ធ្មេច​បើក​ៗ Ronaldo ឈាន​ដល់​វ័យ​៣៥​ឆ្នាំ​បាត់ តែ​​មិនមែន​​ដល់​ទី​បញ្ចប់​នៃ​ការ​ប្រកួត​ប្រជែង

  • 2020-02-05 07:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ៥ ខែ កុម្ភៈ ត្រូវ​នឹង​ថ្ងៃ​នេះ​​គឺ​ជា​ថ្ងៃ​កំណើត​របស់​កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo ឈាន​ដល់​វ័យ​៣៥​ឆ្នាំ។

អ្នក​គាំទ្រ​របស់​តារា​សញ្ជាតិ​ព័រទុយហ្គាល់​​​ទូទាំង​ពិភពលោក​បាន​នាំ​​គ្នា​សរសេរ​សារ​ជូនពរ​ពាសពេញ​បណ្ដាញ​សង្គម​ធំ​ៗ ជាមួយ​នូវ​ក្ដី​សរសើរ​​លើ​អាជីព​បាល់ទាត់​របស់​គេ​ដែល​ធ្លាប់​បាន​​សាង។ យ៉ាងណា​ក៏​នៅ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បង្ហាញ​ពី​អារម្មណ៍​ភ័យ​ព្រួយ​បន្តិច​ដែរចំពោះ​វ័យ​របស់ Ronaldo ព្រោះ​ខ្លាច​គេ​​ធ្លាក់​ទម្រង់​ អាច​សម្រេច​ចូល​និវត្តន៍​នៅ​ពេល​ណា​មួយ ឬ​ចាកចេញ​ពី​​ទ្វីប​អឺរ៉ុប។

ជា​ការ​ពិត​ក្នុង​ពិភព​បាល់ទាត់​ កីឡាករ​មួយ​ចំនួន​ធំ​​ដែល​ឈាន​ដល់​វ័យ​ដូច​​​ខ្សែ​​ប្រយុទ្ធ​របស់ Juventus រូប​នេះ​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​​​លេង​នៅ​អាមេរិក ចិន ក្លឹប​មធ្យម​ណា​មួយ​​ឬ​ចូលនិវត្តន៍​តែ​ម្ដង មើល​តាម​សមត្ថភាព​ដែល​ខ្លួន​មាន។ បែប​នេះ​ក្ដី បើ​មើល​តាម​សមត្ថភាព​បច្ចុប្បន្ន​របស់ Ronaldo មិន​ទាន់​​ធ្លាក់​ខ្លាំង​នៅ​ឡើយ​ទេ ពោល​អាច​បន្ត​ដំណើរ​ប្រកួតប្រជែង​​ទៅ​មុខ​ទៀត​បាន​នៅ​អឺរ៉ុប។

ជាក់​ស្ដែង សព្វថ្ងៃ​គេ​កំពុង​​ឈរ​លេខ​ពីរ​ជា​​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Serie A មាន​១៩​គ្រាប់ ចាញ់​អ្នក​លេខ​មួយ Ciro Immobile ៦​គ្រាប់។ អតីត​កីឡាករ​របស់ United នេះ​ក៏​ជា​កីឡាករ​​ប្រយុទ្ធ​ស្នូល​សំខាន់​​ជួយ Juventus កំពុង​ឈរ​លេខ​១ លើ​តារាង​ពិន្ទុ Serie A រដូវ​កាល​នេះ។ គេ​ក៏​នៅ​មាន​ភារកិច្ច​ជួយ​ក្រុម​ប៉ះ Lyon នៅ​ពាក់​១៦​ក្រុម​ចុងក្រោយ​ផង​ដែរ​ពាន Champion League។

Ronaldo ជា​មនុស្ស​ពូកែ​ថែ​ខ្លួន​ មិន​ផឹក​ស្រា ជក់​បារី​ និង​តែង​ហាត់​បង្កើន​សមត្ថភាព​ជា​ប្រចាំ។ គេ​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថា ចង់​លេង​បាល់​រហូត​អាយុ​៤០​ឬ៤១​ឆ្នាំ។ រដូវ​កាល​នេះ​បើ​គេ​អាច​ជួយ​​សេះ​បង្កង់​​ឈាន​ដល់​គោល​ដៅ​ឈ្នះ​ពាន​ធំ​ៗ​នោះ​បេក្ខភាព​ប្រជែង​ពាន Player of the Year និង Ballon d'Or នៅ​តែ​មាន​ឈ្មោះ​គេ​ជា​និច្ច៕

​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ