ប្រើពេលយូរប៉ុណ្ណា ទើបអាចរកឃើញវ៉ាក់សាំងបង្ការវីរុសកូរ៉ូណា?
- 2020-01-28 05:04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើពេលយូរប៉ុណ្ណា ទើបអាចរកឃើញវ៉ាក់សាំងបង្ការវីរុសកូរ៉ូណា?
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវទូទាំងពិភពលោក បានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាដែលកំពុងរីករាលដាលខ្លាំង ដោយពួកគេកំពុងស្វែងរកវ៉ាក់សាំងមានប្រសិទ្ធភាព និងព្យាយាមរកឲ្យបានលឿនបំផុត។
ខណៈដែលមានការពិសោធន៍ដើម្បីវិភាគដឹងអំពីអត្តសញ្ញាណវីរុស នាពេលបច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំងបង្ការវីរុស ឬវិធីព្យាបាលអ្នកដែលមានផ្ទុកវីរុសនេះនៅឡើយទេ។
តើគេអាចបង្កើតវ៉ាក់សាំងបានទេ?
អ្នកជំនាញនិយាយថា វាអាចទៅរួចក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។ លើកនេះក្រុមអ្នកវិទ្យាសាស្ត្រហាក់ធ្វើការបានរហ័សជាងមុខ ដោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីការរាយការណ៍អំពីវីរុសនេះ អ្នកស្រាវជ្រាវនៅចិនអាចធ្វើការបញ្ចូលគ្នានូវហ្សេនកូដនៃវីរុស និងចែករំលែកវាជាមួយមន្ត្រីផ្នែកសុខភាពជុំវិញពិភពលោក។
អំឡុងការផ្ទុះជំងឺ SARS នៅឆ្នាំ ២០០៣ អ្នកវិទ្យាសាស្ត្រអាមេរិកត្រូវប្រើពេល ២០ ខែ ចាប់ពីការកំណត់អត្តសញ្ញាណហ្សេនកូដ រហូតដល់ការសាកល្បងវ៉ាក់សាំងជាលើកដំបូងលើមនុស្ស។ វិទ្យាស្ថានសុខភាពអាមេរិក NIH បានបង្កើតវ៉ាក់សាំង និងបានបញ្ជាក់អំពីប្រសិទ្ធភាពក្នុងការសាកល្បង ប៉ុន្តែវាមិនបានទៅឆ្ងាយជាងនេះនោះទេ ដោយសារពេលនេះការរីករាលដាលនៃជំងឺ SARS ត្រូវគេបង្ក្រាបបាន។
ពេលនេះអ្នកវិទ្យាសាស្ត្រនៅចិន អាមេរិក កាណាដា និងអូស្ត្រាលី កំពុងដុតដៃដុតជើងក្នុងការបង្កើត និងសាកល្បងវ៉ាក់សាំង ដើម្បីទប់ស្កាត់វីរុសថ្មីកូរ៉ូណាកុំឲ្យរីករាលដាលខ្លាំង។
នរណាកំពុងបង្កើតវ៉ាក់សាំង?
អង្គការមិនរកប្រាក់ចំណេញមួយដែលមានឈ្មោះកាត់ថា CEPI (Coalition for Epidemic Preparedness Innovations) ដែលបានជួយផ្ដល់ទុនក្នុងការបង្កើតវ៉ាក់សាំងថ្មី បានកំណត់គោលដៅថាបង្កើតវ៉ាក់សាំងសម្រាប់ឲ្យមនុស្សសាកល្បងបាន ក្នុងពេលត្រឹម ១៦ សប្ដាហ៍។ ដំណើរការនេះជាធម្មតាត្រូវប្រើពេលរាប់ឆ្នាំ។
CEPI បានចំណាយទឹកប្រាក់សរុប ១២,៥ លានដុល្លារ ទៅឲ្យក្រុមហ៊ុនចំនួនបី ដើម្បីចាប់ផ្ដើមបង្កើតវ៉ាក់សាំងបង្ការវីរុសកូរ៉ូណា។
អ្នកស្រាវជ្រាវកំពុងធ្វើការលើវ៉ាក់សាំងដែលពួកគេរៀបរាប់ថាជា "ការគាបបញ្ចូលម៉ូលេគុល" ដែលកន្លងមកធ្លាប់ទទួលបានលទ្ធផលល្អក្នុងមន្ទីរពិសោធន៍លើវីរុសដទៃដូចជា Ebola និងវីរុស MERS ផងដែរ។
ក្រុមហ៊ុនថ្នាំពេទ្យចំនួនពីរគឺ Inovio Pharmaceuticals និង Moderna Therapeutics ក៏ទទួលបានទឹកប្រាក់រាប់លានដុល្លារពី CEPI ដើម្បីត្រៀមនូវវ៉ាក់សាំងថ្មីនេះផងដែរ។
ទន្ទឹមនឹងនោះក៏មានសកលវិទ្យាល័យ, ក្រុមហ៊ុនថ្នាំពេទ្យ និងក្រុមហ៊ុនជីវៈបច្ចេកវិទ្យាជុំវិញពិភពលោក បានប្រកាសពីផែនការបង្កើតវ៉ាក់សាំងបង្ការវីរុសកូរ៉ូណាផងដែរ។
តើវានឹងប្រើពេលយូរប៉ុណ្ណា?
បើតាមការលើកឡើងរបស់លោក Anthony Fauci ដែលជាអ្នកចាត់ការនៃវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (ហៅកាត់ NIH) ដែលរូបលោកក៏មានក្រុមកំពុងបង្កើតវ៉ាក់សាំងនេះ បានប្រាប់ដល់ Washington Post ថា លោកមានភាពជឿជាក់ថាការពិសោធសុវត្ថិភាពលើខ្លួនមនុស្សអាចនឹងចាប់ផ្ដើមក្នុងពេល ៣ ខែទៀត។
រយៈពេល ៣ ខែ រាប់ចាប់ពីដំណើរការបញ្ចូលគ្នានូវហ្សេនកូដនៃវីរុស ដល់ការធ្វើតេស្តលើមនុស្ស នឹងជាការបង្កើតវ៉ាក់សាំងដ៏លឿនបំផុតមួយរបស់ NIH។
គិតត្រឹមព្រឹកថ្ងៃអង្គារទី ២៨ ខែមករានេះ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនដល់ ១០៦ នាក់ ហើយអ្នកឆ្លងបានកើនឡើងដល់ ៤ ៣០៦ នាក់៕