សម្ដេចហ៊ុន សែន បញ្ជាក់មូលហេតុ ៥ ដែល​កម្ពុជា​ មិនចាំបាច់បិទជើងយន្តហោះមកពីចិន

  • 2020-01-30 07:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានជម្រាបជូនជាផ្លូវការអំពីការសម្រេចមិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជា ដោយមូលហេតុ ចំនួន ៥ ដូចខាងក្រោម៖

១. ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដែលបានធ្វើឲ្យ​កំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។

២. ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរ ទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា។

៣. មានសិស្ស និងនិស្សិតខ្មែរជាច្រើន ដែលទទួលបានអាហារូបករណ៍កំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន។

៤. មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជាដែលកំពុងបម្រើការទីផ្សារ។

៥. ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន កំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្ដេចហ៊ុន សែន ថ្លែងក្នុង​សន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ (រូបភាព៖ ទំព័រហ្វេសប៊ុកសម្ដេចហ៊ុន សែន)

សម្ដេច​តេជោ បញ្ជាក់ទៀតថា "ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្តក្នុងគ្រាមានអាសន្ន រីឯកម្ពស់​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ"។

សម្ដេច​នាយករដ្ឋមន្រ្ដី បន្ថែម​ថា "តាមព័ត៌មាន គឺជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានឆ្លងទៅប្រទេសមួយចំនួននៅជុំវិញប្រទេសយើង ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានឆ្លងដែរ។ បើយើងសម្រេចបិទជើងយន្តហោះពីចិន ក៏យើងត្រូវតែបិទជើងយន្តហោះមកពីប្រទេសផ្សេងៗទាំងអស់ ដើម្បីធានាកុំឲ្យ​មេរោគនេះចូលមកកម្ពុជាបាន។ ការធ្វើបែបនេះ គឺនឹងស្មេីនឹងកាត់ផ្តាច់កម្ពុជាខ្លួនឯង​ឲ្យ​នៅឯកា ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាក្រូសេដ្ឋកិច្ច គឺធ្វើបែបនេះអត់ត្រូវទេ"៕