និស្សិត​ខ្មែរ​វ័យ​ក្មេង តស៊ូ​ប្រកួត​​រាប់​ខែ រហូតបានទៅ​កាន់​សិង្ហបុរី ហើយឈ្នះ​ប្រាក់​រាប់​ពាន់​ដុល្លារ​​​

  • 2020-02-07 09:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​អ្នក​ច្នៃ​ប្រឌិត​វ័យក្មេង Smart​Start រដូវ​កាល​ទី​៣​បាន​ជ្រើសរើស​ម្ចាស់​ជយលាភី សម្រាប់​រង្វាន់​ដំណើរ​ទស្សនកិច្ច​បច្ចេកវិទ្យា​ទៅ​ប្រទេស​សិង្ហបុរី នៅ Impact Hub Phnom Penh កាល​ពី​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ២០២០។

ក្រុម​និស្សិត​ជា​ច្រើន​ បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​កម្មវិធី​នេះ​ ហើយ​ខំ​​តស៊ូ​ប្រឹងប្រែង​អស់​​រយៈពេល​ ៦​ខែ​ទម្រាំ​រក​ឃើញ​​ជយលាភី​។ នៅ​​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​គណៈកម្មការ​វិនិច្ឆ័យ​ បានជ្រើសរើស​ក្រុម STYLE ជា​ម្ចាស់​ជយលាភី។ STYLE បាន​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ឱកាស​ផ្សេងៗ​ក្នុង​ការ​ជួល​អាវធំ រ៉ូប​ និង​ឈុត​សំលៀកបំពាក់​ប្រពៃណី​សម្រាប់​ពិធី​ពិសេសៗ របស់ពួក​គេ។

​ក្រុម​ជយលាភី​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​​​ដំណើរ​ទស្សនកិច្ច​បច្ចេកវិទ្យា​​នេះ។ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូចជា Facebook Google Microsoft និង​ LinkedIn នៅ​ប្រទេស​សិង្ហបុរី ។

កញ្ញា​ **សូ សម្ផស្ស​**ពី​ក្រុម Style បាន​ប្រាប់​ថា​ នាង​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង​ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន Smart និង Impact Hub Phnom Penh ដែល​ជា​ដៃ​គូរ​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​មក។

បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ខែ​មិថុនា ឆ្នាំ២០១៩មក ក្រុម​ឆ្នើម​ចំនួន ៥ក្រុម ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៥,០០០ ដុល្លារ​សហរដ្ឋអាមេរិក រួម​ជា​មួយ​នឹង​ឱកាស​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​អាជីវកម្ម​ដែល​មាន​រយៈពេល​៦​ខែ​ជា​មួយ Impact Hub Phnom Penh ដើម្បី​ជំរុញ​គំនិត​របស់​ពួកគេ និង​ពង្រីក​អាជីវកម្ម​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី​​បន្ថែម​ទៀត។

ក្រុម​ចំនួន ៤ ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​ផ្ដាច់​ព្រាត់​រួមមាន៖

១. RENTECH. ជា​កម្មវិធី​ជួយ​អ្នក​ប្រើប្រាស់​ជួល​កន្លែង​ស្នាក់​នៅ​ជា​ពិសេស​អ្នក​ដែល​មក​ពី​ខេត្ត​នានា​ដែល​មក​ទី​ក្រុង​ចម្បង​ៗ​សម្រាប់​ការសិក្សា​ថ្នាក់ឧត្ដម។

២ Sers Chborng. ជា​កម្មវិធី​ផ្ដល់​ការ​គាំទ្រ​ដល់​សិស្ស​ដែល​ចង់​ដាក់​​ពាក្យ​អាហារូបករណ៍ និង កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា និង ការ​ចូលរួម​ការ​ប្រកួតប្រជែង​ផ្សេងៗ។

៣  PhumCAKE ជា​កម្មវិធី​ផ្ដល់​ឲ្យ​អ្នក​គ្រប់គ្នា​រចនា​រូបរាង រសជាតិ និង ពណ៌​នំ​ខេក​សម្រាប់​ឱកាស​ពិសេស ផ្សេងៗ។​

៤. SpeakOut ជា​កម្មវិធី​ជួយ​អ្នក​ដែល​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​បាក់​ទឹកចិត្ត​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​អនាមិក ព័ត៌មាន​ការ​យល់ដឹង និង ភ្ជាប់​ពួកគេ​ជា​មួយ​ពេទ្យ​ចិត្តសាស្ត្រ​ដ៏​ជំនាញ។

នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ Smart ដើម្បី​លើក​កម្ពស់​សហគ្រិនភាព និង​ការ​ច្នៃប្រឌិត។ ពាក្យ​សុំ​សម្រាប់​វគ្គ​បន្ទាប់​នៃ​កម្មវិធី SmartStart នឹង​ចាប់​ផ្ដើម​នៅ​ខែ​មេសា ឆ្នាំ ២០២០ខាងមុខនេះ។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មី​ៗ​ពី​កម្មវិធី SmartStart,  សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់ «Smart​​ for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូល​ទៅកាន់​គេហទំព័រ https://www.smartedu.com.kh