សិល្បករ​ខ្មែរ បង្ហាញ​ចេតនា​ចូល​អន្តរាគមន៍​លើ​កង្វល់​ពលរដ្ឋ​ខ្មែរ​ប្រឈម​នឹង​ "ម៉ាស​" ឡើង​ថ្លៃ

  • 2020-01-28 03:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បការិនី​ខ្មែរ​២​រូប​បាន បង្ហាញ​ចេតនា ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ដោះ​ស្រាយ​ប្រឈម​នឹង​រឿង "ម៉ាស" ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក ដែល​ខ្លះ​មាន​តម្លៃ​ដល់​ទៅ ១៨ដុល្លារ​ក្នុង​១​ឯកតា ដោយ​ពួក​គេ​បញ្ជាក់​ថា នឹង​ទិញ​ម៉ាស​ឲ្យ​បាន​ច្រើន ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​វេលា​ប្រឈម​នេះ។

អ្នក​នាង សារីណា ភរិយា​លោក ស៊ុក សុភា បាន​​បញ្ចេញ​ឲ្យ​ដឹង​ថា អ្នក​នាង គ្រោង​នឹង​ទិញ​ម៉ាស​មួយ​ចំនួន​ធំ ដើម្បី​ចែក​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ ទប់​ទល់​នឹង​ការ​ក្រឡុក​ទីផ្សារ "ម៉ាស" របស់​ឈ្មួញ​ឆ្លៀត​ឱកាស​នេះ។ ដោយ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ម៉ាស​ដែល​គ្រោងចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​នេះ នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន អតីត​តារា​សម្ដែង​បញ្ជាក់​ថា នៅ​ពេល​នេះ អ្វី​ជា​បញ្ហា គឺ​នាង​​នៅ​មិន​ទាន់​ប្រមូល​បាន​ម៉ាស​សម្រាប់​ការ​បរិច្ឆាគ​នៅ​ឡើយ។

អ្នក​នាង​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា នាង​ចង់​កុម្មង់​ទិញ​ម៉ាក​ក្រោយ​ឃើញ​មាន​ព័ត៌មាន​ថា បុរស​ម្នាក់​ដាក់​លក់​ម៉ាក​បញ្ចុះ​តម្លៃ ប៉ុន្តែ​នាង​ភ្ជាប់​ទំនាក់ទំនង​មិន​បាន​សោះ​។ "ខ្ញុំ​ចង់​កុម្មង់​ម៉ាស​ជូន​បង​ប្អូន​យើង​ប្រើ​នៅ​ខ្មែរ ជា​ពិសេស​តាម​សាលា តែ​តាំង​ពី​ម្សិលមុិញ លេខ​ទាក់ទង​មិន​បាន​ទាល់​តែ​សោះ ហើយ​មាន​ប្អូន​ៗ​ខ្លះ​ថា​ទាក់​ទង​ទិញ​ក៏​មិន​បាន​ដូច​គ្នា"។

ងាក​មក​កញ្ញា រ៉ូស តារា​ស្រី ដែល​ទើប​រួច​ខ្លួន​ពី​ការ​រិះគន់​រឿង​សម្ដែង​សិចស៊ី​ជ្រុល​ពី​ខែ​មុន ក៏​បាន​បង្ហាញ​ចេតនា​ខាង​លើ​ដូច​គ្នា។ នៅ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ម្សិលមិញ​នេះ នាង​បាន​ប្រាប់​ថា នាង​នឹង​ទិញ​ម៉ាស ឲ្យ​បាន​ចំនួន ១០០០ ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ពិសេស​បង​ប្អូន​កម្មករ កម្មការិនី​រោង​ចក្រ​តែ​ម្ដង ដែល​នាង​យល់​ថា ពួក​គេ​អាច​នឹង​ប្រឈម​ខ្លាំង​នឹង​តម្រូវ​ការ​ម៉ាស​សម្រាប់​ប្រើ​ប្រាស់។

ចាត់​ជា​ភ័ព្វ​សំណាង​ដែរ ក្រោយ​ការ​ប្រកាស​របស់​នាង​តែ​ប៉ុន្មាន​ម៉ោង រ៉ូស បាន​ប្រាប់​ថា នាង​ទទួល​បាន​ម៉ាស​គ្រប់​ចំនួន​១០០០​ហើយ ដោយ​បាន​ពី​ការ​បរិច្ចាគ​របស់​លោក​ស្រី​ម្នាក់​ឈ្មោះ Srey Noch Mong ។ តារា​ស្រី បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ម៉ាស​គ្រប់​ចំនួន នាង​នឹង​ចុះ​ចែក​ដល់​បង​ប្អូន​កម្មករ កម្មការិនី​រោង​ចក្រ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ព្រឹក​នេះ តែ​ម្ដង។

មេរោគ​ផ្លូវ​ដង្ហើម​ថ្មី Coronavirus បាន និង​កំពុង​គំរាម​កំហែង​ពិភព​លោក បូក​រួម​ទាំង​កម្ពុជា ដោយ​ក្នុង​នោះ​ក្រៅ​ពី​ប្រឈម​ដោយ​ផ្ទាល់​នឹង​ជំងឺ​កាច​សាហាវ​ខាង​លើ ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក បាន និង​កំពុង​ប្រឈម​ជា​ដំបូង​ជាមួយ​នឹង​ការ​ឡើង​ថ្លៃ "ម៉ាស" ខ្ពស់​កប់​ពពក។ តាម​តម្លៃ "ម៉ាស" ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​តាំង​ពី​ថ្ងៃ​ម្សិលមិញ ក្នុង​នោះ​តម្លៃ​របស់​វា មាន​តម្លៃ​ដល់​ទៅ ១៨ ដុល្លារ​ក្នុង​១​ឯកតា ដែល​តួលេខ​នេះ វា​ហាក់​ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន។

រដ្ឋាភិបាល តាម​រយៈ​ក្រសួង​សុខាភិបាល បាន និង​កំពុង​ដុតដៃ​ដុត​ជើង​ប្រយុទ្ធ​ប្រឆាំង និង​ការពារ​ដោយ​ផ្ទាល់​ជាមួយ​នឹង​វីរុស​កាច​សាហាវ ដោយ​ការ​ដាក់​កម្លាំង​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​តាម​ច្រក​ទ្វារ​ចេញ​ចូល​អន្តរជាតិ​នានា បូក​រួម​នឹង​សារ​អប់រំ​ពី​ការ​ថែ​ទាំង បញ្ចៀស​ខ្លួន​ពី​ឆ្លង​វីរុស​នេះ​ផង។ យ៉ាង​ណា គេ​មិន​ទាន់​ឃើញ​មាន​ការ​អំពាវនាវ​ណា​មួយ​ពី​រដ្ឋាភិបាល សម្រួល​ដល់​ទិញ​លក់​ម៉ាស​នេះ​នៅ​ឡើយ​ទេ។

យ៉ាង​ណា ម៉ាស មិន​មែន​ជា​វិធានការណ៍​តែ​មួយ​គត់ ដើម្បី​បញ្ចៀស​ខ្លួន​ពី​ការ​ឆ្លង​រាលដាល​របស់ Coronavirus ១០០%​នោះ​ទេ។ តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ក្រៅ​ពី​ប្រើ​ប្រាស់ ម៉ាស់ ដែល​ពលរដ្ឋ​ទាំង​អស់​បាន និង​កំពុង​មាន​កង្វល់​នេះ ពួក​គេគប្បី​អនុវត្ត​តាម​វិធានការណ៍​ផ្សេង​ៗ​ទៀត​ដូច​ខាង​ក្រោម៖

ជំងឺ Coronavirus គឺ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា សាហាវ​ជាង​ជំងឺ សារ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដល់​ទៅ ១០​ដង។ ជំងឺ​នេះ បាន​កើត​ឡើង និង​រីករាល​ដាល​ពី​​ទីក្រុង Wuhan ប្រទេស​ចិន និង​បាន​រីករាលដាល​ដល់​ប្រទេស​ជាង ១០ ផ្សេង​ទៀត​លើ​ពិភព​លោក។

តារាង​បង្ហាញ​ពី​ករណី​ Coronavirus គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ

មក​ទល់​ថ្ងៃ​ទី ២៨ មករា ២០២០ នេះ​តុល្យការ​នៃ​អ្នក​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​នេះ គឺ​មាន​នៅ​ត្រឹម​តែ​ប្រទេស​ចិន​ក្នុង​តំបន់​សាយភាយ​ជំងឺ​ប៉ុណ្ណោះ។ តួលេខ​នៃ​ការ​ស្លាប់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​នេះ​ដដែល គឺ​មាន ១០៦នាក់ និង​មាន​អ្នក​ឆ្លង​ថ្មី​ជំងឺ​នេះ ១៣០០​បន្ថែម​ទៀត​លើ​តួលេខ​ចាស់​ពី​ម្សិលមិញ 2761នាក់៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី