មុខងារពិសេស ៧ ធ្វើឲ្យ Cadillac Escalade ឆ្នាំ២០២១ ស៊ីដាច់ SUV ដទៃ

  • 2020-02-06 03:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន General Motors (GM) បានបញ្ចេញរថយន្ត SUV ខ្នាតធំរបស់ខ្លួន Cadillac Escalade ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ព្រមទាំងបំពាក់បច្ចេកវិទ្យាកាន់តែទំនើប ប្រសើរជាងស៊េរីមុនដាច់តែម្តង។ មិនតែប៉ុណ្ណោះ វាបានបំពាក់បច្ចេកវិទ្យាពិសេសៗជាច្រើន ដែលធ្វើឲ្យវាអាចស៊ីដាច់ SUV ដទៃទៀតតែម្តង។

១) មុខងារផែនទី AR (Augmented Reality Navigation)

មុខងារនេះនឹងបង្ហាញនូវផ្លាកសញ្ញាឌីជីថលតាមផ្លូវ និងព្រួញនិម្មិត ដើម្បីបង្ហាញផ្លូវដែលត្រូវទៅ ប្រៀបបានដូចជាមានមនុស្សចាំចង្អុលប្រាប់ផ្លូវអីចឹង។

២) ប្រព័ន្ធសំឡេង AKG ដំបូងបង្អស់លើរថយន្ត

AKG គឺជាក្រុមហ៊ុនផលិតឧបករណ៍បំពងសំឡេងដ៏ល្បីរបស់អូទ្រីស ដែលស្ថិតក្រោមក្រុមហ៊ុន Harman និង Samsung។ រថយន្ត Cadillac Escalade បានបំពាក់ប្រព័ន្ធសំឡេង AKG នេះរហូតដល់ទៅ ៣៦គ្រាប់ឯណោះ។

៣) កាមេរ៉ាមើលពេលយប់ (Night Vision)

Escalade មិនមែនជារថយន្តដំបូងឡើយដែលបំពាក់មុខងារនេះ ប៉ុន្តែវាទើបតែត្រូវបានប្រើជាលើកដំបូងប៉ុណ្ណោះលើរថយន្ត Escalade។ នៅពេលបើកបរពេលយប់ (ទោះជាពេលមានភ្លៀងធ្លាក់ខ្លាំង និងចុះអ័ភ្ទខ្លាំងក៏ដោយ) វានឹងបង្ហាញរូបភាពស-ខ្មៅយ៉ាងច្បាស់លើអេក្រង់ ដើម្បីជួយឲ្យអ្នកបើកបរមើលឃើញកាន់តែងាយស្រួល។

៤) អេក្រង់កោងប្រភេទ OLED ទំហំ ៣៨អ៊ីង

វាបានបំពាក់អេក្រង់កោងប្រភេទ OLED ដំបូងបង្អស់ ទំហំ ៣៨អ៊ីង ជាមួយនឹងទំហំដង់ស៊ីតេបង្ហាញរូបភាព ២ដង នៃទូរទស្សន៍ 4K។ អេក្រង់ ៣៨អ៊ីងនោះ ត្រូវបានចែកជា ៣ផ្នែក ដោយក្នុងនោះរួមមាន អេក្រង់កុងទ័រទំហំ ១៤,២អ៊ីង , បង្ហាញព័ត៌មានផ្នែកកណ្តាលខាងលើ ១៦,៩អ៊ីង និង អេក្រង់បង្ហាញមុខងារផ្សេងៗ ទំហំ ៧,២អ៊ីង (នៅខាងឆ្វេងដៃ)។

៥) ប្រព័ន្ធកាមេរ៉ាមើលជុំវិញរថយន្ត ៣៦០ដឺក្រេ

ក្រៅមានប្រព័ន្ធផែនទី AR និង កាមេរ៉ាសម្រាប់មើលពេលយប់ វាក៏បានបំពាក់ប្រព័ន្ធកាមេរ៉ាសម្រាប់មើលជុំវិញរថយន្ត ៣៦០ដឺក្រេផងដែរ ដែលជួយឲ្យការបើកបរកាន់តែងាយស្រួល និងសុវត្ថិភាព។

៦) ទូរទស្សន៍សម្រាប់អ្នកដំណើរក្រោយ ទំហំ ១២,៦អ៊ីង

ជាការពិតណាស់ SUV ខ្នាតធំ ត្រូវតែមានបំពាក់ទូរទស្សន៍សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ។ បន្ថែមពីលើប្រព័ន្ធសំឡេង AKG ចំនួន ៣៦គ្រាប់ វាបានបំពាក់ទូរទស្សន៍ទំហំ ១២,៦អ៊ីងចំនួន ២ នៅផ្នែកខាងក្រោយ ដែលអាចបញ្ជា ឬចាក់អ្វីមួយបានដាច់ដោយឡែកពីគ្នា។

៧) មុខងារជំនួយការបើកបរ ដោយមិនបាច់កាន់ដៃចង្កូត Super Cruise

មុខងារ Super Cruise ជំនាន់ចុងក្រោយ ដែលបំពាក់លើរថយន្ត Escalade អនុញ្ញាតឲ្យអ្នកបើកបរ ដកដៃចេញពីដៃចង្កូត នៅលើផ្លូវហាយវេ ហើយវាអាចកាច់ចង្កូត និងផ្លាស់ប្តូរគន្លងផ្លូវបានដោយស្វ័យប្រវត្តិផងដែរ ដោយអ្នកបើកបរគ្រាន់តែកាច់ភ្លើងស៊ីញ៉ូប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ វាក៏អាចបន្ថែម និងបន្ថយល្បឿន អាស្រ័យលើចរាចរនៅខាងមុខទៀតផង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម