ក្រោយ​ចំណាយ​ពេល​អស់​៦៨​ប្រកួត​ទីបំផុត​ពាន​ Aquarius Cup​ បាន​លើ​ក្រុម​ ឱម៉ាល់​ FC

  • 2020-01-22 12:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​អស់​រយៈពេល​ ៤សប្ដាហ៍​ និង​ត្រូវ​ជា​៦៨​ប្រកួត​រួច​មក​ ក្រុម​បាល់​ទាត់​ ឱម៉ាល់​ FC​ ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ Aquarius Cup​ 2020​ អម​ដោយ​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២០​ មករា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​

រូបភាពផ្ដល់ជូន

ក្នុង​ពិធី​បិទ​បញ្ចប់​ពាន​រង្វាន់​ខាង​លើ​នេះ​ គឺ​បាន​ការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក​ នួន​ ផារ័ត្ន  អភិបាលរង ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ មាស វុត្ថា​ នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​​កូកាកូឡា​ ឯ​ទីលាន​ប្រកួត​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ កាល​ពី​ថ្ងៃ​ចន្ទ​នេះ។​

រូបភាពផ្ដល់ជូន

នា​ឱកាស​ប្រគល់​ពាន​រង្វាន់​នោះ​ដែរ​ លោក​ អភិបាលរង​រាជធានី​ភ្នំពេញ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ បន្ទាប់​ពី​ចប់​ពាន​រង្វាន់​នេះ​ទៅ​កីឡាករ​ទាំង​អស់​កុំ​ភ្លេច​បន្ត​លេង​កីឡា​ដើម្បី​សុខភាព​ ទន្ទឹង​និង​នេះ​ក៏​មិន​ត្រូវ​ភ្លេច​ឡើយ​ការ​សិក្សា​របស់​ខ្លួន។​ ចំណែក​លោក​ មាស វុត្ថា ប្រាប់​ដែរ​ថា​ «ពានរង្វាន់​បាល់ទាត់​អាឃ្វ័ររៀស ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​មួយ​របស់​ក្រុមហ៊ុន​ កូកា-កូឡា​ ដោយ​ឈរ​លើ​ចក្ខុវិស័យ​យូរ​អង្វែង​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា។​ ក៏​ជា​ការ​ជំរុញ​ឲ្យ​មាន​សុខុមាលភាព​សង្គម​ ព្រម​ទាំង​ផ្ដល់​ឱកាស​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​មិនមែន​អាជីព បាន​ចូលរួម​ប្រកួត​ដើម្បី​សុខភាព។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ Aquarius Cup​ 2020​ នេះ​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ២០១៩​ រហូត​ដល់​ ថ្ងៃ​ទី២០​ ខែ​មករា​ ២០២០។​ ចំពោះ​ក្រុម​ចូលរួម​សរុប​ទាំង​អស់​មាន​៣២​ ធ្វើ​ការ​ប្រកួត​នៅ​ឯ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ឥន្ទ្រ​ទេវី។​ ក្រុម​ជាប់​លេខ១​ គឺ​បាន​លើ​ក្រុម​ ឱម៉ាល់​ FC​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០​លាន​រៀល​ និង​សរុប​ប្រាក់​រង្វាន់​លើ​ជយលាភី​ផ្សេងៗ​ទាំង​អស់​មាន​ចំនួន​ ៤០​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម