ក្ដៅៗ! ចិនដកតំណែងមន្ត្រីជាន់ខ្ពស់ខេត្ត Hubei ច្រើននាក់ ក្រោយអ្នកស្លាប់កើនជាង ១ពាន់

  • 2020-02-11 06:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សម្រេច​ដក​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ក្នុង​ខេត្ត Hubei ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​បញ្ហា​ផ្ទុះ​វីរុស​ក្នុង​ខេត្ត​ដែល​បណ្ដាល​ឲ្យ​អ្នក​ស្លាប់​កើន​ឡើង​រហូត​ដល់ជាង ១​ពាន់​នាក់​ហើយ​បើ​គិត​មក​ទល់​ពេល​នេះ។ ​

យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន​ឲ្យ​ដឹង​ថា ប្រធានគណៈកម្មការ​សុខាភិបាល​ខេត្ត, រដ្ឋ​លេខាធិការ និង នាយករង​កាកបាទ​ក្រហម​ក្នុង​តំបន់ សុទ្ធ​តែ​ត្រូវ​បាន​ដក​តំណែង​ចេញ។ ប្រភព​ដដែល​បន្ដ​ថា ឥឡូវ​នេះ​មានការបណ្តេញចេញ, ការស៊ើបអង្កេត និងការព្រមាន​ជា​ច្រើន​នៅទូទាំង Hubei និងខេត្តដទៃទៀតក្នុងពេលផ្ទុះជំងឺនេះ។ ប៉ុន្តែ​ការ​ដក​តំណែង​នេះ មិន​មែន​មាន​ន័យ​ថា​ពួកគេ​ត្រូវ​បណ្ដេញ​ចេញ​ទាំង​ស្រុង​នោះ​ទេ ដោយ​គ្រាន់​តែ​ប្ដូរ​ឲ្យ​ទៅ​កាន់​មុខ​តំណែង​ផ្សេង។ យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល​ដែល​ត្រូវ​ដក​តំណែង មន្ត្រី​ទាំង​នោះ​អាច​ប្រឈម​នឹង​ការ​ពិន័យ​ពី​បក្ស​កុម្មុយនិស្ត​ចិន។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​នេះ អនុប្រធានការិយាល័យស្ថិតិទីក្រុង Wuhan ត្រូវ​បាន​បណ្ដេញ​ចេញ​ហើយ​ទទួល​ការ​ព្រមាន​ធ្ងន់ធ្ងរ​ពី​បក្ស​ទៀត​ផង។ ក្រោយ​មក​ទៀត ប្រធានគណៈកម្មការសុខាភិបាល​ទីក្រុង Huanggang ដែល​ជា​ទីក្រុង​រង​គ្រោះ​ខ្លាំង​ជាង​គេ​ទី ២​បន្ទាប់​ពី Wuhan ក៏​ត្រូវ​បាន​ដក​តំណែង​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន