​រីកចម្រើន​ទាំង​នេះ​ជាពិសេស​គឺ 5G ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់បំផុត ដើរ​តួនាទី​ជា​មូលដ្ឋានគ្រឹះស​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និងឌីជីថលនីយកម្មថ្នាក់ជាតិដ៏ឆ្លាតវៃ”។   ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនHuawei ចំពោះ​ការ​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​យ៉ាង​សកម្មភាព​ទាក់ទង នឹង​បច្ចេកវិទ្យាព័ត៌មានវិទ្យា​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដល់​ស្ថាប័នរដ្ឋាភិបាល​ដទៃ​ទៀត​នៅ​ក្នុងប្រទេសកម្ពុជា ដូចនេះហើយតាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុន Huawei នៅ​ពេល​នេះ​ពិត​ជាជួយកែលម្អផលប័ត្រដែលមានស្រាប់របស់យើងឱ្យកាន់តែល្អប្រសើរឡើង"។

លោកបានសង្កត់ធ្ងន់ថា “ការមាននូវបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT និង​សេវា​បណ្តាញ​នេះ​ផ្តល់​នូវ​គុណសម្បត្តិ​មួយ​ផ្នែកសម្រាប់សង្គមទូទៅ។ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ដែល​មាន​តម្លៃ​ថោក​ជាង​មុន បាន​ធ្វើ​ឱ្យ​យើង​អាច​មាន​លទ្ធភាពផ្គត់ផ្គង់​នូវ​សេវាកម្ម​អ៊ីនធឺណិត​ដល់​ប្រជាជន​របស់​យើង​បាន​កាន់​តែច្រើន។

ការនិយមប្រើប្រាស់សេវាអ៊ីនធឺណិតកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយ​យោង​តាម​និយតករ​ទូរគមនាគមន៍​កម្ពុជាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បាន​ប៉ាន់ស្មាន​ថា​អ្នក​ប្រើប្រាស់​ចំនួន ១៦,៧លាននាក់ មានលទ្ធភាពប្រើប្រាស់អ៊ិនធឺណិតតាមទូរស័ព្ទចល័ត ខណៈ​ពេល​ដែល​មាន​ប្រជាជន​ចំនួន​ត្រឹមតែ ២១៥ពាន់នាក់ប៉ុណ្ណោះ ដែលជាអ្នកប្រើប្រាស់អ៊ីនធឺណេតតាមផ្ទះ។

តាមរយៈការចាប់យកផលប្រយោជន៍ពីអ្នកប្រើប្រាស់អ៊ីនធឺណេតបច្ចុប្បន្នទាំងវិស័យរដ្ឋ និងឯកជន កំពុង​ផ្លាស់ប្តូរសេវាកម្មរបស់ពួកគេទៅជាសេវាកម្មតាមអ៊ីនធឺណេតដោយមានគោលដៅរួមមួយគឺ ដើម្បី​ផ្ដល់​នូវសេវាកម្មកាន់តែប្រសើរ កាន់តែរហ័ស ក៏ដូច​ជា​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​សម្រាប់​ប្រជាជន និងអតិថិជន៕

អត្ថបទ៖ ម៉េងងី