Apple សម្រេចបិទហាងលក់រាយមួយកន្លែងនៅចិន

  • 2020-01-29 02:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ Apple លោក Tim Cook បាន​និយាយ​នា​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន ​ក្រោយ​មាន​ផ្ទុះ​វីរុស​កូរ៉ូណា ហើយ​ក្រុមហ៊ុន​ថែម​ទាំង​បាន​បិទ​ហាង​លក់​រាយ​មួយ​កន្លែង​នៅ​ចិន និង​កាត់​បន្ថយ​ម៉ោង​ប្រតិបត្តិ​សម្រាប់​ហាង​លក់​រាយ​នៅ​ទីតាំង​ដទៃ​ផង​ដែរ។

ការ​ប្រកាស​នេះ​គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​ថា​វីរ៉ុស​កូរ៉ូណា​ គឺ​ប៉ះពាល់​ដល់​​សហគ្រាស​បច្ចេកវិទ្យា​ ​ក្នុង​ទីផ្សារ​សំខាន់ ទាំង​ការ​លក់​ និង​​ប្រតិបត្តិការ​ផលិត។ មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត រួម​មាន​ Facebook និង LG ក៏​រឹត​ត្បិត​បុគ្គលិក​​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ។

ការ​ប្រកាស​របស់​លោក Tim Cook ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​អំពី​ចំណូល​ប្រចាំ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩។ Apple និយាយ​ថា​ចំនួន​លក់​នៅ​ជុំវិញ​ទីក្រុង​​ Wuhan គឺ​មាន​ចំនួន​ទាប ហើយ​ការ​លក់​រាយ​​ទូទាំង​​ប្រទេស​ចិន​ក៏​មាន​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ។

បន្ថែម​ពី​នេះ Apple មាន​ផ្ដល់​នូវ​ឧបករណ៍​មើល​ថែ​ដល់​បុគ្គលិក​នៅ​តំបន់ Wuhan ដោយ​តែង​វាស់​កម្ដៅ​បុគ្គលិក​ជា​ទៀង​ទាត់​ដើម្បី​ស្វែង​រក​រោគ​សញ្ញា​ផ្ដាសាយ​ និង​ក្ដៅ​ខ្លួន​ ហើយ​លាង​សម្អាត​ហាង​លក់ និង​ការិយាល័យ​ជា​ញឹកញាប់​ផង​ដែរ៕​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង